
ភ្នំភ្លើងឥណ្ឌូនេស៊ីកម្រើកខ្លួនព្រួសកំអែកម្ពស់៥ពាន់ម៉ែត្រ
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 04 កក្កដា 2011ម៉ោង 08:01:11
ភ្នំភ្លើងមួយស្ថិតនៅលើកោះស៊ូឡាវ៉េស៊ី ប្រទេសឥណ្ឌូនេស៊ីបានកម្រើកខ្លួនកាលពីថ្ងៃទី៣ កក្កដា ដោយព្រួសកម្ទេចផេះផ្សែងមានកម្ពស់រហូតដល់៥គីឡូម៉ែត្រទៅលើអាកាស។
ភ្នំភ្លើងសូពូតាន់ស្ថិតនៅក្នុងខេត្ដស៊ូឡាវ៉េស៊ីចាប់ផ្ដើមព្រួសកំអែយ៉ាងខ្លាំង នៅវេលាម៉ោង៦:០៣នាទីព្រឹកថ្ងៃទី៤ កក្កដា។ ពលរដ្ឋដែលរស់នៅជុំវិញមិនទាន់ទទួលបានច្បាប់ឱ្យភៀសខ្លួននៅឡើយទេ ។
ប្រជាកសិករមួយរូបដែលរស់នៅតំបន់ក្បែរភ្នំភ្លើងនោះបានឱ្យដឹងថា ក្រៅពីព្រួសកំអែផេះផ្សែងភ្នំភ្លើងសូពូតាន់នៅបានព្រួសកម្ដៅយ៉ាងខ្លាំងចេញមក ក្រៅផងដែរ។ ប៉ុន្ដែកម្ដៅទាំងនោះមិនរាលដាលចេញមកក្រៅទ្រង់ទ្រាយធំ គឺនៅតែជុំវិញមាត់ភ្នំភ្លើងតែប៉ុណ្ណោះ ។
អ្នកវិទ្យាសាស្ដ្រ លោកគូណាឌីបានឱ្យដឹងថា រដ្ឋាភិបាលមានគម្រោងឱ្យជម្លៀសពលរដ្ឋរស់នៅជុំវិញភ្នំភ្លើងសូពូតាន់៦គីឡូម៉ែត្រ ប៉ុន្ដែដោយសារតែនៅ ជុំវិញនោះសុទ្ធសឹងតែជាព្រៃឈើ គ្មានពលរដ្ឋរស់នៅបានជាគ្មានការភៀសខ្លួននោះឡើយ។
ទោះបីបែបនោះក៏ដោយក្រុមមន្ដ្រីទទួលខុសត្រូវតាមដានយ៉ាងយកចិត្ដទុកដាក់នូវសកម្មភាពនិងការប្រែប្រួល របស់ភ្នំភ្លើងដើម្បីជម្លៀសពលរដ្ឋឱ្យបានទាន់ពេលវេលា។ ភូមិដែលមានពលរដ្ឋ រស់នៅក្បែរភ្នំភ្លើងសូពូតាន់បំផុតគឺ មានចម្ងាយ៨គីឡូម៉ែត្រ ។
សូពូតាន់គឺជាភ្នំភ្លើងដែលធ្វើសកម្មភាពជាញឹកញាប់ជាងគេបំផុតនៅលើកោះស៊ូឡាវ៉េស៊ី។ ការព្រួសកំអែនាពេលកន្លងមកថ្មីៗបំផុតគឺនៅចុងឆ្នាំ ២០០៨ ប៉ុន្ដែមិនបណ្ដាលឱ្យមានអ្នកស្លាប់ឬរងរបួសឡើង។ ឥណ្ឌូនេស៊ីមានភ្នំភ្លើងទាំងអស់រហូតដល់១២៩ដែលនឹងកម្រើកព្រួសកំអែគ្រប់ពេលវេលា៕
