
ខ្សឹបដាក់ត្រចៀក ៖ សេវាផ្ទេរគ្រូនៅមន្ទីរអប់រំខេត្ដស្វាយរៀងថោកៗ
ប្រភពខ្សឹបខ្សៀវចេញពីគ្រូបង្រៀននៅតាមបណ្ដាស្រុកមួយចំនួននៅខេត្ដ ស្វាយរៀងបានឱ្យដឹងថា គ្រូៗនៅតាមទីជនបទដែលមានបំណងផ្ទេរមកកាន់ក្រុង ស្វាយរៀង ចំណាយប្រាក់២០០ដុល្លារអាចចាត់ការបានដោយងាយ ។ បើប្រៀប ធៀបទៅនឹងមន្ទីរអប់រំខេត្ដដទៃទៀតចំនួនទឹកប្រាក់២០០ដុល្លារ ដែលលោកប្រធាន មន្ទីរអប់រំខេត្ដស្វាយរៀងកំណត់យកពីលោកគ្រូ អ្នកគ្រូនោះ ឃើញថាថោកគួរ សមជាងបណ្ដាមន្ទីរអប់រំខេត្ដដទៃទៀត ។
ប្រភពព័ត៌មានបានឱ្យដឹងថា នៅក្នុងឆ្នាំសិក្សា២០១១-២០១២ខាងមុខនេះ មានគ្រូបង្រៀន៥រូបរួចហើយ ដែលបានរត់ការផ្ទេរចេញពីសាលារៀននៅតាម ស្រុកចូលមកបង្រៀននៅវិទ្យាល័យស្វាយរៀង ។ ប្រភពបានប្រាប់ទាំងឈ្មោះគ្រូ ដែលចំណាយប្រាក់នោះទៀតផង ។ ប៉ុន្ដែយើងមិនបង្ហាញឈ្មោះគាត់នោះទេ ។ គ្រូ បង្រៀនទាំង៥រូប ម្នាក់ៗចំណាយ២០០ដុល្លារ ។
បើតាមប្រភពខ្សឹបថា សេវានៃការសុំផ្លាស់ចេញមិនថ្លៃទេ ប៉ុន្ដែនៅក្នុងមន្ទីរ អប់រំខេត្ដកំណត់យកថ្លៃ២០០ដុល្លារនោះ ។ លោកគ្រូបង្រៀន ដែលទើបតែផ្ទេរ បានធ្លោយមាត់ថា លោក ចាន់ សំណល់ ប្រធានការិយាល័យបុគ្គលិក និងចាត់ តាំងជាអ្នករៀបចំសេវាជូនលោកប្រធានមន្ទីរ ។ ជាគោលការណ៍របស់ក្រសួង អប់រំយ៉ាងនោះ គេមិនដឹងទេ ប៉ុន្ដែជាទូទៅសេវារត់ការបែបនេះ បើនៅខេត្ដផ្សេងៗ ទៀតដូចជាថ្លៃជាងខេត្ដស្វាយរៀងនេះផង ។
យ៉ាងណាក៏ដោយគ្រូបង្រៀនម្នាក់ដែលរត់ការរួចហើយ បានអះអាងថា សម្រាប់ គ្រូបង្រៀននៅខេត្ដស្វាយរៀងប្រាក់២០០ដុល្លារនោះ ថ្លៃគួរសមដែរ ។ គេរំពឹងថា ក្រសួងអប់រំ យុវជន និងកីឡា នឹងពិនិត្យមើលរឿងនេះឡើងវិញ ៕
