ឧបនាយករដ្ឋមន្ត្រី​បណ្ឌិត​សភា​ចារ្យ សុខ អាន ប្រាប់​យុវជន​កម្ពុជា​​ឲ្យ​សិក្សា​រៀនសូត្រ​អំពី​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់​ចិន​

ដោយ​ ៖ Ek Madra ថ្ងៃទី 02 កញ្ញា 2011ម៉ោង 16:44:09

​    ​ភ្នំពេញ​ថ្ងៃ​ទី​02/09/2011៖ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ផ្តល់​ដំបូន្មាន ដល់​ក្រុម​យុវជន​កម្ពុជា​ឲ្យ​សិក្សា​បន្ថែមទៀត អំពី​ការ​ដែល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ទទួល​នូវ​ការអភិវឌ្ឍន៍​ដ៏​ធំ​សម្បើម​គ្រប់​វិស័យ​នៅ​ក្នុង​រយៈកាល​ពី​រទស​វត្ស​កន្លងមក​។​
​    ​បណ្ឌិត​សភា​ចារ្យ សុខ អាន បាន​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​យុវជន​កម្ពុជា​ចំនួន ៣៤ នាក់ ដែល​នឹង​ចាក​ចេញ​នៅ​ថ្ងៃទី​៤ ខែ​កញ្ញា ដើម្បី​ទៅ​ចូលរួម​កម្មវិធី​បណ្តុះបណ្តាល​ថ្នាក់ដឹកនាំ​វ័យក្មេង​អាស៊ាន​នៅ​ក្រុង​ណាន​និង ខេត្ត​គ័ង​ស៊ី នៃ​សាធារណរដ្ឋ​ប្រជា មានិត​ចិន ហើយ​ឯកឧត្តម​បាន​មានប្រសាសន៍ថា ពួកគេ​ត្រូវ​ការរៀនសូត្រ​បទពិសោធ​ន៍​ល្អ​ពី​មិត្ត​ចិន​របស់​យើង​។​
​    ​បណ្ឌិត​សភា​ចារ្យ សុខ អាន បាន​មានប្រសាសន៍ថា ក្រុង​ប៉េកាំង​បាន​ពង្រីក​នយោបាយ​ការបរទេស​របស់​ខ្លួន​ជាមួយ​បណ្តា​ប្រទេស​ដ៏ទៃទៀត​នៅ​អាស៊ី អឺរ៉ុប និង អាហ្វ្រិក តាមរយៈ​ការបង្កើន​ការវិនិយោគ និង​ពាណិជ្ជកម្ម​របស់​ខ្លួន​។​
​    ​បណ្ឌិត​សភាចារ្យ​បាន​មានប្រសាស​ន៍​ថា ការរីកចំរើន​របស់​ចិន​ក៏​បាន​រួមវិភាគទាន​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅក្នុង​តំបន់​ផងដែរ​តាម រយៈ​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ចិន ដែល​បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃទី ១ ខែ​មករា ឆ្នាំ ២០១០​។​
​    ​បណ្ឌិត​សភា​ចារ្យ សុខ អាន បាន​មានប្រសាសន៍ថា ”​ការធ្វើដំណើរ​របស់​ក្មួយៗ មិន​គ្រាន់តែ​ជា​កម្មវិធីសិក្សា​ហ្វឹកហ្វឺន​ប៉ុណ្ណោះ​នោះ​ទេ ក៏ប៉ុន្តែ​ក្មួយៗ​នឹង​មើលឃើញ​នឹង​ភ្នែក​របស់​ក្មួយៗ​នូវ​ការលូតលាស់​ជាក់ស្តែង​ទទួលបាន​ដោយ​ប្រទេស​ចិន​នៅ​ក្នុង​រយៈកាល​ពី​រទស​វត្ស​កន្លងមកនេះ ហើយ​ត្រូវ​ស្វែងយល់​អំពី​របៀប​ដែល​ពួកគេ​បាន​ទទួល​នូវ​ភាព​លូតលាស់​នោះ​”​។​
