
Cherie Chung គ្មានគម្រោងត្រឡប់ចូលវិស័យសិល្បៈវិញទេ
ដោយ ៖ ភារៈ ថ្ងៃទី 29 កក្កដា 2011ម៉ោង 06:35:38
តារាភាពយន្ដជើងចាស់ដ៏ល្បីល្បាញរបស់ហុងកុង នាង Cherie Chung ដែល បានចាកចេញពីពិភពសិល្បៈតាំងពីដើមទសវត្សឆ្នាំ៩០នោះ ថ្មីៗនេះបានបង្ហាញ ខ្លួននៅក្នុងពិធីសម្ពោធហាងលក់គ្រឿងអលង្ការដ៏ទំនើបមួយនៅទីក្រុងChong Qing ប្រទេសចិន ។
បណ្ដាញផ្សព្វផ្សាយមួយបានបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ ជាមួយនឹងឈុតរ៉ូបប៉ាក់ពណ៌ខ្មៅកស្រួចបង្ហាញគល់សុដន់សទ្រលុកទ្រលន់ ធ្វើឱ្យតារាភាពយន្ដជើងចាស់ដ៏ល្បីល្បាញប្រកបដោយទេពកោសល្យវ័យ៥១ឆ្នាំរូបនេះក្លាយជានារីដ៏ស្រស់ស្អាតម្នាក់ ដែលធ្វើឱ្យអ្នក ចូលរួមទាំងអស់ស្ទើរតែមិនជឿនឹងភ្នែក។
យោងបុគ្គលិកបម្រើការនៅពិធីបើកសម្ពោធហាងលក់គ្រឿងអលង្ការថ្មីនោះបានឱ្យដឹងថា នៅក្នុងពិធីនោះ នាង Cherie Chungហាក់ដូចជាមិនមានកិច្ច សម្ភាសន៍ជាមួយក្រុមអ្នកយកព័ត៌មានណាម្នាក់ទេ ដោយនាងគ្រាន់តែរក្សានូវ ស្នាមញញឹមចំពោះគ្រប់គ្នានៅក្នុងពិធីនោះតែប៉ុណ្ណោះ។ ប្រភពដដែលបញ្ជាក់ទៀតថា នាង Cherie Chung ទៅចូលរួមក្នុងពិធីនោះ គឺគ្រាន់តែក្នុងនាមជាភ្ញៀវធម្មតាម្នាក់តែប៉ុណ្ណោះ មិនមានលិខិតអញ្ជើញជាពិសេសអ្វីទេ ហើយនាងក៏អង្គុយនៅកៅអីដូចភ្ញៀវធម្មតាដែរ។
នៅពេលអ្នកយកព័ត៌មានសួរនាងថា តើការបង្ហាញខ្លួនជាសាធារណៈលើកនេះ ក្នុងន័យនៃការវិលត្រឡប់ចូលវិស័យសិល្បៈវិញមែនទេ? នាង Cherie Chung បានឆ្លើយថា ទោះបីជាច្រើនឆ្នាំកន្លងមកមានចាងហ្វាងផលិតកម្មជាច្រើនបានទាក់ទងនាងឱ្យចូលរួមសម្ដែងក្នុងខ្សែភាពយន្ដរបស់ពួកគេក៏ដោយក៏នាងគិត ថាតួអង្គដែលពួកគេស្នើនោះមិនសក្ដិសមចំពោះនាងទេ។ ពេលនេះនាងក៏គ្មានផែនការត្រឡប់ចូលបម្រើទស្សនិកជនក្នុងវិស័យសម្ដែងវិញដែរ ។
គួររំឭកថា ស្វាមីរបស់អ្នកស្រី Cherie Chung បានបាត់បង់ជីវិតដោយ សារជំងឺមហារីកពោះវៀនធំកាលពី៤ ឆ្នាំមុន ។ នៅពេលត្រូវសួរថា តើនាងមានទំនាក់ទំនងស្នេហាជាមួយនរណាទៀតទេក្រោយពេលស្វាមីចែកឋានទៅ នោះ, នាង Cherie Chung ឆ្លើយថា “សូមកុំនិយាយដល់រឿងហ្នឹងអី” ៕
