
ប្រកាសតែងតាំងសាកលវិទ្យាធិការនៃសាកលវិទ្យាល័យមានជ័យក្រសួងអប់រំយុវជននិងកីឡា
ដោយ ៖ ទឹកថ្លា ថ្ងៃទី 27 កក្កដា 2011ម៉ោង 11:08:50
បន្ទាយមានជ័យ:ពិធីប្រកាសតែងតាំងសាកលវិទ្យាធិការនៃសកលវិទ្យាល័យមានជ័យនៃក្រសួងអប់រំយុវជននឹងកីឡាត្រូវបានប្រារឰធ្វើនៅព្រឹកថ្ងៃទី ២៦ កក្កដា ២០១១ នៅសាលប្រជុំសាលាខេត្តក្រោមអធិបតីភាពលោក ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា លោក អ៊ុង អឿន អភិបាលនៃគណៈអភិបាលខេត្ត លោក ប៉ុក សាលុយ ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យនិងប្រតិភូអមដំណើរលោក/លោកស្រី ជាប្រធានអនុប្រធានមន្ទីរអង្គភាពសាកលវិទ្យាធិការ សាកលវិទ្យាធិការរង អភិបាល អភិបាលរងស្រុក/ក្រុង កងកម្លាំង ប្រដាប់អាវុធ សិស្សនិស្សិត ជាច្រើននាក់ ។
ពិធីប្រកាសនេះ យោងតាមព្រះរាជក្រឹត្យ លេខ នស/ រកត/ ០៧១១/ ៦៥៥ ចុះថ្ងៃទី ១១ កក្កដា ២០១១បានត្រាសបង្គាប់តែងតាំងលោក សំ ង៉ា ជាសាកលវិទ្យាធិការនៃសកលវិទ្យាល័យមានជ័យនៃក្រសួងអប់រំយុវជននឹងកីឡា ជំនួសលោក តូច ជឿន ដែលនិងត្រូវបានផ្លាស់ប្ដូរអោយទៅទទួលភារកិច្ចថ្មី។
បន្ទាប់ពីពិធីប្រគល់ត្រានិងការប្ដេជ្ញាចិត្តរបស់លោក សំ ង៉ា រួចមក លោក អ៊ុង អឿន អភិបាលនៃគណអភិបាលខេត្តបានមានប្រសាសន៍ថា ការផ្លាស់ប្ដូរនិងការតែងតាំងសាកលវិទ្យាធិការថ្មីគឺយោងទៅតាមការចាំបាច់របស់ក្រសួងមិនមែនដោយសារមានកំហុសនោះទេ។និយាយជារួមគឺទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេច ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវ៉ៃ ប្រកបដោយគតិបណ្ឌិតខ្ពស់ ។
លោកបន្តដោយលើកឡើងពីសារៈសំខាន់នៃសកលវិទ្យាល័យថា គឺជាគ្រឹះស្ថានអប់រំកំរិតឧត្តមដែលទាមទារអោយមានការខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រុវខ្ពស់តាំងពីថ្នាក់ដឹកនាំ សាស្ត្រាចារ្យ បុគ្គលិករហូតដល់មាតាបីតា អាណាព្យាបាល និងនិស្សិតខ្លួនឯងផ្ទាល់ លើសពីនេះទៅទៀត ក្រសួងអប់រំយុវជននិងកីឡា និងជាពិសេសរាជរដ្ឋាភិបាលកម្ពុជាកាន់តែធានាបាននូវប្រសិទ្ធភាពនិងគុណភាពក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សអោយាមានសមត្ថភាពជំនាញពិតប្រាកដឈរជាសរសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ។ ដោយឈរលើកត្តាទាំងនេះហើយទើបសម្ដេចអគ្គមហាមគ្គុទេសក៍ទាំង៣រូបជាពិ សេស សម្ដេចអគ្គមហាសេនាបតីតេជោរហ៊ុនសែន ជានាយករដ្ឋមន្ត្រីប្រកបដោយគតិបណ្ឌិតបានកំណត់យកការកសាងសមត្ថភាពនិងអភិវឌ្ឍន៍ធនធានមនុស្សជាជ្រុងមួយនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋា ភិបាលហើយក្រសួងអប់រំយុវជននិងកីឡាបានដាក់ចេញនៅទិសស្លោកមួយថា ការអប់រំសំរាប់ទាំងអស់គ្នា ទាំងអស់ គ្នាដើម្បីការអប់រំ។ មើលឃើញពីតំរូវការចាំបាច់របស់សិស្សនិស្សិតនិងជាការចូលរួមជួយកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យក្នុងការចំណាយថវិកាផ្ដល់ដល់ការសិក្សានៅថ្នាក់មហាវិទ្យាល័យ របស់កូនចៅ ទាំងថ្លៃសិក្សាទាំងការជួលផ្ទះ ការធ្វើដំណើរនិងការចំណាយផ្សេង ទៀត នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រីនិងលោកជំទាវ ម៉ៅ ម៉ាល័យ បានចំណាយថវិកាផ្ទាល់ខ្លួនជាច្រើនរួមជាមួយសប្បុរសជនក្នុងនិងក្រៅប្រទេសមន្ត្រីរាជការ អាជ្ញាធរដែនដី ក្នុងខេត្តបានកសាងសកលវិទ្យាល័យមានជ័យជាគ្រឹះស្ថានសាធារណៈនេះឡើងក្នុងខេត្តបន្ទាយមានជ័យ ។
លោក ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាក៏បានមានប្រសាសន៍សំណេះ សំណាលនិងផ្ដាំផ្ញើដល់លោកសាកលវិទ្យាធិការដែលទើបតែងតាំងថ្មីត្រូវបន្តការដឹកនាំអោយបានល្អនិងមានប្រសិទ្ធភាពខ្ពស់។ ក្នុងនោះឯកឧត្តមបានធ្វើការកោតសរសើរផងដែរដល់សាកលវិទ្យាធិការ សាកលវិទ្យាធិការរង ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង ដែលបានខិតខំបង្ហាត់បង្រៀនផ្ដល់នូវចំណេះដឹងដល់សិស្សនិស្សិតគ្រប់ជំនាញដើម្បីអោយសិស្សនិស្សិតទាំងនោះក្លាយទៅជាធនធានមនុស្សមានសមត្ថភាពគុណភាពនឹងជំនាញច្បាស់លាស់ អាចដឹកនាំការងារទៅអនាគតបាន ៕
