ខ្យល់​ព្យុះ​ទឹក​ជំនន់​វាយ​ប្រហារ​ចិន​ ​និង​ម៉ិ​ច​ស៊ី​កូ​

ដោយ​ ៖ ម៉ែវ សាធី ថ្ងៃទី 04 កក្កដា 2011ម៉ោង 07:56:37

ភ្លៀង​ធ្លាក់​ខ្លាំង​ជា​ប​ន្ដ​បន្ទាប់​រ​យៈ​ពេល​​ច្រើន​ថ្ងៃ​ជា​ប់ៗ​គ្នា​ ​បង្ក​ជា​ទឹក​ជំនន់​ពន្លិច​​ផ្ទៃ​ដី​ទ្រង់ទ្រាយ​ធំ​នៅ​តាម​បណ្ដា​ខេ​ត្ដ​ភាគ​ខាង​ជើង​និង​ភាគ​កណ្ដាល​ប្រទេស​ចិន​ ​ធ្វើ​ឱ្យ​មនុស្ស​រាប់​សិ​ប​នាក់​ស្លាប់​និង​ផ្លូវ​ចរាចរណ៍​នានា​ត្រូវ​កក​ស្ទះ​។

កាល​ពី​ថ្ងៃ​ទី​៣ ក​ក្ក​ដា​ ​ភ្លៀង​ធ្លាក់​ខ្លាំង​ ​នៅ​តាម​បណ្ដា​ខេ​ត្ដ​ ​ក្រុង​ស៊ី​ឈ័​ង​ ​ប្រទេស​ចិន​ ​ធ្វើ​ឱ្យ​ផ្លូវ​ថ្នល់​ក្នុង​ទី​ក្រុង​ទាំងមូល​គ្រប​​ដណ្ដប់​ដោយ​ទឹក​ភ្លៀង​ជន់​លិច​​។ មក​ទល់​ពេល​នេះ​ ​គេ​មិន​ទាន់​អាច​បញ្ជាក់​ពី​​តួ​លេខ​នៃ​អ្នក​ស្លាប់​​បាត់​ខ្លួន​និង​រង​របួស​ ​ដោយសារ​ទឹក​ជំនន់​នោះ​ឡើយ​។

តាម​ការ​ប៉ាន់​ប្រមាណ​ជា​បណ្ដោះ​អាសន្ន​ ​ការ​ខាត​បង់​សេដ្ឋ​កិច្ច​បណ្ដាល​​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​បណ្ដា​ខេ​ត្ដ​ភាគ​ខាង​ជើង​និង​ភាគ​កណ្ដាល​ប្រទេស​ចិន​ ​នោះ​មាន​ទឹក​ប្រាក់​ប្រមាណ​ជាង​២ពាន់​​លាន​ដុល្លារ​ ​។

ចំណែក​នៅ​ប្រទេស​ម៉ិ​ច​ស៊ី​កូ​ឯ​ណោះ​​វិញ​ ​ក៏​មាន​មនុស្ស​១៦នាក់​ស្លាប់​ដោយ​ ​សារ​ខ្យល់​ព្យុះ​ទឹក​ជំនន់​ផង​ដែរ​។

ខ្យល់​ព្យុះ​អា​ឡេ​ន​អម​ទៅ​ដោយ​ភ្លៀង​​ធ្លាក់​ខ្លាំង​នៅ​រដ្ឋ​មួយ​ចំនួន​ប្រទេស​ម៉ិ​ច​ស៊ី​កូ​ ​បណ្ដាល​ឱ្យ​មនុស្ស​១៦នាក់​ស្លាប់​ ​ប៉ះ​ពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​ ​ជាង​២ម៉ឺន​នាក់​ ​បង្ក​ការ​ខាត​បង់​សេដ្ឋ​កិច្ច​យ៉ាង​ដំណំ​។

បណ្ដា​រដ្ឋ​ដែល​រង​ផល​ប៉ះ​ពាល់​ធ្ងន់​ ​ជាង​គេ​រួម​មាន​ ​រដ្ឋ​ម៉ិ​ច​ស៊ី​កូ​ ​តា​ម៉ា​វលី​ ​ប៉ា​ស់​ ​វើ​រ៉ា​គ្រូ​ស​ ​ហ៊ី​ដាល់​ហ្គោ​ និង​សា​ន់​លូ​ស​។ ក្នុង​នោះ​រដ្ឋ​ដែល​រង​គ្រោះ​ធ្ងន់​ ​ជាង​គេ​នោះ​គឺ​រដ្ឋ​ហ៊ី​ដាល់​ហ្គោ​មាន​ ​មនុស្ស​រហូត​ដល់​៧នាក់​ស្លាប់​និង​ពលរដ្ឋ​ ​១ពាន់​នាក់​ត្រូវ​ភៀស​ខ្លួន​ចេញ​ទៅ​កាន់​ ​តំបន់​ផ្សេង​ដោយសារ​មាន​ការ​រអិល​បាក់​ដី​ ​។

ចំណែក​នៅ​រដ្ឋ​ម៉ិ​ច​ស៊ី​កូ​មាន​ទឹក​ជំនន់​កើន​ឡើង​រហូត​ដល់​១,៥ម៉ែត្រ​ ​ប៉ះ​ពាល់​​យ៉ាង​ខ្លាំង​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​រាប់​រយ​គ្រួសារ​៕