
នាង Horikita Maki ដើរតួជាវេជ្ជបណ្ឌិតក្នុងខ្សែភាពយន្ដថ្មី
ដោយ ៖ ភារៈ ថ្ងៃទី 02 កក្កដា 2011ម៉ោង 07:13:49
តារាសម្ដែងស្រស់ស្អាតវ័យក្មេងល្បីល្បាញរបស់ជប៉ុននាង Horikita Maki ដែលទើបតែមានវ័យ២២ឆ្នាំនឹងចាប់ ផ្ដើមចូលរួមសម្ដែងក្នុងខ្សែភាពយន្ដថ្មីមួយ។ ខ្សែភាពយន្ដថ្មីនេះមានចំណងជើងថា “Umechan-Sensei” ដែលជាការដកស្រង់ចេញពីរឿងដើមនិពន្ធដោយលោក Ozaki Masaya ។
យោងបណ្ដាញផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ខ្សែភាពយន្ដថ្មីនេះនឹងចាប់ថតនៅតំបន់ Kamata ទីក្រុងតូក្យូ ដែលកាលពីឆ្នាំ១៩៤៥តំបន់នេះធ្លាប់រងការបំផ្លិចបំផ្លាញក្រោយសង្គ្រាមលោកទើបបញ្ចប់ ។
នៅក្នុងខ្សែភាពយន្ដនេះ នាង Horikita សម្ដែងជាតួនាង Shimomura Umeko ជាប្អូនស្រីពៅនៅក្នុងចំណោមបងប្អូន៣នាក់ដែលមានឪពុកជាវេជ្ជបណ្ឌិតបម្រើ ការនៅមន្ទីរពេទ្យសាកល។ បើប្រៀបធៀបនឹងបងស្រីរបស់នាងឈ្មោះ Matsuko ដែលជាសិស្សពូកែប្រចាំសាលានិងបងប្រុសរបស់នាងម្នាក់ទៀតឈ្មោះTakeo នោះ នាង (Shimomura Umeko) ជាប្អូនពៅម្នាក់ដែលខ្វះទំនុកចិត្ដលើខ្លួនឯង ប៉ុន្ដែក្រោយពេលជួបឧបទ្ទវហេតុរួចមក នាងបានក្លាយជាមនុស្សក្លាហានប្រកប ដោយភាពជឿជាក់លើខ្លួនឯង ហើយបាន តាំងចិត្ដខំសិក្សាដើម្បីក្លាយជាវេជ្ជបណ្ឌិតដ៏ចំណានម្នាក់នៅក្នុងប្រទេសរបស់ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយផ្លូវដែលនាងកំពុងដើរប្រកបទៅដោយឧបសគ្គជាច្រើនរាប់មិនអស់។
នៅក្នុងខ្សែភាពយន្ដថ្មីនេះនាង Horikita ដើរតួជាមនុស្សមានវ័យតាំង ពី១៦ឆ្នាំដល់ជាង៣០ឆ្នាំ។ នេះជាលើកទីមួយហើយដែលនាងបានចូលរួម សម្ដែងជាវេជ្ជបណ្ឌិត។ ខ្សែភាពយន្ដនេះនឹងចាប់ផ្ដើមថតនៅក្នុងខែវិច្ឆិកាឆ្នាំនេះ ដែលមាន១៥៦ឈុត ហើយនឹងដាក់បញ្ចាំងនៅថ្ងៃទី២ ខែមេសា ២០១២៕
