
បាក់ដីនៅចិនស្លាប់១៨នាក់
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 06 កក្កដា 2011ម៉ោង 08:53:37
ភ្លៀងធ្លាក់ខ្លាំង បង្កឱ្យមានការបាក់ដីសម្លាប់មនុស្ស១៨នាក់ នៅខេត្ដភាគខាងជើងប្រទេសចិនកាលពីរសៀលថ្ងៃទី ៥ កក្កដា ។ តាមព័ត៌មានឆាយណាដេលីដែលបានដកស្រង់ព័ត៌មានពីមន្ដ្រីក្នុងតំបន់បានឱ្យដឹងកាលពីថ្ងៃទី៦ កក្កដាថា ការបាក់ដីនោះបំផ្លាញផ្ទះ១២ខ្នង និងធ្វើឱ្យមនុស្ស២នាក់ផ្សេងទៀតរងរបួស ។
កម្លាំងជួយសង្គ្រោះបានអូសជនរង គ្រោះប្រមាណ២០នាក់ចេញពីក្រោមដី ប៉ុន្ដែភាគច្រើនជនរងគ្រោះបានស្លាប់ ភ្លាមៗនៅនឹងកន្លែងនិងនៅសល់តែជន រងគ្រោះម្នាក់ស្លាប់នៅមន្ទីរពេទ្យ ។
ក្នុងថ្ងៃជាមួយគ្នា មជ្ឈមណ្ឌលព្យាករណ៍ឧតុនិយមចិនបានប្រកាសអាសន្ន ពីភ្លៀងធ្លាក់ខ្លាំងនៅតែបន្ដអូសបន្លាយ នៅតំបន់ជាច្រើន ហើយស្នើមន្ដ្រីក្នុង តំបន់ឱ្យមានវិធានការទប់ស្កាត់គ្រោះ មហន្ដរាយធម្មជាតិឱ្យបានទាន់ពេលវេលា ៕
