
តារាភាពយន្ដជើងចាស់របស់ចិន Chow Yun Fat ថតខ្សែភាពយន្ដថ្មី
ដោយ ៖ ភារៈ ថ្ងៃទី 14 មិថុនា 2011ម៉ោង 13:52:31
តារាភាពយន្ដលំដាប់ពិភពលោក Chow Yun Fat ត្រូវគេទទួលស្គាល់ថា ជាតារាដែលទទួលបានប្រជាប្រិយភាពមិនចេះរីងស្ងួត ដោយសារតែគាត់ជាមនុស្សមានសន្ដានចិត្ដរួសរាយរាក់ទាក់ និងជាមនុស្សសាមញ្ញនិងមានអធ្យាស្រ័យល្អ។ ក្រៅពីជាតារាគាត់ត្រូវបានគេទទួលស្គាល់ថាជាបុរសសុភាពរាបសាចេះដាក់ខ្លួនមិនដំឡើងឫទ្ធិ និងតែងគោរពពេលវេលា និងមិត្ដរួមការងារ។
នៅក្នុងការចាប់ផ្ដើមថតខ្សែភាពយន្ដ ដែលមានចំណងជើងថា “Beginning of the Great Revival” ហ្វាត បានសហការគ្នាល្អឥតខ្ចោះជាមួយសហការី ផលិតខ្សែភាពយន្ដ ហើយគាត់តែងធ្វើឱ្យបរិយាកាសការងារស្ថិតក្នុងភាពសប្បាយរីករាយ ឮសំឡេងសើចក្អាកក្អាយជានិច្ច ដោយសារគាត់ជាមនុស្សកំប្លុកកំប្លែង។ ប៉ុន្ដែទោះបីជាយ៉ាងណា អ្នកដឹកនាំរឿងលោក Huang Jinxin មិនបានសរសើរ Fat Gor ទេ ដោយសារគេមិនបានគោរពច្បាប់ការងារឱ្យបានគ្រប់គ្រាន់។ គាត់បានរំលឹកដល់ពេលវេលានៃការខកខានថតដោយសារជាប់នៅក្នុងរថយន្ដព្រោះមានភ្លៀង និងព្រិលធ្លាក់ច្រើនពេក។
ខណៈនោះដោយសារខ្លាចប៉ះពាល់ដល់ការថតលោក និងតារាម្នាក់ទៀត គឺលោក Zhao Ben Shan បានសម្រេចចិត្ដចុះពីលើរថយន្ដ ដោយសុខចិត្ដដើរទាំងហាលភ្លៀង ក្រោមព្រិលធ្លាក់ទៅកាន់ស្ទូឌីយោ ទោះជាអាកាសធាតុអាក្រក់យ៉ាងណាក៏ដោយ។ ប៉ុន្ដែសំណាងអាក្រក់ពេលទៅដល់ស្ទូឌីយោ ប្រពន្ធរបស់ Fat Gor នាង Jasmine ដែលនៅជាមួយគាត់បានកើតអាការៈធ្លាក់ខ្លួនឈឺមួយរំពេច។ ក្រោយមក Fat Gor បានសរសើរ និងសម្ដែងការអរគុណយ៉ាងខ្លាំងដល់សហការីថតដែលបានជួយថែទាំប្រពន្ធគាត់។ ថ្ងៃនោះប្រសិនបើគ្មានខ្ញុំអ្វីៗត្រូវចប់សព្វគ្រប់។ ទង្វើល្អៗរបស់ពួកគេធ្វើឱ្យខ្ញុំភ្លេចមិនបានឡើយ៕
