
យីងឡាក់នាយករដ្ឋមន្ត្រីជាប់សែស្រឡាយព្រះរាជវង្ស
ដោយ ៖ សហការី ថ្ងៃទី 06 កញ្ញា 2011ម៉ោង 11:20:54
នៅពេលដែលអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ ដឹកនាំគណបក្ស ភឿថៃ បានឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី ហើយត្រូវបានជ្រើសរើសជា នាយករដ្ឋមន្ដ្រីទី២៨ នៃប្រទេសថៃ ដែលជានាយករដ្ឋមន្ដ្រីស្រីលើកដំបូងនៅ ក្នុងប្រវត្ដិសាស្ដ្រនោះ មានមនុស្សជាច្រើននាក់ទាំងនៅ ក្នុងប្រទេស ក៏ដូចជានៅក្រៅប្រទេសដណ្ដឹងសួរថា លោកស្រីគឺជានរណា? មកពីណានិងជាកូនចៅនរណា? ទស្សនាវដ្ដីនគរវត្ដមានកិត្ដិយសលើកយកប្រវត្ដិរូប និង សកម្មភាពរបស់លោកស្រី យីងឡាក់ មក បង្ហាញជូនដូចខាងក្រោម។
លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ កើត នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៦៧ ឈ្មោះ ហៅក្រៅ “ភូ” ជាអ្នកជំនួញ និងជាអ្នកនយោបាយផងដែរ ជាមេដឹកនាំនៅជួរមុខនៃគណបក្ស ភឿថៃ ហើយត្រូវបានជ្រើសតាំងជាបេក្ខនារីនាយករដ្ឋមន្ដ្រីក្នុងការបោះឆ្នោតទូទៅនិងបន្ទាប់មកត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ដ្រីនៅថ្ងៃ ទី៤ ខែសីហា ឆ្នាំ២០១១ នេះ។ កើតនៅខេត្ដឈៀងម៉ៃ លោកស្រីមានសញ្ញា បត្របរិញ្ញាបត្រនៃសាកលវិទ្យាល័យ នៅឈៀងម៉ៃ និង ថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យរដ្ឋ KentuckyState University ផ្នែកសាធារណៈនិងផ្នែករដ្ឋបាល។ លោកស្រីបានក្លាយជានាយកប្រតិបត្ដិនៃក្រុមហ៊ុនជំនួញដែលបង្កើតឡើង ដោយបងប្រុស របស់ លោក ស្រី គឺអតីតនាយករដ្ឋមន្ដ្រីថៃធ្លាក់ពីតំណែងដោយរដ្ឋប្រហារយោធាគឺ លោក ថាក់ ស៊ីន ស៊ីណាវ៉ាត្រ ហើយក្រោយ មកទៀត លោក ស្រីបានក្លាយជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ទ្រព្យសម្បត្ដិ SIC និងជាចាងហ្វាងនៃក្រុមហ៊ុន Advanced Info Service បើទោះបីជាបងរបស់លោកស្រី លោក ថាក់ ស៊ីន ត្រូវបានកងយោធាធ្វើរដ្ឋប្រហារមិន បង្ហូរឈាម ហើយត្រូវចាប់បង្ខំឱ្យរស់នៅនីរទេស ដោយតុលាការចោទប្រកាន់ថា បានរំលោភលើអំណាចរបស់ខ្លួន។ នៅខែឧសភា ឆ្នាំ២០១១ បក្សភឿថៃដោយមានការគាំទ្រយ៉ាងជិតស្និទ្ធ ពីលោក ថាក់ស៊ីន លោកស្រី