
គូដណ្ដឹងនាង Selina Jenបដិសេធថាលោកមិនបានរិះគន់ពិធីករ Harlem Yu
ដោយ ៖ ភារៈ ថ្ងៃទី 13 កក្កដា 2011ម៉ោង 06:28:04
គូដណ្ដឹងរបស់តារាចម្រៀងល្បី ល្បាញរបស់តៃវ៉ាន់នាង Selina Jen ថ្មីៗ នេះបានបដិសេធនឹងការអះអាងថា លោកបានរិះគន់ដល់ពិធីករកម្មវិធី កម្សាន្ដទូរទស្សន៍មួយ។
ថ្មីៗនេះ កំឡោះសង្ហាសម្បូរស្នេហ៍លោក Richard Chang ដែលជាគូដណ្ដឹង របស់សមាជិកក្រុម S.H.E នាង Selina Jen បានបកស្រាយនឹងពាក្យចចាមអារ៉ាមខាងលើថា “គ្រប់យ៉ាងគឺជាការយល់ច្រឡំតែប៉ុណ្ណោះ” ។
លោកRichardបានសរសេរសៀវ ភៅមួយក្បាលដែលមានចំណងជើងថា “Selina’s 90 Days in Hell” ក្រោយពេលគូដណ្ដឹងសំណព្វចិត្ដរបស់លោករងរបួសជាទម្ងន់ និងភ័យខ្លាចតក់ស្លុត យ៉ាងខ្លាំងចំពោះគ្រោះថ្នាក់មួយដែល បានកើតឡើងក្នុងពេលនាងកំពុងថតកុន កាលពីខែតុលាឆ្នាំទៅ ។
បណ្ដាញផ្សព្វផ្សាយរបស់តៃវ៉ាន់បានឱ្យដឹងថា មេធាវីរូបសង្ហាជាគូដណ្ដឹង របស់នាងSelina រូបនេះបាននិយាយ បញ្ឆិតបញ្ឆៀងដល់ពិធីករទូរទស្សន៍ គឺ លោក Harlem Yu ថា “គ្មានសតិសម្បជញ្ជៈធ្វើរឿងត្រឹមត្រូវឡើយ”នៅក្នុង សៀវភៅដែលលោកនិពន្ធឡើង។ ពិធី ករជើងចាស់លោក Harlem Yuបាន ចាប់ដៃគូជាមួយនាង Selina Jen ក្នុងកម្មវិធី Guess Guess Guess មុនពេលនាងជួបគ្រោះថ្នាក់។
យោងប្រភពដដែលបញ្ជាក់ទៀតថា លោកRichardបានសរសេរនៅក្នុង សៀវភៅនោះទៀតថា ក្រោយពេល Selina ជួបគ្រោះថ្នាក់លោក Harlem បានចូលថតឱ្យទូរទស្សន៍ Hunan ហើយចេញមុខប្រកាសថា លោកមិនគាំទ្រដល់នាង Selina ទេ ។
លោក Richard បានសារភាពថា លោកមានអារម្មណ៍ចម្លែកណាស់នៅពេលលោក Harlem ទទួលយកការងារ នៅទូរទស្សន៍ Hunan ។ Selina ជួបគ្រោះ ថ្នាក់ពេលកំពុងថតខ្សែភាពយន្ដមួយ មានចំណងជើងថា “I Have a Date with Spring” ដែលផលិតដោយទូរទស្សន៍Hunan ។
ទោះបីយ៉ាងណាលោក Richard បានបញ្ជាក់ថា រឿងរ៉ាវទាំងពីរនេះមិនពាក់ព័ន្ធនឹងគ្នាទេ៕
