
មន្ដ្រីសាខាកាំកុងត្រូលសហការនឹងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដុតកម្ទេចតំណាប់ដូងនាំពីវៀតណាម
ដោយ ៖ ទឹកថ្លា ថ្ងៃទី 02 កក្កដា 2011ម៉ោង 08:56:50
ខេត្ដបន្ទាយមានជ័យ ៖ មន្ដ្រីសាខាកាំកុងត្រូលសហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានធ្វើការដុតកម្ទេចចោលនូវទំនិញខូចគុណភាពដែលបានត្រួតពិនិត្យនិងដកហូតកាលពីពេលកន្លងមក ។ ការដុតកម្ទេចនេះបានធ្វើឡើង កាលពីវេលារសៀលថ្ងៃទី១ កក្កដា ២០១១ នៅចំនុណទីលានចាក់សំរាមស្ថិតក្នុងភូមិ ពង្រ សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ខេត្ដបន្ទាយមានជ័យ ។
លោក ចាប សុផារិទ្ធ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្ដបានឱ្យដឹងថា ក្រោមការសុំសហការពីមន្ដ្រីកាំកុងត្រូលកំលាំងនគរបាលសេដ្ឋកិច្ចបានធ្វើការឃាត់ចាប់រថយន្ដ១គ្រឿងម៉ាក Rhino កាលពីថ្ងៃទី៣ មីនា ២០១១ ដែលមានផ្ទុកដំណាប់ដូង នាំចូលពីប្រទេសវៀតណាមនៅចំណុច ភ្លើងស្ដុបផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិ សូភី សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ខេត្ដបន្ទាយមានជ័យ បញ្ជូនឱ្យមន្ដ្រីជំនាញ សាខាកាំកុងត្រូលដើម្បីពិនិត្យនូវគុណភាព។
ជាមួយនោះលោក សានវិជ្ជា សារ៉ា វុទ្ធ អនុប្រធានសាខាកាំកុងត្រូលខេត្ដបន្ទាយមានជ័យក៏បានឱ្យដឹងថា ទំនិញដែលត្រូវធ្វើការដុតបំផ្លាញនាពេលនេះ គឺជាទំនិញដែលបានដកហូតពីការចាប់ឃាត់រថយន្ដម៉ាក Rhino ពណ៌ស-ខៀវ ចង្កូតឆ្វេងស្លាកលេខកំពង់ចាម 3A-1613 របស់ឈ្មោះ យូ ម៉ៅ ពីពេលកន្លងមក។ ចំពោះទំនិញនោះផងដែរគឺជាដំណាប់ដូងម៉ាកញឺប៊ិញ ចំនួន២០០ កាតុងស្មើនឹង៨០.០០០កញ្ចប់ មានទម្ងន់៣.២០០គីឡូក្រាមនាំចូលពីប្រទេស វៀតណាម ។
លោកបន្ដថា ដំណាប់ដូងនេះគឺមានការនាំចូលពីប្រទេសវៀតណាមការផលិតខុសបទដ្ឋានបច្ចេកទេសគ្មានកាលបរិច្ឆេទផលិតកាលបរិច្ឆេទប្រើប្រាស់ ប៉ុន្ដែបើតាមការពិនិត្យពីគុណភាពពីសំណាក់ មន្ដ្រីជំនាញកាំកុងត្រូលឃើញថា មានគុណភាពល្អហើយទំនងជាទើបនឹងផលិត។ ដោយការដកហូតប្រព្រឹត្ដទៅមានរយៈពេលយូរការទុកដាក់មិនបានទៅតាមស្ដង់ដារ បានធ្វើឱ្យគុណភាពដំណាប់ដូង នេះធ្លាក់ចុះទើបមន្ដ្រីជំនាញកាំកុងត្រូលបានការអនុញ្ញាតពីប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកនាយកដ្ឋានកាំកុងត្រូល សម្រេចឱ្យធ្វើការដុតកំទេចចោល។
លោក សានវិជ្ជា សារ៉ាវុទ្ធ ក៏បានបញ្ជាក់ផងដែរថា សព្វថ្ងៃកំលាំងជំនាញកាំកុងត្រូលសហការជាមួយមន្ដ្រីនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ដ-ក្រសួង បានធ្វើការរឹតបន្ដឹងចំពោះគុណភាពចំណី អាហារគ្រប់ប្រភេទដែលមានដាក់តាំងលក់នៅតាមទីផ្សារនានាក្នុងខេត្ដជាពិសេសចំណីអាហារដែលមានការនាំ ចូលពីប្រទេសក្រៅប្រយោជន៍លើកកំពស់សុខមាលភាពប្រជាពលរដ្ឋទូទៅ ។ ជាមួយនោះលោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផងដែរត្រូវមានការប្រុងប្រយ័ត្ននិងមានការគិតគូរខ្ពស់ដល់សុខមាលភាពរបស់ខ្លួនមុននឹងទៅទិញយកនូវអាហារគ្រប់ប្រភេទត្រូវតែពិនិត្យឱ្យបានច្បាស់លាស់នូវគុណភាពចំនីអាហារនោះចំពោះកាលបរិច្ឆេទផលិតនិងកាលបរិច្ឆេទឈប់ប្រើប្រាស់ ចៀសវាងការធ្វេសប្រហែសដែលជា ប្រការនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព៕
