ជ​ប៉ុន​ស្នើ​ភៀស​ខ្លួន​ពលរដ្ឋ​ជិត​២សែន​នាក់​ដោយសារ​តែ​ភ្លៀង​ធ្លាក់​​ខ្លាំង

ដោយ​ ៖ ម៉ែវ សាធី ថ្ងៃទី 30 កក្កដា 2011ម៉ោង 07:12:16

សារ​ព័ត៌មាន​អា​អេ​ហ្វ​ប៉េ​បាន​ផ្សព្វ​ផ្សាយ​ថា​ ​ជ​ប៉ុន​បាន​ជម្លៀស​ពលរដ្ឋ​១៨០ពាន់​នាក់​រស់​នៅ​តំបន់​នី​ហ្កា​តា​ ​និង​ខេ​ត្ដ​ហ្វូ​គូ​ស៊ី​ម៉ា​ដែល​ទទួល​រង​ផល​ប៉ះ​ពាល់​ដោយ​គ្រោះ​ម​ហ​ន្ដ​រាយ​ធម្ម​ជាតិ​ ​កាល​ពី​ខែ​មី​នា​ត្រូវ​ជម្លៀស​ខ្លួន​ជា​បន្ទាន់​ទៅ​កាន់​តំបន់​ខ្ពស់​ក្រោយ​ពេល​ភ្លៀង​ធ្លាក់​ ​ខ្លាំង​បង្ក​ជា​ទឹក​ជំនន់​​ធ្វើ​ឱ្យ​ពលរដ្ឋ​៥នាក់​បាត់​ខ្លួន​ ​។

នៅ​ទី​ក្រុង​សេន​ចូ​ខេ​ត្ដ​នី​ហ្កា​តា​ចម្ងាយ​​ពី​ទី​ក្រុង​តូ​ក្យូ​២០០គីឡូម៉ែត្រ​នៅ​ភាគ​ខាង​ជើង​បាន​ស្នើ​ពលរដ្ឋ​ទាំង​អស់​នៅ​ទី​ ​នោះ​ឱ្យ​ភៀស​ខ្លួន​ទៅ​កាន់​មជ្ឈមណ្ឌល​ជន​ភៀស​ខ្លួន​ ​។ ភ្លៀង​ធ្លាក់​ខ្លាំង​ធ្វើ​ឱ្យ​តំបន់​មួយ​ចំនួន​គ្រប​ដណ្ដប់​ដោយ​ទឹក​ជំនន់​ ​។

លោក​អា​យ៉ា​កា​ ​ហូ​ស៊ី​ ​អ្នក​នាំ​ពាក្យ​ទី​ក្រុង​សា​ម​ចូ​បាន​ឱ្យ​ដឹង​ថា​ ​បច្ចុប្បន្ន​ ​មិន​ទាន់​មាន​សេចក្ដី​ប្រកាស​ណា​មួយ​ស្ដី​ ​ពី​ការ​ស្លាប់​ ​ប៉ុន្ដែ​យើង​ចាំបាច់​ត្រូវ​តែ​ ​ប្រកាស​ឱ្យ​ពលរដ្ឋ​ត្រូវ​តែ​ភៀស​ខ្លួន​កាន់​ ​តែ​ឆាប់​កាន់តែ​ល្អ​

ទី​ក្រុង​នី​ហ្កា​តា​មាន​ពលរដ្ឋ​៧២ពាន់​ ​នាក់​ត្រូវ​គេ​ស្នើ​ឱ្យ​ភៀស​ខ្លួន​ជា​បន្ទាន់​ ​។ ចំណែក​នៅ​ខេ​ត្ដ​ហ្វូ​គូ​ស៊ី​ម៉ា​នៅ​ស្រុក​ ​តា​ដា​មី​ ​រ​ដ្ឋា​ភិ​បា​ល​ក៏​បាន​ស្នើ​ពលរដ្ឋ​ ​ប្រមាណ​៤.៩០០នាក់​ភៀស​ខ្លួន​ ​។ នៅ​ក្នុង​តំបន់​នេះ​មាន​បុរស​វ័​យ​ចំណាស់​២ នាក់​បាន​បាត់​ខ្លួន​ផង​ដែរ​ ​។

ប៉ូលិស​នៅ​តំបន់​នី​ហ្កា​តា​បាន​ឱ្យ​ដឹង​ថា​ ​សមាជិក​៣នាក់​នៅ​ក្នុង​គ្រួសារ​មួយ​ ​នាទី​ក្រុង​កូ​តា​ម៉ា​ជី​ត្រូវ​ទឹក​ជំនន់​នៅ​លើ​ ​ដង​ទន្លេ​មួយ​កួច​ទៅ​ ​ហើយ​មនុស្ស​២នាក់​ ​ក្នុង​ចំណោម​៣នាក់​ត្រូវ​គេ​ជួយ​ស​ង្គ្រោះ​ នៅ​សល់​អ្នក​ទី​៣គឺ​លោក​យាយ​ដែល​ ​មាន​អាយុ​៩១ឆ្នាំ​បាត់​ខ្លួន​ ​។

ម​ន្ដ្រី​ទទួល​ខុស​ត្រូវ​បាន​ស្នើ​កង​កម្លាំង​ ​ទាហាន​ជ​ប៉ុន​ចូល​រួម​ស្វែង​រក​អ្នក​ដែល​​បាត់​ខ្លួន​ ​និង​ជួយ​ដល់​ពលរដ្ឋ​ដែល​ជាប់​គាំង​ដោយ​គ្រោះ​ទឹក​ជំនន់​បណ្ដាល​មក​ពី​ ​ភ្លៀង​ធ្លាក់​ខ្លាំង​នោះ​ ​។

មាន​ផ្ទះ​ជាង​៧០ពាន់​ខ្នង​នៅ​ខេ​ត្ដ​នី​ហ្កា​ តា​និង​ហ្វូ​គូ​ស៊ី​ម៉ា​គ្មាន​អគ្គិ​ស​នី​ប្រើ​ប្រាស់​ ​និង​ផ្ទះ​ជា​ច្រើន​ខ្នង​ត្រូវ​លិច​លង់​ដោយ​ទឹកជំនន់​ ៕