​    ​បណ្ឌិត​សភា​ចារ្យ សុខ អាន បាន​ប្រាប់​ទៅ​ដល់​ក្រុម​យុវជន​ដែល​កំពុង​ស្តាប់​ដោយ​យកចិត្តទុកដាក់​ថា “​ក្មួយៗ​ត្រូវតែ​សិក្សា​រៀន សូត្រ​ពី​ប្រទេស​ចិន អំពី​របៀប​ដែល​ពួកគេ​បាន​អនុវត្ត​នយោបាយ​របស់​ពួកគេ និង​អំពី​របៀប​ដែល​ពួកគេ​បាន​ចាត់ចែង​ប្រទេស ដើម្បី​ទទួលបាន​វិបុលភាព​នេះ​”​។​
​    ​បណ្ឌិត​សភា​ចារ្យ សុខ អាន បានកត់សម្គាល់ ហើយ​និយាយ​ថា គិត​ចាប់តាំងពី​ប្រទេស​ចិន​បាន​ផ្លាស់ប្តូរ​នយោបាយ​របស់​ខ្លួន​ពី​សេដ្ឋកិច្ច​រដ្ឋ​ទៅជា​សេដ្ឋកិច្ច​ទីផ្សារ​សង្គមនិយម​មក បាន​នាំមក​នូវ​ការរីកចំរើន​គួរឲ្យ​កត់សម្គាល់​សម្រា​ប់​ប្រទេស​នេះ​។
​    ​សព្វថ្ងៃនេះ​បាន​ពង្រីក​ការវិនិយោគ និង​ពាណិជ្ជកម្ម​របស់​ខ្លួន​នៅ​អាស៊ី និង​អាហ្វ្រិក ថែម​ទាំង​កសាង​ព្រលានយន្តហោះ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅ​ប្រទេស ហុង​ការី ដែល​នឹង​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ច្រកទ្វារ​អន្តរជាតិ ដើម្បី​ឈាន​ទៅ​ទីផ្សារ​អឺរ៉ុប​។​
​    ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា “​ប្រទេស​ចិន​មាន​លុយ​ច្រើនណាស់​។ ពួកគេ​និយាយ​អំពី​ទឹក​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​សម្រាប់​ការវិនិយោគ​”​។​
​    ​នៅ​ក្នុង​ការជួប​សំណេះសំណាល​នោះ​ផង​ដែរ​លោក សុខ សង្វា​រ នាយករង​នៃ​នាយកដ្ឋាន​ឧស្សាហកម្ម​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍ថា “​កម្មវិធី​ហ្វឹកហ្វឺន​ថ្នាក់ដឹកនាំ​វ័យក្មេង​អាស៊ាន​ត្រូវបាន​គេ​ចាប់ផ្តើម​ឡើង​នៅ​ឆ្នាំ​២០០២ ដោយ​សហព័ន្ធ​យុវជន​ចិន​ទាំង​អស់ ហើយ​មាន​គោលបំណង​ដើម្បី​ពង្រឹង​ពង្រីក​ទំនាក់ទំនង​ជា​មិត្ត រវាង​ចិន​និង​បណ្តា​ប្រទេស​នៅក្នុង​អាស៊ាន​”​។​
​    ​លោក​បាន​មានប្រសាសន៍​បន្ថែម​ថា “​កម្មវិធី​នេះ​ក៏​មាន​គោលបំណង​ផងដែរ ដើម្បី​លើកស្ទួយ​មិត្តភាព និង​ការទុកចិត្ត​គ្នា​ទៅវិញទៅមក​នៃ​ជំនាន់​មនុស្ស​វ័យក្មេង​”​។​
​    ​លោក សុខ សង្វា​រ បាន​មានប្រសាសន៍ថា កំឡុង​ពេល​កម្មវិធី​សិក្សា​រយៈពេល ៧ សប្តាហ៍​នេះ​សិក្ខាកាម​ក៏​នឹង​សិក្សា​ស្វែងយល់​ផងដែរ អំពី​នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌​ចិន និង​អំពី​នយោបាយ​ឆ្ពោះទៅរក​ការបង្កើត​ឲ្យមាន​តំប​ន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ចិន​៕