
ខ្សែភាពយន្ដចិនស្ដីពីការសម្លាប់រង្គាលនឹងបញ្ចាំងនៅប្រទេសជប៉ុន
ដោយ ៖ ភារៈ ថ្ងៃទី 27 មិថុនា 2011ម៉ោង 13:27:14
ខ្សែភាពយន្ដបែបបុរាណចិនដែលមានចំណងជើងថា “វីរបុរសណានជីង” (Nanjing Heros) របស់ចាងហ្វាងផលិតកម្មដ៏ល្បីល្បាញលោក Zhang Yimou ដែលរៀបរាប់អំឡុងពេលឈ្លានពានរបស់ជប៉ុនមកលើចិននោះនឹង បញ្ចាំងនៅក្នុងប្រទេសជប៉ុន។
បណ្ដាញផ្សព្វផ្សាយ Sohu.com បានដកស្រង់ប្រសាសន៍របស់ផលិតករភាពយន្ដដ៏ល្បីល្បាញ លោក Zhang Weiping ឱ្យដឹងថា ខ្សែភាពយន្ដ “វីរបុរសណានជីង” នេះបានរកឃើញក្រុមហ៊ុនចែកផ្សាយនៅក្នុងប្រទេសជប៉ុន រួចហើយទោះបីជាគាត់មិនទាន់បញ្ជាក់ពីឈ្មោះក្រុមហ៊ុនចែកផ្សាយនោះ និងកាលបរិច្ឆេទច្បាស់លាស់នៃការដាក់បញ្ចាំងក៏ដោយ។ លោក Zhang បន្ថែមទៀតថា ខ្សែភាពយន្ដនេះបានផលិតឡើងក្រោមការចូលរួមពីក្រុមជំនាញដែលមានគំនិតច្នៃប្រឌិតខ្ពស់រួមទាំងសិល្ប ករល្បីៗរបស់ជប៉ុនផងដែរ ដូចជាផលិតករ Yohei Taneda ជាដើម។
ខ្សែភាពយន្ដ “វីរបុរសណានជីង” រៀបរាប់អំពីមនុស្សមួយក្រុមដែលមានជម្រើសសម្រាប់ជីវិតរបស់ពួកគេនៅក្នុងពេលប្រឈមមុខនឹងការសម្លាប់រង្គាលក្នុងឆ្នាំ១៩៣៧។ តួឯកសំខាន់ៗ នៅក្នុងខ្សែភាពយន្ដបែបបុរាណចិននេះ រួមមានបព្វជិតអាមេរិកដែលធ្វើការនៅក្នុងទីក្រុងណានជីង, ស្រីពេស្យា១៣នាក់ និងក្រុមទាហានចិនរងរបួសមួយក្រុមផងដែរ។
ប្រភពដដែលបានឱ្យដឹងថា តារាភាពយន្ដល្បីល្បាញរបស់ហូលីវូដ លោក Christian ពាលសេម្ដែងជាតួបព្វជិត អាមេរិករូបនោះ ខណៈតារាសម្ដែងស្រីចិនមួយចំនួនសម្ដែងជាស្រីពេស្យានៅក្នុងសាច់រឿងនោះ។ ឈុតធ្វើសង្គ្រាមនានានៅក្នុងខ្សែភាពយន្ដនេះផ្ដោតសំខាន់ទៅលើផលប៉ះពាល់មួយចំនួនអំឡុងពេលជប៉ុនធ្វើអាណានិគមលើចិននោះ។
ថ្មីៗនេះ ក្រុមការងារផលិតខ្សែភាពយន្ដទើបតែបានបញ្ចប់ការថតឈុតចុងក្រោយរបស់ខ្លួន ហើយនឹងដាក់បញ្ចាំងនៅថ្ងៃទី១៦ ខែធ្នូឆ្នាំនេះ៕
