
ឧបនាយករដ្ឋមន្ត្រីបណ្ឌិតសភាចារ្យ សុខ អាន ប្រាប់យុវជនកម្ពុជាឲ្យសិក្សារៀនសូត្រអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ចិន
ភ្នំពេញថ្ងៃទី02/09/2011៖ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានផ្តល់ដំបូន្មាន ដល់ក្រុមយុវជនកម្ពុជាឲ្យសិក្សាបន្ថែមទៀត អំពីការដែលសាធារណរដ្ឋប្រជាមានិតចិនបានទទួលនូវការអភិវឌ្ឍន៍ដ៏ធំសម្បើមគ្រប់វិស័យនៅក្នុងរយៈកាលពីរទសវត្សកន្លងមក។
បណ្ឌិតសភាចារ្យ សុខ អាន បានជួបសំណេះសំណាលជាមួយក្រុមយុវជនកម្ពុជាចំនួន ៣៤ នាក់ ដែលនឹងចាកចេញនៅថ្ងៃទី៤ ខែកញ្ញា ដើម្បីទៅចូលរួមកម្មវិធីបណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេងអាស៊ាននៅក្រុងណាននិង ខេត្តគ័ងស៊ី នៃសាធារណរដ្ឋប្រជា មានិតចិន ហើយឯកឧត្តមបានមានប្រសាសន៍ថា ពួកគេត្រូវការរៀនសូត្របទពិសោធន៍ល្អពីមិត្តចិនរបស់យើង។
បណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ថា ក្រុងប៉េកាំងបានពង្រីកនយោបាយការបរទេសរបស់ខ្លួនជាមួយបណ្តាប្រទេសដ៏ទៃទៀតនៅអាស៊ី អឺរ៉ុប និង អាហ្វ្រិក តាមរយៈការបង្កើនការវិនិយោគ និងពាណិជ្ជកម្មរបស់ខ្លួន។
បណ្ឌិតសភាចារ្យបានមានប្រសាសន៍ថា ការរីកចំរើនរបស់ចិនក៏បានរួមវិភាគទានការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងតំបន់ផងដែរតាម រយៈតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ដែលបានចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០១០។
បណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ថា ”ការធ្វើដំណើររបស់ក្មួយៗ មិនគ្រាន់តែជាកម្មវិធីសិក្សាហ្វឹកហ្វឺនប៉ុណ្ណោះនោះទេ ក៏ប៉ុន្តែក្មួយៗនឹងមើលឃើញនឹងភ្នែករបស់ក្មួយៗនូវការលូតលាស់ជាក់ស្តែងទទួលបានដោយប្រទេសចិននៅក្នុងរយៈកាលពីរទសវត្សកន្លងមកនេះ ហើយត្រូវស្វែងយល់អំពីរបៀបដែលពួកគេបានទទួលនូវភាពលូតលាស់នោះ”។
បណ្ឌិតសភាចារ្យ សុខ អាន បានប្រាប់ទៅដល់ក្រុមយុវជនដែលកំពុងស្តាប់ដោយយកចិត្តទុកដាក់ថា “ក្មួយៗត្រូវតែសិក្សារៀន សូត្រពីប្រទេសចិន អំពីរបៀបដែលពួកគេបានអនុវត្តនយោបាយរបស់ពួកគេ និងអំពីរបៀបដែលពួកគេបានចាត់ចែងប្រទេស ដើម្បីទទួលបានវិបុលភាពនេះ”។
បណ្ឌិតសភាចារ្យ សុខ អាន បានកត់សម្គាល់ ហើយនិយាយថា គិតចាប់តាំងពីប្រទេសចិនបានផ្លាស់ប្តូរនយោបាយរបស់ខ្លួនពីសេដ្ឋកិច្ចរដ្ឋទៅជាសេដ្ឋកិច្ចទីផ្សារសង្គមនិយមមក បាននាំមកនូវការរីកចំរើនគួរឲ្យកត់សម្គាល់សម្រាប់ប្រទេសនេះ។
សព្វថ្ងៃនេះបានពង្រីកការវិនិយោគ និងពាណិជ្ជកម្មរបស់ខ្លួននៅអាស៊ី និងអាហ្វ្រិក ថែមទាំងកសាងព្រលានយន្តហោះអន្តរជាតិដ៏ធំមួយនៅប្រទេស ហុងការី ដែលនឹងត្រូវបានគេប្រើប្រាស់ជាច្រកទ្វារអន្តរជាតិ ដើម្បីឈានទៅទីផ្សារអឺរ៉ុប។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ប្រទេសចិនមានលុយច្រើនណាស់។ ពួកគេនិយាយអំពីទឹកប្រាក់រាប់ពាន់លានដុល្លារសម្រាប់ការវិនិយោគ”។
នៅក្នុងការជួបសំណេះសំណាលនោះផងដែរលោក សុខ សង្វារ នាយករងនៃនាយកដ្ឋានឧស្សាហកម្មក្រសួងទេសចរណ៍បានមានប្រសាសន៍ថា “កម្មវិធីហ្វឹកហ្វឺនថ្នាក់ដឹកនាំវ័យក្មេងអាស៊ានត្រូវបានគេចាប់ផ្តើមឡើងនៅឆ្នាំ២០០២ ដោយសហព័ន្ធយុវជនចិនទាំងអស់ ហើយមានគោលបំណងដើម្បីពង្រឹងពង្រីកទំនាក់ទំនងជាមិត្ត រវាងចិននិងបណ្តាប្រទេសនៅក្នុងអាស៊ាន”។
លោកបានមានប្រសាសន៍បន្ថែមថា “កម្មវិធីនេះក៏មានគោលបំណងផងដែរ ដើម្បីលើកស្ទួយមិត្តភាព និងការទុកចិត្តគ្នាទៅវិញទៅមកនៃជំនាន់មនុស្សវ័យក្មេង”។
លោក សុខ សង្វារ បានមានប្រសាសន៍ថា កំឡុងពេលកម្មវិធីសិក្សារយៈពេល ៧ សប្តាហ៍នេះសិក្ខាកាមក៏នឹងសិក្សាស្វែងយល់ផងដែរ អំពីនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ចិន និងអំពីនយោបាយឆ្ពោះទៅរកការបង្កើតឲ្យមានតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន៕
