
ក្រសួងព័ត៍មាន និង UNESCO រៀបចំសិក្ខាសាលាពង្រឹងគុណភាពអ្នកសារព័ត៍មាន
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិក្រឹត្យការនៃក្រសួងព័ត៌មាន ក្រោមការជួយ ឧបត្ថម្ភរបស់អង្គការយូណេស្កូ ( UNESCO ) បានរៀបចំសិក្ខាសាលា ស្តីពី សារព័ត៍មាន និងការអភិវឌ្ឍន៍ ក្រោមអធីបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី ០៥ កញ្ញា ២០១១ នៅក្រសួងព័ត៍មាន ដែលមានសិក្ខាកាមចំនួន ២៥នាក់ មកពីស្ថាប័ន ទួរទស្សន៍ចំនួន ២ វិទ្យុចំនួន ៨ សារព័ត៌ មានចំនួន ៩ និង ទស្សនាវដ្តីចំនួន ៦ បានមកចូលរួម ក្នុងវគ្គសិក្សានេះ ដែលក្នុងនោះមានស្ត្រីចំនួន ១៦ នាក់ ។
លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា ការពង្រឹងគុណភាពអ្នាកសារព៍ត៌មានគឺជាប្រធានបទដែលត្រូវជ្រើសរើសរបស់ក្រសួងសម្រាប់អាណត្តិនេះ ។ លោករដ្ឋមន្ត្រីបន្តទៀតថា បច្ចុប្បន្ននៅកម្ពុជា ចំនួនអ្នកសារព័ត៌មាន អ្នកកាសែត ទស្សនាវដ្តីបើគិតពីអត្រាស្ទើរ តែខ្ពស់ ជាងគេនៅអាស៊ី-អគ្នេយ៍ ហើយគេតែងនិយាយពីគុណភាពរបស់យើង ។ លោករដ្ខមន្ត្រី ថ្លែងថា«តាមពិតគុណភាពរបស់យើងមិនបានអន់ប៉ុន្មានទេ»នៅក្នុងរយៈពេលចុងក្រោយនេះ ប៉ុន្តែទោះជាក្រសួងព័ត៌មានបានកំណត់ថា នៅក្នុងអាណត្តិនេះប្រការសំខាន់ គឺការជ្រើ់សរើស គុណភាពរបស់អ្នកយកព័ត៌មានរបស់យើងឲ្យឈានមួយកម្រិតទៀត ដែលស្ថិតក្នុងកម្រិត ស្តង់ដារមួយដែលខ្ពស់ជាងនេះ។ លោករដ្ឋមន្ត្រីថ្លែងបន្តថា សិក្ខាសាលាថ្ងៃនេះ គឺដើម្បីធ្វើឲ្យ យើងយល់ ដើម្បីឲ្យយើងរៀនពិចារណា ដើម្បីជាការបង្កើននូវសមត្ថ ភាពរបស់អ្នកសារព័ត៌ មានយើង ។
លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពីសារព័ត៌មាន និងការអភិភិវឌ្ឍន៍នៅថ្ងៃនេះ គឺជាវគ្គមួយដែលនិយាយពីការពិចារណា ដែលយើងអាចសង្កេត ទៅលើនិន្នាការ ដែលយើងនឹងអាចក្លាយទៅជាទីប្រឹក្សាមួយដ៏ល្អរបស់សង្គម និងរបស់សហគមន៍ ហើយរបៀបវារៈដែល សិក្សាសុទ្ធតែមានសារៈប្រយោជន៍សំខាន់ ដែលយើងសង្ឃឹមថា សិក្ខាកាមទាំងអស់នឹងយកចិត្តទុក ដាក់ក្នុងការសិក្សា ដើម្បីស្វែងយល់ ដើម្បីបង្កើនសមត្ថភាព រៀងៗខ្លួនក្នុងការចូលរួមកសាងប្រទេសជាតិរបស់យើងនោះ។
លោក មាស គឹមសួន នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈអ្នកសារព័ត៌មាន នៃក្រសួងព័ត៌មាន បានរាយការណ៍ថា គោល បំណងនៃសិក្ខាសាលារយៈពេល ៥ថ្ងៃនេះ មាន គោលបំណងឲ្យសិក្ខាកាមផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក និង ក្រេបជញ្ជក់យកចំណេះដឹងបច្ចេកទេស និង បទពិសោធន៍ការងារពីអ្នកសម្របសម្រួលផ្នែកសារព័ត៌មាន ព្រមទាំងវាគ្មិន ដែលមកពីអង្គការUNDP អង្គការ UNESCO អ្នកជំនាញផ្សព្វផ្សាយសង្គម និង គណៈកម្មាធិការអភិវឌ្ឍជនបទ និងកសិកម្មផងដែរ ។ លោក មាស គឹមសួន ថ្លែងថា របៀបវារៈដែលត្រូវសិក្សាក្នុងសិក្ខាសាលានេះរួមមាន ៖ តួនាទីសារព័ត៌មានក្នុងការអភិវឌ្ឍន៍ សារគមនាគមន៍ និងការផ្លាស់ប្តូរព័ត៌មាន ការសិក្សាពីគម្រោងផែនការសកម្មភាព ការសរសេរ អត្ថបទព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ ពិសេសភាពជឿនលឿននៃគោលដៅអភិវឌ្ឍន៍ សហសវត្សនៅកម្ពុជា របាយការណ៍ព័ត៌មាន និង ជំងឺអេដស៍ របាយការណ៍ព័ត៌មាន និងការ ផ្សព្វផ្សាយសង្គម បញ្ហាសុខភាព សន្តិសុខស្បៀង និង អាហារូបត្ថម្ភជាដើម ។
លោកស្រី Anne LEMAISTRE តំណាង អង្គការ UNESCO ប្រចាំកម្ពុជា ថ្លែងថា ការចូលរួមពីប្រជាពលរដ្ឋ គឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីកសាងឲ្យកាន់តែប្រសើរឡើង ប្រកបដោយនិរន្តរភាពនៅក្នុងបណ្តាសហគមន៍ ហើយនេះជាហេតុផលដែលយើងត្រូវបណ្តុះ បណ្តាលអ្នកសារព័ត៌មាន ដែលកំពុងបំពេញការងារនាថ្ងៃនេះ ដែលជាអ្នកមានតួនាទីដ៏ល្អ បំផុត ដើម្បីផ្សព្វផ្សាយដល់សាធារណជន ។ លោកស្រីតំណាងការ UNESCO ថ្លែងបន្តថា ការផ្សព្វផ្សាយដល់សាធារណជនជាជំហានទី១ ដើម្បីពង្រឹងភាពខ្លាំងរបស់សហគមន៍មូលដ្ឋាន ដូច្នេះយើងអាចបង្ហាញជាបន្តបន្ទាប់ពីបញ្ហាជាបន្តបន្ទាប់របស់ពួកគេ។ អ្នកសារព័ត៌មាន អាចផ្តល់ដល់សាធារណជននូវចំណេះដឹងនានា ដូចនេះពលរដ្ឋអាចធ្វើសេចក្តីសម្រេចបាន ៕
