
នាង Kate Hudsonប្រសូតបានកូនប្រុសម្នាក់ជាមួយគូដណ្ដឹង
ដោយ ៖ ភារៈ ថ្ងៃទី 13 កក្កដា 2011ម៉ោង 06:34:57
ថ្មីៗនេះ តារាភាពយន្ដល្បីល្បាញរបស់អាមេរិកនាង Kate Hudson និងគូដណ្ដឹងលោក Matt Bellamy សប្បាយចិត្ដយ៉ាងខ្លាំងក្នុងការទទួលបានចំណងស្នេហ៍ គឺបុត្រាដ៏ថ្លោសទ្រលុកទ្រលន់ម្នាក់។ នាង Kate ក៏ជាម្ដាយរបស់កូនប្រុសម្នាក់អាយុ៧ឆ្នាំផងដែរ។
គួរបញ្ជាក់ថានាង Kate និងគូដណ្ដឹងបានទាក់ទងស្គាល់គ្នាលើដំបូងកាលពីឆ្នាំទៅ ទោះបីមានបណ្ដាញផ្សព្វផ្សាយជាច្រើនអះអាងថា ពួកគេធ្លាប់ជួបគ្នាជាច្រើនឆ្នាំនៅប្រទេសអូស្ដ្រាលីក៏ដោយ។ កាលពីខែកញ្ញាឆ្នាំមុន នាង Kate បាន ប្រាប់បណ្ដាញផ្សព្វផ្សាយ Elle UK ថា នាងនិងមិត្ដប្រុស លោក Matt មានសុភមង្គលខ្លាំងណាស់ក្នុងការរួមរស់ជាមួយគ្នា ហើយនាងថែមទាំងហៅគាត់ថាជា“កំពូលស្នេហ៍”របស់នាងទៀតផង។
ទោះបីយ៉ាងណា នាងគ្មានគំនិតចង់ រៀបការម្ដងទៀតទេ ក្រោយពេលនាងធ្លាប់រៀបការនិងធ្លាប់ឆ្លងកាត់ជីវិតជូរចត់លែងលះគ្នាជាមួយប្ដីមុន ដែលបន្សល់ទុកកូនអាយុ៧ឆ្នាំម្នាក់នោះមក។ នាងឱ្យដឹងទៀតថា ការរៀបអាពាហ៍ពិពាហ៍មិនមែនជារឿងសំខាន់ទេសំរាប់នាង។
គួរបញ្ជាក់ថា នាង Kate Hudson បានរៀបការជាមួយតារាចម្រៀង Chris Robinson ហើយមានកូនប្រុសម្នាក់ជាមួយគ្នា ដែលក្រោយមកពួកគេបានលែងលះគ្នាវិញនៅក្នុងឆ្នាំ២០០៧។ ក្រោយ ពេលចែកផ្លូវគ្នាជាមួយប្ដីមុន នាងជាអ្នកគ្រប់គ្រងចិញ្ចឹមបីបាច់ថែរក្សាកូនប្រុស ដែលរហូតមកដល់ពេលនេះគេមានអាយុ៧ឆ្នាំហើយ ។
ទោះបីយ៉ាងណា នាងកំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយគូដណ្ដឹងថ្មីនេះ (Matt Bellamy) ដោយនាងបានបង្អួតចិញ្ចៀនភ្ជាប់ពាក្យដែលមានតម្លៃ មិនតិចជាង២០ម៉ឺនដុល្លារនោះ៕
