ភ្នំ​ភ្លើ​ង​ឥណ្ឌូ​នេ​ស៊ី​កម្រើក​ខ្លួន​ព្រួស​កំ​អែ​កម្ពស់​៥ពាន់​ម៉ែត្រ​

ដោយ​ ៖ ម៉ែវ សាធី ថ្ងៃទី 04 កក្កដា 2011ម៉ោង 08:01:11

ភ្នំ​ភ្លើ​ង​មួយ​ស្ថិត​នៅ​លើ​កោះ​ស៊ូ​ឡា​វ៉េ​ស៊ី​ ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​កម្រើក​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣ ក​ក្ក​ដា​ ដោយ​ព្រួស​កម្ទេច​​ផេះ​ផ្សែង​មាន​កម្ពស់​រហូត​ដល់​៥គីឡូ​ម៉ែត្រ​ទៅ​លើ​អាកាស​។

ភ្នំ​ភ្លើ​ង​សូ​ពូ​តាន់​ស្ថិត​នៅ​ក្នុង​ខេ​ត្ដ​ស៊ូ​ឡា​វ៉េ​ស៊ី​ចាប់​ផ្ដើម​ព្រួស​កំ​អែ​យ៉ាង​ខ្លាំង​ ​នៅ​វេលា​ម៉ោង​៦:០៣នាទី​ព្រឹក​ថ្ងៃ​ទី​៤ ក​ក្ក​ដា​។ ពលរដ្ឋ​ដែល​រស់​នៅ​ជុំ​វិញ​មិន​ទាន់​ទទួល​បាន​ច្បាប់​ឱ្យ​ភៀស​ខ្លួន​នៅ​ឡើយ​ទេ​ ​។

ប្រជា​កសិករ​មួយ​រូប​ដែល​រស់​នៅ​​តំបន់​ក្បែរ​ភ្នំ​ភ្លើ​ង​នោះ​បាន​ឱ្យ​ដឹង​ថា​ ​ក្រៅ​​ពី​ព្រួស​កំ​អែ​ផេះ​ផ្សែង​​ភ្នំ​ភ្លើ​ង​សូ​ពូ​តាន់​​នៅ​បាន​ព្រួស​កម្ដៅ​យ៉ាង​ខ្លាំង​ចេញ​មក​ ​ក្រៅ​ផង​ដែរ​។ ប៉ុន្ដែ​កម្ដៅ​ទាំង​នោះ​មិន​រាល​ដាល​ចេញ​មក​ក្រៅ​ទ្រង់ទ្រាយ​ធំ​ ​គឺ​នៅ​តែ​ជុំ​វិញ​មាត់​ភ្នំ​ភ្លើ​ង​តែ​ប៉ុណ្ណោះ​ ​។

អ្នក​វិទ្យា​សា​ស្ដ្រ​ លោក​គូ​ណា​ឌី​បាន​ឱ្យ​ដឹង​ថា​ ​រ​ដ្ឋា​ភិ​បា​ល​មាន​គម្រោង​ឱ្យ​ជម្លៀស​ពលរដ្ឋ​រស់​នៅ​ជុំ​វិញ​ភ្នំ​ភ្លើ​ង​សូ​ពូ​តាន់​៦គីឡូម៉ែត្រ​ ​ប៉ុន្ដែ​ដោយសារ​តែ​នៅ​ ​ជុំ​វិញ​នោះ​សុទ្ធ​សឹង​តែ​ជា​ព្រៃ​ឈើ​ ​គ្មាន​ពលរដ្ឋ​រស់​នៅ​បាន​ជា​គ្មាន​ការ​ភៀស​ខ្លួន​នោះ​ឡើយ​។

ទោះបី​បែប​នោះ​ក៏​ដោយ​ក្រុម​ម​ន្ដ្រី​ទទួល​ខុស​ត្រូវ​តាម​ដាន​យ៉ាង​យក​ចិ​ត្ដ​ទុក​​ដាក់​នូវ​សកម្មភាព​និង​ការ​ប្រែ​ប្រួល​ ​របស់​ភ្នំ​ភ្លើ​ង​ដើម្បី​ជម្លៀស​ពលរដ្ឋ​ឱ្យ​បាន​ទាន់​ពេល​វេលា​។ ភូមិ​ដែល​មាន​ពលរដ្ឋ​ ​រស់​នៅ​ក្បែរ​ភ្នំ​ភ្លើ​ង​សូ​ពូ​តាន់​បំផុត​គឺ​ ​មាន​ចម្ងាយ​៨គីឡូម៉ែត្រ​ ​។

សូ​ពូ​តាន់​គឺ​ជា​ភ្នំ​ភ្លើ​ង​ដែល​ធ្វើ​សកម្ម​ភាព​ជា​ញឹ​ក​ញាប់​ជាង​គេ​បំផុត​នៅ​លើ​​កោះ​ស៊ូ​ឡា​វ៉េ​ស៊ី​។ ការ​ព្រួស​កំ​អែ​នា​​ពេល​កន្លង​មក​ថ្មី​ៗបំផុត​គឺ​នៅ​ចុង​ឆ្នាំ​ ​២០០៨ ប៉ុន្ដែ​មិន​បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​ឬ​រង​របួស​ឡើង​។ ឥណ្ឌូ​នេ​ស៊ី​មាន​​ភ្នំ​ភ្លើ​ង​ទាំង​អស់​រហូត​ដល់​១២៩ដែល​នឹង​កម្រើក​ព្រួស​កំ​អែ​គ្រប់​ពេល​វេលា​៕