ភ្នំ​ភ្លើ​ង​ឥណ្ឌូ​នេ​ស៊ី​កម្រើក​សា​ជា​ថ្មី​ព្រួស​កំ​អែ​រាប់​រយ​ម៉ែត្រ​

ដោយ​ ៖ ម៉ែវ សាធី|ថ្ងៃទី 15 កក្កដា 2011 ម៉ោង 07:46:14

កាល​ពី​ថ្ងៃ​ទី​១៤ ក​ក្ក​ដា​ ​ភ្នំ​ភ្លើ​ង​​ Mount​ ​Lokon​ របស់​ឥណ្ឌូ​នេ​ស៊ី​បាន​ព្រួស​ផ្កាភ្លើង​ ​និង​កម្ទេច​ផេះ​មាន​កម្ពស់​រាប់​រយ​ម៉ែត្រ​ឡើង​ទៅ​លើ​អាកាស​ ​។ ហេតុ​ការណ៍​ផ្ទុះ​ភ្នំ​ភ្លើ​ង​ត្រូវ​ម​ន្ដ្រី​ជំនាញ​ឥណ្ឌូ​នេ​ស៊ី ​បាន​​ប្រកាស​មុន​ពេល​ផ្ទុះ​រ​យៈ​ពេល​៣ថ្ងៃ​ ​ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​ដែល​នៅ​ក្បែ​រៗ​នោះ​អាច​ភៀស​ខ្លួន​ទាន់​ពេល​វេលា​ ​។

សារ​ព័ត៌មាន​អា​អេ​ហ្វ​ប៉េ​បាន​ដក​ស្រង់​សម្ដី​លោក​គ្រី​ស្ទៀ​ណូ​ ​អ្នក​ឯក​ទេស​​អំពី​ភ្នំ​ភ្លើ​ង​របស់​រ​ដ្ឋា​ភិ​បា​ល​ឥណ្ឌូ​នេ​ស៊ី​បាន​ឱ្យ​ដឹង​ថា​ ​ការ​ព្រួស​កំ​អែ​លើក​ដំបូង​កើត​ឡើង​នៅ​វេលា​ម៉ោង​២២:៣១នាទី​ដោយ​ពេល​នោះ​ព្រួស​ចេញ​នូវ​កម្ទេច​ដី​ខ្សាច់​ ​ថ្ម​និង​ផ្សែង​ដែល​មាន​កម្ពស់​១,៥០០ ម៉ែត្រ​ ​ហើយ​កាល​ពី​យប់​ថ្ងៃ​ទី​១៤ កន្លង​ ​មក​ ​ភ្នំ​ភ្លើ​ង​បាន​ចាប់​ផ្ដើម​ព្រួស​ផ្កាភ្លើង​ ​យ៉ាង​ខ្លាំង​នៅ​វេលា​ម៉ោង​១:១០នាទី​រំលង​ ​អធ្រាត្រ​ ​។

ព្រៃ​ឈើ​នៅ​ជុំ​វិញ​ភ្នំ​ភ្លើ​ង​៥០០ម៉ែត្រ​ ​បាន​ឆាប​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​ ​ប៉ុន្ដែ​មិន​ ​ ​បណ្ដាល​ឱ្យ​ពលរដ្ឋ​ដែល​រស់​នៅ​ជុំ​វិញ​ ​ស្លាប់​ឬ​រង​របួស​ឡើយ​ ​ដោយសារ​តែ​ ​មាន​ការ​ប្រកាស​អាសន្ន​ឱ្យ​ភៀស​ខ្លួន​មុន​ ​ភ្នំ​ភ្លើ​ង​ផ្ទុះ​៣ថ្ងៃ​ ​។ ពលរដ្ឋ​២៨.០០០នាក់​ ​បាន​ភៀស​ខ្លួន​ទៅ​កាន់​តំបន់​សុវត្ថិ​ភាព​ ​ទាន់​ពេល​វេលា​ ​។

ភ្នំ​ភ្លើ​ង​Mount​ ​Lokon​ស្ថិត​នៅ​ខេ​ត្ដ​ ​ស៊ូ​ឡា​វ៉េ​ស៊ី​ ​ដែល​មាន​កម្ពស់​១.៥៨០ ម៉ែត្រ​ ​ហើយ​ក៏​ជា​ភ្នំ​ភ្លើ​ង​មួយ​ក្នុង​ចំណោម​ ​ភ្នំ​ភ្លើ​ង​ដែល​ធ្វើ​សកម្មភាព​ខ្លាំង​ក្លា​ជាង​ ​គេ​បំផុត​នៅ​ឥណ្ឌូ​នេ​ស៊ី​ ​។ នៅ​ឆ្នាំ​១៩៩១ ភ្នំ​ភ្លើ​ង​Mount​ ​Lokon​ក៏​បាន​ព្រួស​កំ​អែ​ ​ហើយ​ធ្វើ​ឱ្យ​អ្នក​ទេសចរ​ជន​ជាតិ​ស្វី​ស​ ​ម្នាក់​បាត់បង់​ជីវិត​ផង​ដែរ​ ​។

ទី​ប្រជុំ​កោះ​ឥណ្ឌូ​នេ​ស៊ី​មាន​ភ្នំ​ភ្លើ​ង​ ​រហូត​ដល់​១២៩ស្ថិត​ក្នុង​ដំណាក់​កាល​ ​កំពុង​ធ្វើ​សកម្មភាព​ ​។ ភ្នំ​ភ្លើ​ង​ដែល​ធ្វើ​ ​សកម្មភាព​ព្រួស​កំ​អែ​ខ្លាំង​ជាង​គេ​បំផុត​ ​នៅ​ឥណ្ឌូ​នេ​ស៊ី​គឺ​ភ្នំ​ភ្លើ​ង​Mount​ ​Mirapi​ ​ស្ថិត​នៅ​ទី​ប្រជុំ​កោះ​ចា​វ៉ា​ ​បាន​សម្លាប់​ ​មនុស្ស​៣៥០នាក់​ក្រោយ​ពេល​ការ​ព្រួស​ ​កំ​អែ​កាល​ពី​ចុង​ខែ​តុលា​ ​២០១០ ៕