
រញ្ជួយដីយ៉ាងខ្លាំងបន្ដវាយប្រហារជប៉ុន
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 19 សីហា 2011ម៉ោង 07:56:22
មានការរញ្ជួយដីកម្រិត៦,៨រ៉ិចទ័រ នៅតំបន់សមុទ្រក្នុងភាគឦសានប្រទេសជប៉ុននាថ្ងៃទី១៩ សីហា ធ្វើឱ្យមន្ដ្រីក្នុងតំបន់ត្រូវប្រកាសអាសន្នពីរលកយក្សស៊ូណាមិដល់ពលរដ្ឋដែលរស់នៅតាមឆ្នេរសមុទ្រ ។
តាមអង្គការព្យាករណ៍អាកាសធាតុជប៉ុន (JMA) បានឱ្យដឹងថា ការរញ្ជួយដីកើតឡើងនៅវេលាម៉ោង១៤:៣៦នាទី (ម៉ោងក្នុងតំបន់)ថ្ងៃទី១៩ សីហា ក្នុង ជម្រៅ២០គីឡូម៉ែត្រតំបន់សមុទ្រហ្វូគូស៊ីម៉ា ។
តាមព័ត៌មានពី JMA ការរញ្ជួយដីបង្កឱ្យអគារជាច្រើនខ្ពស់ៗនៅទីក្រុងតូក្យូកម្រើកញាប់ញ័រផងដែរ ។ មន្ដ្រីក្នុងតំបន់បានឱ្យដឹងថា ការរញ្ជួយដីនោះ អាចបង្កឱ្យមានរលកស៊ូណាមិកម្ពស់ ជាងកន្លះម៉ែត្រវាយប្រហារចូលមក ច្រាំងភាគឦសាន រួមទាំងទីតាំងរោង ចក្រអគ្គិសនីបរមាណូហ្វូគូស៊ីម៉ាផងដែរ ។
មកទល់ពេលនេះមិនទាន់មានរបាយ ការណ៍មួយស្ដីពីការស្លាប់និងរងរបួស ឬការខូចខាតបណ្ដាលមកពីការរញ្ជួយដីនោះនៅឡើយ ៕
