
នាង Cecilia Cheung ធ្វើគ្រប់យ៉ាងដើម្បីទទួលបានសិទ្ធិធ្វើជាអាណាព្យាបាលកូន
ដោយ ៖ ភារៈ ថ្ងៃទី 13 កក្កដា 2011ម៉ោង 11:47:58
តារាភាពយន្ដល្បីល្បាញ Cecilia Cheung បានយល់ព្រមទទួលយកអ្នក នយោបាយចិនម្នាក់ធ្វើជាឪពុកធម៌ ។
យោងប្រភពព័ត៌មានពីទីក្រុងហុងកុងបានឱ្យដឹងថា ទាំងនាង Cecilia Cheung ទាំងលោក Nicholas Tse បានខកខានឱកាសល្អតែមួយគត់ដើម្បីធ្វើរឿងត្រឹមត្រូវមួយកាលពីថ្ងៃសុក្រសប្ដាហ៍មុន។ នៅពេលនាងវិលត្រឡប់ពីការថតខ្សែភាពយន្ដរឿង “The Lion Roars2” ត្រឡប់មកកាន់ទីក្រុងហុងកុង វិញ នាងសង្ឃឹមថានឹងអាចជួបស្វាមី ដើម្បីជជែកគ្នាអំពីសម្ពន្ធភាពប្ដីប្រពន្ធរបស់ពួកគេ និងធ្វើគ្រប់យ៉ាងដើម្បីមានសិទ្ធិធ្វើជាអាណាព្យាបាលរបស់កូនៗ។ ប៉ុន្ដែភ្លាមៗក្រោយមកនាងបានសំរេចចិត្ដមិនជួបស្វាមីវិញ ដោយសុខចិត្ដជ្រើសរើសការប្រឡែងលេងជាមួយកូនៗទៅវិញ។
ប្រភពដដែលឱ្យដឹងទៀតថា ប៉ុន្មានថ្ងៃមុននេះនាង Cecilia Cheung បានធ្វើដំណើរទៅ Shenzhen ជាមួយឪពុកបង្កើតរបស់នាង ដើម្បីចូលរួមក្នុងកម្មវិធីមួយដែលនៅទីនោះក៏ជាកន្លែងនាងយល់ព្រមទទួលយកអ្នកនយោបាយចិនម្នាក់ធ្វើជាឪពុកធម៌ផងដែរ។ ពលរដ្ឋម្នាក់ដែលបានចូលរួមនៅក្នុងពិធីនោះដែរបានឱ្យដឹងថា ថ្វីបើនាង Cecilia Cheung មើលទៅស្រកគីឡូ ប៉ុន្ដែនាងហាក់ដូចជាសប្បាយរីករាយនៅក្នុងពិធីនោះ។
ចំណែកអ្នកនយោបាយចិនដែលជាឪពុកធម៌របស់នាងនោះបានស្គាល់នាង Cecilia តាមរយៈមិត្ដភក្ដិរបស់គាត់ ម្នាក់កាលពីប៉ុន្មានឆ្នាំមុន ហើយលោកតែងសុំនាងធ្វើជាកូនធម៌ជាញឹកញាប់ ប៉ុន្ដែតារាភាពយន្ដសម្រស់សោភារូប នេះទើបតែយល់ព្រមតាមសំណើរបស់លោកនៅក្នុងឆ្នាំនេះប៉ុណ្ណោះ។
យោងប្រភពស្និទ្ធនឹងគ្រួសារនាង Cecilia បានបញ្ជាក់ថា នាងតែងគោរពស្រឡាញ់ឪពុកធម៌របស់នាងខ្លាំងណាស់ ហើយតែងជួបគាត់នៅពេលដែលនាងមានរឿងមិនសប្បាយចិត្ដម្ដងៗ។ ថ្មីៗ នេះមានពាក្យចចាមអារ៉ាមថា នាង Cecilia មានគម្រោងបោះពុម្ពសៀវភៅមួយក្បាលដែលរៀបរាប់ពីប្រវត្ដិរូប របស់ខ្លួន ហើយនឹងត្រួតពិនិត្យបោះពុម្ពដោយឪពុកធម៌របស់នាង ។ ក្រៅពីរៀបរាប់អំពីបទពិសោធន៍ក្នុងវិស័យភាពយន្ដ ហើយសៀវភៅនោះក៏នឹងរៀបរាប់ពីជីវិតស្នេហាជាមួយលោក Nicholas Tse ផងដែរ៕
