
ខ្សឹបដាក់ត្រចៀក ៖ ប្រធានពន្ធនាគារខេត្ដកណ្ដាលមានក្លិនមិនស្រួល
ដោយ ៖ សហការី ថ្ងៃទី 20 សីហា 2011ម៉ោង 11:11:09
លោកមួង សំអាត ប្រធានពន្ធនាគារខេត្ដកណ្ដាល កំពុងរងនូវការរិះគន់យ៉ាង ក្រុមគ្រួសាររបស់ពិរុទ្ធជនក៏ដូចជាទណ្ឌិត ព្រោះតែការ ចំណាយប្រាក់យ៉ាងច្រើនសម្រាប់ការសួរសុខទុក្ខសាច់ញាតិរបស់ខ្លួន ដែលជាប់ នៅក្នុងពន្ធនាគារ ។ គេបានរៀបរាប់ថា ប្រសិនបើពិរុទ្ធជនត្រូវបានឃុំខ្លួនថ្មីថ្មោង ពេលមកសួរសុខទុក្ខ ក្រុមគ្រួសាររបស់ពិរុទ្ធជននេះ ត្រូវចំណាយប្រាក់យ៉ាងច្រើន ទើបលោកមួង សំអាត ប្រធានពន្ធនាគារអនុញ្ញាតឱ្យចូលជួប ដោយលើក ហេតុផលថា ក្រសួងមហាផ្ទៃក៏ដូចជាតុលាការមិនអនុញ្ញាតឱ្យក្រុមគ្រួសារពិរុទ្ធ ជនមកសួរសុខទុក្ខ បើមិនទាន់បានរយៈពេល២សបា្ដហ៍ ឬមួយខែ ។
កន្លងមករាល់ការដោះលែងពិរុទ្ធជនដែលត្រូវបានសាលាដំបូងខេត្ដកណ្ដាល លើកលែងការចោទប្រកាន់ ចំពោះបែបបទដែលត្រូវពាក់ព័ន្ធជាមួយនឹងពន្ធនាគារ ខេត្ដកណ្ដាល លោកមួង សំអាត តែងតែទាមទារក្នុងតម្លៃពី៥០ដុល្លារ -១០០ដុល្លារ ។
មន្ដ្រីអនុរក្សពន្ធនាគារក៏បានធ្លោយឱ្យដឹងផងដែរថា ដោយសារតែបញ្ហាកឹប កេងទៅលើរបបឧបត្ថម្ភសម្រាប់អាហាររបស់ពិរុទ្ធជន និងទណ្ឌិតនៅក្នុងពន្ធនាគារ នេះ ទើបគេឃើញមានកង្វះខាតយ៉ាងខ្លាំង ដែលម្ហូបអាហារមិនមានលក្ខណៈ សមស្រប ហើយក៏មិនតុល្យភាពគ្នាទៅនឹងចំនួនទឹកប្រាក់សម្រាប់ឧបត្ថម្ភអ្នកជាប់ ឃុំនោះ ។ លោកមួង សំអាត តែងតែរកឱកាសទាញយកផលប្រយោជន៍ពីអ្នក ទោសនៅក្នុងពន្ធនាគារនេះគ្រប់ៗគ្នា តាំងពីក្រុមគ្រួសារមកសួរសុខទុក្ខបង្ខំឱ្យបង់ ប្រាក់ ការដោះលែងដោយតុលាការក៏ត្រូវបង់ប្រាក់ ហើយចំណុចដែលកំពុងកើត មានជាប្រចាំ ពេលដែលពិរុទ្ធជន និងទណ្ឌិតត្រូវសុំការផ្លាស់បន្ទប់ ពីបន្ទប់មួយទៅ បន្ទប់មួយក៏ត្រូវបង់ប្រាក់ មិនតែប៉ុណ្ណោះការចេញសម្រាកកាយក៏ត្រូវបង់ប្រាក់ បើពុំបានបង់ប្រាក់ទេ ពិរុទ្ធជន និងទណ្ឌិតអនុញ្ញាតបានចេញខាងក្រៅ ដែលគេហៅ ថា មកហាត់ប្រាណនោះក្នុងរយៈពេលត្រឹម១៥នាទីទៅកន្លះម៉ោងប៉ុណ្ណោះ ចំណែក ឯអ្នកដែលបានបង់ប្រាក់ គឺអនុញ្ញាតឱ្យចេញលម្ហែកាយខាងក្រៅក្នុងពន្ធនាគារ ទាំងព្រឹកទាំងល្ងាច ជាមួយនឹងម៉ោងរដ្ឋបាលររបស់មន្ដ្រីអនុរក្សពន្ធនាគារ៕
