
នាង Janice Man រវល់ការងាររហូតគ្មានពេលជួបមិត្ដប្រុស
ដោយ ៖ ភារៈ ថ្ងៃទី 28 កក្កដា 2011ម៉ោង 06:32:52
កាលពីប៉ុន្មានថ្ងៃមុននេះ តារាភាពយន្ដល្បីល្បាញរបស់ហុងកុងដូចជា Julian Cheung, Chi Lam និងនាង Janice Man បានចូលរួមក្នុងពិធីបង្ហាញម៉ូដសម្លៀកបំពាក់មួយ ។ បន្ទាប់ពីពិធីបង្ហាញម៉ូដនោះ នាង Janice Man នឹងចូលរួមសម្ដែងក្នុងខ្សែភាពយន្ដថ្មីមួយទៀតដែលមានចំណងជើងថា “NIGHTFALL” ។ នៅក្នុងខ្សែភាពយន្ដថ្មីនោះ នាងJanice Manត្រូវសម្ដែងជានារីម្នាក់ ដែលមានចរិតស្រគត់ស្រគំមានទុក្ខក្រៀមក្រំ។ ដោយសារតែតួអង្គក្នុងរឿង ថ្មីនេះ នាងត្រូវសម្ងំតែនៅក្នុងផ្ទះដើម្បី ស្ដាប់បទចម្រៀង អានប៉ារ៉ូលរឿង និងហ្វឹកហាត់ការលេងព្យ៉ាណូបន្ថែមឱ្យកាន់តែស្ទាត់ជំនាញ។
ប្រភពព័ត៌មានបានឱ្យដឹងថា ក្រៅពីជំនួយការរបស់ក្រុមហ៊ុនផលិតខ្សែភាពយន្ដនោះ នាងមិនព្រមជួបមុខនរណាទាំងអស់ ។ នៅពេលដែលអ្នកយកព័ត៌មានសួរថា តើនាងមានការបារម្ភឬទេ ចំពោះអត្ដចរិតនៃតួដែលនាងត្រូវសម្ដែងក្នុងខ្សែរឿងថ្មីនេះ ហើយតើនាងអាចនឹងបោះបង់ចោលវាដែរឬទេ? នាងបានឆ្លើយថា នាងចង់ព្យាយាមវិភាគអំពី តួអង្គនោះដោយខ្លួននាងផ្ទាល់ គឺនឹងវិភាគឱ្យបានច្រើនបំផុតតាមដែលនាង អាចធ្វើទៅបានដើម្បីឱ្យថ្នឹកនឹងតួអង្គនោះ។
តារាភាពយន្ដល្បីល្បាញសម្រស់សោភា Janice Man បានឱ្យដឹងទៀតថា នាងចង់មានពេលសម្រាកក្រោយពេល បញ្ចប់ឈុតនីមួយៗនៃខ្សែភាពយន្ដនោះ។ មុននេះមិនយូរប៉ុន្មានមានពាក្យ ចចាមអារ៉ាមថាទំនាក់ទំនងស្នេហារវាងនាងនិងមិត្ដប្រុសកំពុងឈានដល់ដំណាក់កាលប្រេះឆា។ នាងបាននិយាយ អំពីការងារបន្ដដោយព្យាយាមគេចវេះពីការឆ្លើយតបនឹងអ្នកយកព័ត៌មានអំពីរឿងរ៉ាវស្នេហារបស់នាងថា “អត់ទេ ពេលនេះខ្ញុំមិនចង់ជួបនរណាទាំងអស់”។ នៅពេលសួរថា តើស្នេហារបស់នាងបានបែកបាក់ហើយមែនទេ? នាងបានឆ្លើយថា “ពេលនេះ ខ្ញុំពិតជាមិនអាចទាន់ជួបនរណាម្នាក់បាននៅឡើយទេ។ ខ្ញុំត្រូវតែព្យាយាមថតឱ្យចប់ខ្សែភាពយន្ដថ្មីនេះសិន ហើយខ្ញុំសង្ឃឹមថាគាត់ (មិត្ដប្រុស) នឹងយល់អំពីការងាររបស់ខ្ញុំ”៕
