
ខ្យល់ព្យុះទឹកជំនន់វាយប្រហារចិន និងម៉ិចស៊ីកូ
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 04 កក្កដា 2011ម៉ោង 07:56:37
ភ្លៀងធ្លាក់ខ្លាំងជាបន្ដបន្ទាប់រយៈពេលច្រើនថ្ងៃជាប់ៗគ្នា បង្កជាទឹកជំនន់ពន្លិចផ្ទៃដីទ្រង់ទ្រាយធំនៅតាមបណ្ដាខេត្ដភាគខាងជើងនិងភាគកណ្ដាលប្រទេសចិន ធ្វើឱ្យមនុស្សរាប់សិបនាក់ស្លាប់និងផ្លូវចរាចរណ៍នានាត្រូវកកស្ទះ។
កាលពីថ្ងៃទី៣ កក្កដា ភ្លៀងធ្លាក់ខ្លាំង នៅតាមបណ្ដាខេត្ដ ក្រុងស៊ីឈ័ង ប្រទេសចិន ធ្វើឱ្យផ្លូវថ្នល់ក្នុងទីក្រុងទាំងមូលគ្របដណ្ដប់ដោយទឹកភ្លៀងជន់លិច។ មកទល់ពេលនេះ គេមិនទាន់អាចបញ្ជាក់ពីតួលេខនៃអ្នកស្លាប់បាត់ខ្លួននិងរងរបួស ដោយសារទឹកជំនន់នោះឡើយ។
តាមការប៉ាន់ប្រមាណជាបណ្ដោះអាសន្ន ការខាតបង់សេដ្ឋកិច្ចបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងនៅបណ្ដាខេត្ដភាគខាងជើងនិងភាគកណ្ដាលប្រទេសចិន នោះមានទឹកប្រាក់ប្រមាណជាង២ពាន់លានដុល្លារ ។
ចំណែកនៅប្រទេសម៉ិចស៊ីកូឯណោះវិញ ក៏មានមនុស្ស១៦នាក់ស្លាប់ដោយ សារខ្យល់ព្យុះទឹកជំនន់ផងដែរ។
ខ្យល់ព្យុះអាឡេនអមទៅដោយភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋមួយចំនួនប្រទេសម៉ិចស៊ីកូ បណ្ដាលឱ្យមនុស្ស១៦នាក់ស្លាប់ ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ ជាង២ម៉ឺននាក់ បង្កការខាតបង់សេដ្ឋកិច្ចយ៉ាងដំណំ។
បណ្ដារដ្ឋដែលរងផលប៉ះពាល់ធ្ងន់ ជាងគេរួមមាន រដ្ឋម៉ិចស៊ីកូ តាម៉ាវលី ប៉ាស់ វើរ៉ាគ្រូស ហ៊ីដាល់ហ្គោ និងសាន់លូស។ ក្នុងនោះរដ្ឋដែលរងគ្រោះធ្ងន់ ជាងគេនោះគឺរដ្ឋហ៊ីដាល់ហ្គោមាន មនុស្សរហូតដល់៧នាក់ស្លាប់និងពលរដ្ឋ ១ពាន់នាក់ត្រូវភៀសខ្លួនចេញទៅកាន់ តំបន់ផ្សេងដោយសារមានការរអិលបាក់ដី ។
ចំណែកនៅរដ្ឋម៉ិចស៊ីកូមានទឹកជំនន់កើនឡើងរហូតដល់១,៥ម៉ែត្រ ប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់រយគ្រួសារ៕
