
ជប៉ុនខាតបង់ទឹកប្រាក់រហូតដល់២១០ពាន់លានដុល្លារ ដោយសារគ្រោះមហន្ដរាយ
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 25 មិថុនា 2011ម៉ោង 08:41:50
តាមតួលេខថ្មីបំផុតរបស់រដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា ការខាតបង់សេដ្ឋកិច្ច បណ្ដាលមកពីគ្រោះមហន្ដរាយធម្មជាតិ រញ្ជួយដីរលកយក្សស៊ូណាមិកាលពីថ្ងៃទី ១១ មីនា គិតជាទឹកប្រាក់មានរហូតដល់ ២១០ពាន់លានដុល្លារ ទាំងនោះមិនគិតដល់ទឹកប្រាក់នៃការខូចខាតបណ្ដាលមក ពីរោងចក្រអគ្គិសនីបរមាណូហ្វូគូស៊ីម៉ា នោះទេ។
ដើម្បីទទួលបានតួលេខខាងលើ រដ្ឋាភិបាលជប៉ុនបានបើកការស្រាវជ្រាវគ្រប់ជាន់ថ្នាក់ ទាំងមន្ដ្រីរាជការ ទាំងពលរដ្ឋនៅតំបន់ដែលរងផលប៉ះពាល់ធ្ងន់បំផុតដោយសារគ្រោះមហន្ដរាយ ធម្មជាតិនោះ។ តាមការប៉ាន់ប្រមាណការខាតបង់សេដ្ឋកិច្ចកើនឡើងរហូត ដល់១,៨ដងប្រៀបធៀបនឹងការខូចខាតដោយរញ្ជួយដីនៅទីក្រុងគូប៊ីកាលពីឆ្នាំ ១៩៩៥ ដែលពេលនោះមានការខាតបង់តែ១១៩,២ពាន់លានដុល្លារប៉ុណ្ណោះ។
ការខូចខាតទៅលើការដ្ឋានសាងសង់ រួមមានទាំងផ្ទះសម្បែង រោងចក្រឧស្សាហកម្មធំៗមានទឹកប្រាក់រហូតដល់១២៩ ពាន់លានដុល្លារ បន្ទាប់មក គឺការខូចខាតលើប្រព័ន្ធធារាសាស្ដ្រ ផ្លូវថ្នល់ អាកាសយានដ្ឋានមាន២៧,៣ពាន់លានដុល្លារ។ បន្ទាប់មកទៀត គឺហេដ្ឋារចនាសម្ព័ន្ធនៅលើវិស័យកសិកម្មមានទឹកប្រាក់២៣,៥ពាន់លានដុល្លារ។
ការខូចខាតពីតម្រូវការចាំបាច់ដូច ជាប្រព័ន្ធទឹក ឧស្ម័នទឹក អគ្គិសនីមាន១៦,១ពាន់លានដុល្លារ។ ការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដូចជាសាលារៀន មន្ទីរពេទ្យមានទឹកប្រាក់១៣,៦ពាន់លានដុល្លារ។
រដ្ឋាភិបាលជប៉ុនចាត់ទុកថា ការខូចខាតដោយរញ្ជួយដីរលកយក្សស៊ូណាមិ ថ្ងៃ១១ មីនា នឹងមានទំហំធំធេងជាងនេះទៅទៀត។ បើគិតទាំងការខូចខាត និងផលប៉ះពាល់បណ្ដាលមកពីការបែកធ្លាយសារធាតុវិទ្យុសកម្ម និងមានទឹកប្រាក់រាប់រយពាន់លានដុល្លារបន្ថែមទៀត៕
