
គ្រូបង្វឹកណាហ្គាខបប្រកួតជាមួយព្រែកប្រាមិនសំខាន់ទេ សំខាន់គឺប៉ះជាមួយភ្នំពេញក្រោន
ភ្នំពេញ៖ នៅរសៀលថ្ងៃសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០១១ ខាងមុខនេះ ក្រុមណាហ្គាខប ដែលឈរនៅលំដាប់លេខ២ បន្ទាប់ពីភ្នំពេញក្រោនត្រូវជួបប្រកួតជាមួយក្រុមព្រែកប្រាកីឡា ដែលឈរនៅលំដាប់លេខ១ ក្នុងវគ្គវិលជុំនៅលើទីលានពហុកីឡដ្ឋានជាតិអូឡាំពិក។
លោក ប្រាក់ សុវណ្ណរ៉ា គ្រូបង្វឹកក្រុមណាហ្គាខបបានមានប្រសាសន៍តាមទូរស័ព្ទប្រាប់នគរវត្ដកាលពីថ្ងៃទី៩ ខែមិថុនា ថា ការជួបគ្នាជាមួយក្រុមព្រែកប្រាកីឡា មិនមានអ្វីសំខាន់ណាស់ណាទេសម្រាប់ក្រុមខ្ញុំ ឱ្យតែប្រកួតបាន៣ពិន្ទុបន្ថែមទៀត គឺបានហើយ។
លោក សុវណ្ណារ៉ា បានបន្ដថា អ្វីដែលក្រុមឱ្យផ្ដោតជាសំខាន់នោះ គឺការប្រកួតប៉ះក្រុមភ្នំពេញក្រោន ពីព្រោះក្រុមនេះប្រកួតមិនដែលស្គាល់ពាក្យថាចាញ់ម្ដងណាឡើយ ហើយខ្ញុំនឹងប្រើយុទ្ធសាស្ដ្រថ្មីដើម្បីយកឈ្នះក្រុមភ្នំពេញក្រោនឱ្យទាល់តែបាន។
គ្រូបង្វឹករបស់ក្រុមណាហ្គាខបរូបនេះ បានបន្ថែមថា នេះជាទស្សនៈរបស់អ្នកមើលទេ ប៉ុន្ដែសម្រាប់ខ្លួនខ្ញុំ មិនគិតដូចនេះឡើយ។ ទោះបីជាក្រុមភ្នំពេញក្រោន បាត់បង់គ្រូបង្វឹកពិតមែនឈ្នះ ឬមិនឈ្នះឋិតនៅលើកីឡាករច្រើនជាង ព្រោះថាគ្រូបង្វឹកបានតែ២០ភាគរយ ប៉ុណ្ណោះចំណែកកីឡាករវិញគឺមានរហូតដល់ ៨០ភាគរយ។
គួរបញ្ជាក់ថា ក្រុមណាហ្គាខបបានប្រកួតឈ្នះ៥ប្រកួតស្មើ១ ប្រកួតចាញ់១ ប្រកួតស៊ុតចូលទីបាន៣៣គ្រាប់ ប្រកួតចុងក្រោយឈ្នះក្រុមគិរីវង់សុខសែនជ័យ ក្នុងលទ្ធផល២-៧ កាលពីថ្ងៃទី១ មិថុនា ឆ្នាំ២០១១ មាន១៦ពិន្ទុ។ ឯក្រុមព្រែកប្រាកីឡា ប្រកួតបាន៧ប្រកួត មិនដែលឈ្នះចាញ់៥ប្រកួត ស្នើ២ប្រកួត ស៊ុតចូលទីបាន៥គ្រាប់ មាន២ពិន្ទុ ប្រកួតចុងក្រោយស្មើជាមួយក្រុមឫទ្ធិសែន១-១ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១១ មាន ២ពិន្ទុ។
នៅក្នុងការប្រកួតដណ្ដើមពានរង្វាន់មិត្ដហ្វូនខេមបូឌានលីកឆ្នាំ២០១១ ថ្ងៃ សៅរ៍នេះ ក៏មានក្រុមព្រះខ័នរាជ្យឈរនៅលំដាប់លេខ៥មាន៩ពិន្ទុ ត្រូវមកប្រកួតជាមួយក្រុមឫទ្ធិសែនដែលឈរនៅលំដាប់លេខ១០ចុងក្រោយគេមាន២ពិន្ទុ៕
