
បុរស៣ចូលស្ដីពេលតែមួយ តើនាងខ្ញុំសម្រេចចិត្តយកមួយណា?
ដោយ ៖ ពូនគរវត្ត ថ្ងៃទី 30 កញ្ញា 2010ម៉ោង 11:28:58
នាងខ្ញុំឈ្មោះស .ចិន្ដាអាយុ២១ឆ្នាំរស់នៅទីរួមខេត្ដកំពង់ធំសូមគោរពចូលមក លោកពូ នគរវត្ដ ជាទីគោរពរាប់អាន !
ដោយនាងខ្ញុំកំពុងមានវិបត្ដិផ្ទាល់ខ្លួនដោះស្រាយមិនចេញហើយចង់ឱ្យលោកពូ ជួយដោះស្រាយតើគួរឱ្យនាងខ្ញុំបោះបង់មួយណា ចោលមួយណាខណៈដែលមានបុរស ៣នាក់ បានចាប់ផ្ដើមចូលស្ដីដណ្ដឹងនាងខ្ញុំក្នុងពេលតែមួយ ។
លោកពូ “នគរវត្ដ ”ជាទីគោរព !
អ្វីដែលនាងខ្ញុំចង់និយាយនៅពេលនេះ គឺអនាគតដ៏វែងឆ្ងាយដែលស្ដ្រីគ្រប់រូបចង់បាន ស្វាមីដ៏ឧត្ដមដើម្បីបានរួមរស់នៅជាមួយគ្នាដល់ចាស់ស្លាប់រៀងៗខ្លួន។ ខ្ញុំមិនលាក់ បាំងទេចាប់តាំងពីខ្ញុំឈប់រៀននៅវិទ្យាល័យហើយមកជួយរកស៊ីលក់ដូរម៉ាក់នៅផ្សារកំពង់ធំនេះខ្ញុំមានមិត្ដប្រុសម្នាក់រៀនជាមួយគ្នាតែងមកលេងនឹងខ្ញុំជាញឹកញាប់។ការ រាប់អានគ្នានេះមិនយូរប៉ុន្មានក៏បានក្លាយជាចំណងស្នេហ៍បាត់មុខគ្នាលែងបាន ហើយ យើងទាំងពីរបានសាងអនុស្សាវរីយ៍រាប់មិនអស់រួចថែមទាំងស្បថសច្ចាថាយកគ្នាជាប្ដីប្រពន្ធឱ្យខាងតែបាន ។ បង សុវណ្ណថា (សង្សារ ) មានអាយុបងខ្ញុំជាង៤ឆ្នាំ គាត់ជា មនុស្សហ្មត់ចត់នឹងការងារ តែមានជីវភាពមិនធូរធារទេគឺរស់ដោយពឹងផ្អែកបៀវត្សរ៍ របស់អង្គការសង្គមស៊ីវីល ប្រចាំខេត្ដកំពង់ធំមួយខែ ២៥០ដុល្លារ ព្រមទាំងមានបង ប្អូនដល់ទៅ៥នាក់ឯណោះ។យើងទាំងពីរស្រលាញ់គ្នាណាស់តែយើងមិនបានធ្វើអ្វីក្បត់ នឹងប្រពៃណីឡើយ។ មុននេះមួយខែ មានបុរសវ័យចំណាស់ម្នាក់មកពីអូស្ដ្រាលី បានមកលេងផ្ទះមិត្ដភក្ដិខ្ញុំ ហើយបានសំឡឹងឃើញខ្ញុំក៏ចូលទៅសួរចិត្ដម្ដាយខ្ញុំក្នុង គោលបំណងស្ដីដណ្ដឹងខ្ញុំដើម្បីទៅរស់នៅប្រទេសអូស្ដ្រាលីជាមួយគេ ។ មិនបាន មួយអាទិត្យផង ស្រាប់តែមានបុរសម្នាក់ទៀតជាកូនពាណិជ្ជករនៅខេត្ដកំពង់ចាម បានចូលមកចែចូវសុំ ស្ដីដណ្ដឹងខ្ញុំម្ដងទៀត ។
