
ភ្នំភ្លើងឥណ្ឌូនេស៊ីកម្រើកសាជាថ្មីព្រួសកំអែរាប់រយម៉ែត្រ
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 15 កក្កដា 2011ម៉ោង 07:46:14
កាលពីថ្ងៃទី១៤ កក្កដា ភ្នំភ្លើង Mount Lokon របស់ឥណ្ឌូនេស៊ីបានព្រួសផ្កាភ្លើង និងកម្ទេចផេះមានកម្ពស់រាប់រយម៉ែត្រឡើងទៅលើអាកាស ។ ហេតុការណ៍ផ្ទុះភ្នំភ្លើងត្រូវមន្ដ្រីជំនាញឥណ្ឌូនេស៊ី បានប្រកាសមុនពេលផ្ទុះរយៈពេល៣ថ្ងៃ ដើម្បីឱ្យប្រជាពលរដ្ឋដែលនៅក្បែរៗនោះអាចភៀសខ្លួនទាន់ពេលវេលា ។
សារព័ត៌មានអាអេហ្វប៉េបានដកស្រង់សម្ដីលោកគ្រីស្ទៀណូ អ្នកឯកទេសអំពីភ្នំភ្លើងរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីបានឱ្យដឹងថា “ការព្រួសកំអែលើកដំបូងកើតឡើងនៅវេលាម៉ោង២២:៣១នាទីដោយពេលនោះព្រួសចេញនូវកម្ទេចដីខ្សាច់ ថ្មនិងផ្សែងដែលមានកម្ពស់១,៥០០ ម៉ែត្រ ហើយកាលពីយប់ថ្ងៃទី១៤ កន្លង មក ភ្នំភ្លើងបានចាប់ផ្ដើមព្រួសផ្កាភ្លើង យ៉ាងខ្លាំងនៅវេលាម៉ោង១:១០នាទីរំលង អធ្រាត្រ ។
ព្រៃឈើនៅជុំវិញភ្នំភ្លើង៥០០ម៉ែត្រ បានឆាបឆេះយ៉ាងសន្ធោសន្ធៅ ប៉ុន្ដែមិន បណ្ដាលឱ្យពលរដ្ឋដែលរស់នៅជុំវិញ ស្លាប់ឬរងរបួសឡើយ ដោយសារតែ មានការប្រកាសអាសន្នឱ្យភៀសខ្លួនមុន ភ្នំភ្លើងផ្ទុះ៣ថ្ងៃ ។ ពលរដ្ឋ២៨.០០០នាក់ បានភៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព ទាន់ពេលវេលា ។
ភ្នំភ្លើងMount Lokonស្ថិតនៅខេត្ដ ស៊ូឡាវ៉េស៊ី ដែលមានកម្ពស់១.៥៨០ ម៉ែត្រ ហើយក៏ជាភ្នំភ្លើងមួយក្នុងចំណោម ភ្នំភ្លើងដែលធ្វើសកម្មភាពខ្លាំងក្លាជាង គេបំផុតនៅឥណ្ឌូនេស៊ី ។ នៅឆ្នាំ១៩៩១ ភ្នំភ្លើងMount Lokonក៏បានព្រួសកំអែ ហើយធ្វើឱ្យអ្នកទេសចរជនជាតិស្វីស ម្នាក់បាត់បង់ជីវិតផងដែរ ។
ទីប្រជុំកោះឥណ្ឌូនេស៊ីមានភ្នំភ្លើង រហូតដល់១២៩ស្ថិតក្នុងដំណាក់កាល កំពុងធ្វើសកម្មភាព ។ ភ្នំភ្លើងដែលធ្វើ សកម្មភាពព្រួសកំអែខ្លាំងជាងគេបំផុត នៅឥណ្ឌូនេស៊ីគឺភ្នំភ្លើងMount Mirapi ស្ថិតនៅទីប្រជុំកោះចាវ៉ា បានសម្លាប់ មនុស្ស៣៥០នាក់ក្រោយពេលការព្រួស កំអែកាលពីចុងខែតុលា ២០១០ ៕
