
Wozniacki ឈ្នះជើងឯកលើកទី៥ នៅប្រទេសកំណើតរបស់ខ្លួន
ដោយ ៖ ភារៈ ថ្ងៃទី 13 មិថុនា 2011ម៉ោង 16:26:40
កីឡាការិនីលំដាប់លេខ១របស់ពិភពលោក Caroline Wozniacki បានឈ្នះជើងឯកជាលើកទី៥របស់នាងក្នុងឆ្នាំនេះ បន្ទាប់ពីឈ្នះប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅក្នុងកម្មវិធី Copenhagen Open នៅប្រទេសដាណឺម៉ាកដែលជាស្រុកកំណើតរបស់នាង ។
កីឡាការិនីវ័យ២០ឆ្នាំរូបនេះបានបំបាក់នាង Lucie Safarova លំដាប់លេខ៤របស់ឆេកដោយលទ្ធផល 6-1, 6-4 ក្នុងរយៈពេល១ម៉ោងនិង៨នាទី។ នាង Wozniacki មិនបានបន្ធូរដៃមួយសិតឡើយដោយសារតែនាងត្រូវការសងសឹកការបរាជ័យរបស់នាងកាលពីឆ្នាំមុននៅក្នុងទីក្រុង Stuttgart ប្រទេសអាល្លឺម៉ង់ ។
នាង Wozniacki បាននិយាយប្រាប់ អ្នកសារព័ត៌មានថា “អបអរសារទដល់នាង Lucie ដែលបានលេងល្អពេញមួយសបា្ដហ៍ ហើយបានឈានមកដល់វគ្គចុងក្រោយផងដែរ ។ ខ្ញុំសូមជូនពរនាងឱ្យ លេងបានល្អទៀតនៅក្នុងទីក្រុង East-bourne ហើយខ្ញុំសង្ឃឹមថា យើងទាំងពីរនាក់អាចលេងបានល្អនៅក្នុងកម្មវិធី Wimbledon ទៀត”។
ចំណែកនាង Safarova ក៏បានថ្លែង ប្រាប់អ្នកសារព័ត៌មានថា “ខ្ញុំខកចិត្ដ ចំពោះបរាជ័យនេះ ។ នេះជាសបា្ដហ៍ដ៏ល្អបំផុតសម្រាប់រូបខ្ញុំហើយនឹងវិលត្រលប់មកកាន់ទីនេះម្ដងទៀតនៅឆ្នាំក្រោយ ។ អបអរសារទរចំពោះនាង Caroline ដែលលេងបានល្អឥតខ្ចោះហើយបានឈ្នះ ជើងឯកនៅក្នុងទឹកដីរបស់ខ្លួនទៀត ។ ខ្ញុំសូមជូនពរនាងឱ្យទទួលជ័យជំនះគ្រប់បែបយ៉ាង”។
កីឡាការិនីវ័យ២៤ឆ្នាំ Safarova ក៏នឹងស្ថិតជាមួយកីឡាការិនីទាំង៣២រូបចូលរួមប្រកួតនៅក្នុងប្រទេសអង់គ្លេស នាសបា្ដហ៏ក្រោយដែលដឹកនាំដោយកីឡាករលំដាប់លេខ៣ Vera Zvonareva ម្ចាស់ជើងឯកបារាំង Open នាង Li Na និងកីឡាការិនីរបស់អ៊ីតាលី Francesca Schiavone ។ ចំណែកបងប្អូនត្រកូល Williams គឺកីឡាការិនី Serena និង Venus ក៏ទន្ទឹងរង់ចាំការចូលរួមប្រកួតវិញដែរ បន្ទាប់ពីជាសះស្បើយពីរបួស៕