លោកពូជាទីគោរព ! ក្នុងគ្រានេះហើយដែលធ្វើឱ្យនាងខ្ញុំវិលវល់គិតអីលែងចេញ ។ ក្រុមគ្រួសារខ្ញុំមិនហ៊ានសម្រេចចិត្ដលើកខ្ញុំឱ្យបុរសមួយណាភ្លាមៗទេ ។ ដោយគាត់ ទុកឱកាសនេះឱ្យខ្ញុំសម្រេចចិត្ដដោយខ្លួនឯង ព្រោះពួកគាត់គិតថាប្រសិនបើពួកគាត់ សម្រេចចិត្ដទៅខ្លាចថ្ងៃក្រោយមានកំហុសអ្វីមួយខ្ញុំបន្ទោសពួកគាត់ ។ ប៉ុន្ដែទោះជា ពួកគាត់បានឱ្យខ្ញុំធ្វើការសម្រេចចិត្ដដោយខ្លួនឯងពិតមែនតែពួកគាត់បានលើកគំនិតល្អៗ និងហេតុផលជាច្រើនឱ្យខ្ញុំពិចារណាគឺ ទី១ បើយកបង សុវណ្ណថា ឃើញថា គ្រួសារនេះមានជីវភាពយ៉ាប់យ៉ឺននិងមានបងប្អូនច្រើនណាស់ខ្លាចខ្ញុំវេទនានឹងការ ចិញ្ចឹមពួកគេ។ ទី២បើយកបុរសនៅប្រទេសអូស្ដ្រាលីឃើញថា គេមានជីវភាពធូរ ធារតែគេមានវ័យចំណាស់មិនដឹងថា គេមានប្រពន្ធហើយឬនៅឬគ្រាន់តែជាការ លេងសើចរបស់បុរសវ័យចំណាស់រូបនោះផង ។ ទី៣ប្រសិនបើយកបុរស ម្នាក់នៅ ខេត្ដកំពង់ចាម ដែលជាអ្នករកស៊ីធំៗពួកគាត់គិតថាគ្រួសារខ្ញុំជាអ្នករកស៊ីតូចតាច ខ្លាចមិនចេះរកស៊ីជាមួយនាងនាំតែគេមើលងាយ ។ ត្រង់ចំណុចនេះហើយដែលធ្វើឱ្យ នាងខ្ញុំដោះស្រាយមិនចេញហើយសម្រេចសរសេរជាសំណួរឱ្យលោកពូជួយដោះស្រាយ។ សូម លោកពូមេត្ដាជួយផ្ដល់យោបល់ឱ្យខ្ញុំផង តើបុរសទាំង៣គួរចោលមួយណាទុក មួយណា ? ពីខ្ញុំ ៖ ស .ចិន្ដា
ពូនគរវត្ដៈក្មួយស្រី ស .ចិន្ដា គួរឱ្យអាណិត !បើពូគិតមិនខុសទេក្មួយស្រីពិតជាមាន រូបសម្ជស្សស្អាតណាស់មែនទេ បានជាមានប្រុសបីនាក់ចូលស្ដីដណ្ដឹងក្នុងពេលតែ មួយ។ជាការពិតហើយដែលមនុស្សស្រីទាំងឡាយនៅពេលពេញវ័យរមែងមានស្វាមី ដោយចៀសមិនរួច។ប៉ុន្ដែការសម្រេចចិត្ដយកស្វាមីបែបណានោះវាមិនអាស្រ័យ លើទ្រព្យសម្បត្ដិជាធំនោះទេ គឺត្រូវមើលពីលក្ខណៈសម្បត្ដិបុគ្គលនីមួយៗផង ។ ពាក្យចាស់បុរាណតែងពោលថា “ធ្វើស្រែខុសមួយឆ្នាំត្រូវមួយឆ្នាំតែបើយកប្ដីខុសម្ដងគឺខុសមួយជីវិត ”ត្រង់នេះហើយដែលពូនគរវត្ដគិតថាក្មួយពិតជាពិបាកក្នុងការសម្រេច ចិត្ដជ្រើសរើសមិត្ដមួយរយឆ្នាំ ។ ពូនគរវត្ដមិនហ៊ានអារកាត់ក្នុងរឿងសុភមង្គល របស់ក្មួយស្រីទេ ប៉ុន្ដែខាងក្រោមនេះគឺជាគំនិតល្អដែល នគរវត្ដ លើកមកឱ្យក្មួយស្រី ពិចារណា ។ សម្រាប់បុរសទី១ ដែលក្មួយស្រីចាត់ទុកជាសង្សារ និងជាបុរសដែលស្គាល់ ចិត្ដមុនគេក្នុងខណៈដែលគេមានបៀវត្សរ៍ត្រឹម២៥០ដុល្លារហើយរ៉ាប់រងជីវភាពមួយ គ្រួសារដោយមិនទាន់គិតក្មួយស្រីជាសមាជិកថ្មីីផងនោះសួរថា តើក្មួយអាចរ៉ាប់រង បានទេ ?សួរថា ក្មួយមិនមានជំនាញអ្វីក្រៅពីលក់ដូរ តើអាចរស់នៅជាមួយស្វាមី មានបៀវត្សរ៍មធ្យមបែបនេះបានទេ ? សម្រាប់បុរសទី២ ដែលមានវ័យចំណាស់ និងរស់នៅឆ្លងទ្វីបរាប់ពាន់គីឡូម៉ែត្រ តើក្មួយមានបានសិក្សាថា គេមានប្រពន្ធហើយ ឬនៅ ? តើគេចូលចិត្ដរស់នៅជាមួយយើងដែលក្រលំបាកទេ ? បើក្មួយមានជំនាញ ត្រឹមតែលក់ដូរតើអាចរស់នៅដោយគេចិញ្ចឹមបានទេ ?តើគេសុខចិត្ដឱ្យយើងដេកស្រួលរស់ស្រួលលើគំនរទ្រព្យគេបានទេ ? រីឯបុរសទី៣ដែលគេមានមុខជំនួញជាអ្នករកស៊ី ដោយកម្លាំងញើសឈាមនិងមាននិស្ស័យជាអ្នករកស៊ីលក់ដូរដូចក្មួយស្រីដែរតើគេមានឆន្ទះរស់នៅរកមានបានជាមួយគ្នាបានទេ ? តើគេមានចំណូលចិត្ដរកដើមទុនឱ្យ ក្មួយរកស៊ីបានទេ ? តើគេអាចទុកចិត្ដលើក្មួយទេនៅពេលដែលគេលួចសរសើរថា ក្មួយជាស្រីចេះរកស៊ីរកផលចំណេញឱ្យគ្រួសារនោះ ? ជម្រើសមានតែមួយគត់គឺ “សំណាបយោងដីស្រីយោងប្រុស ”បានន័យថា បើប្រុសមានជំនាញរកស៊ីក្មួយស្រីចេះលក់ដូរ ធាតុផ្សំពីរនេះអាចធ្វើឱ្យអនាគតក្មួយភ្លឺស្វាង និងមានសុភមង្គលយូរអង្វែង។ ត្រង់នេះនគរវត្ដគ្រាន់តែលើកឡើងឱ្យក្មួយស្រីធ្វើការពិចារណាហើយមិនមែនបន្ដុះ បង្អាប់បុរសទី១ និងទី២ ថា ជាមនុស្សអសមត្ថភាពនោះទេត្រូវដឹងថា ពួកគេ ក៏អាចជាមនុស្សមានមនសិការចង់ឱ្យមានសុភមង្គលដូចតែគ្នា៕