យីងឡាក់ ត្រូវ បានតែងតាំងជាបេក្ខនារីនាយករដ្ឋមន្ដ្រី សម្រាប់ការបោះឆ្នោតទូទៅក្នុងឆ្នាំ២០១១។ លទ្ធផលដំបូងបានបង្ហាញថា បក្សភឿថៃ បានឈ្នះភ្លូកទឹកភ្លូកដី ដោយដណ្ដើមបាន ២៦៥កៅអី លើ៥០០នៃរដ្ឋសភា ប្រទេសថៃ ដែលព្រឹត្ដិការណ៍នេះបង្ហាញថា គណបក្សតែ មួយអាចដណ្ដើមបានសំឡេងភាគច្រើនបាន ដល់ទៅ២លើក ក្នុងការដណ្ដើមកៅអីនៅ ក្នុង រដ្ឋសភាថៃ។ លោកស្រីយីងឡាក់ ដែលមាន អាយុ៤៤ឆ្នាំ គឺជាស្ដ្រីលើកដំបូងនៅក្នុងប្រវត្ដិសាស្ដ្រ ដែលបានក្លាយជានាយករដ្ឋមន្ដ្រី។
ជីវិតចុងក្រោយនិងការងារជំនួញរបស់យីងឡាក់
ជីតាទួតរបស់លោកស្រី យីងឡាក់ ឈ្មោះ Seng Sackhu គឺជាជនជាតិចិនដីគោក ចុះមកពីតំបន់ហ្គាំងដុង (Guangdong) មកនៅប្រទេសសៀមនៅឆ្នាំ១៨៦០ ហើយតាំងទីលំ នៅឈៀងម៉ៃ នៅឆ្នាំ១៩០៨ ។ កូនច្បងរបស់ គាត់ឈ្មោះ Chiang Sakhu ដែលបានកើត នៅក្នុងខេត្ដចន្ទបុរី ក្នុងឆ្នាំ១៨៩០ ហើយបានរៀបការ ជាមួយនឹងស្រីជនជាតិថៃម្នាក់ ឈ្មោះ Saeng Som na ។ កូនប្រុសច្បង របស់ Chiang ឈ្មោះ Sak បានព្រមទទួល យកគោត្ដនាមបែបថៃឈ្មោះ ស៊ីណាវ៉ាត្រ (Shinawatra)ក្នុងឆ្នាំ១៩៣៨។ Shinawatra ក្រោយ មកទៀតបានបង្កើតជា ស៊ីណា វ៉ាត្រ សិប្បកម្មផលិតសរសៃសូត្របន្ដមកទៀត ជាក្រុមហ៊ុនហិរញ្ញវត្ថុ ក្រុមហ៊ុន សាងសង និង ក្រុមហ៊ុនអភិវឌ្ឍន៍ផ្នែកអចលវត្ថុ។ បិតារបស់ លោកស្រី យីងឡាក់ ឈ្មោះ Lert បានកើត នៅក្នុងខេត្ដឈៀងម៉ៃ នៅក្នុងឆ្នាំ១៩១៩ ហើយបានរៀបការជាមួយព្រះនាង យីនឌីរ៉ា ម៉ីវង្ស (Yindi Raming Wong) ជាកូនស្រីរបស់ ព្រះមហាក្សត្រិយានី ណាឈៀងម៉ៃ)។
នៅក្នុងឆ្នាំ១៩៦៨ លោក Lert Shinawatra បានចូលប្រឡូកឆាកនយោបាយ ហើយបានក្លាយជាតំណាងរាស្ដ្រនៅក្នុងមណ្ឌល ឈៀងម៉ៃ ហើយបន្ទាប់មកទៀត បានក្លាយជាអនុប្រធាន គណបក្ស Liberal Party ។ លោក Lert បានចាកចោលនយោបាយនៅ ឆ្នាំ១៩៧០ ហើយបានទៅបើកហាងកាហ្វេ ដាំដំណាំក្រូច ដាំផ្កា នៅឈៀងម៉ៃ ក្នុងស្រុក San Kam phaeng ហើយបានបង្កើត រោង កុនចំនួន២ ស្ថានីយហ្គាស និងហាងលក់ឡាននិងម៉ូតូថែម ទៀត។ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ គឺ ជាកូនពៅក្នុងចំណោម បង ប្អូនប្រុសស្រី៩នាក់ នៃគ្រូសារលោក ឡរេត និងអ្នកម្នាង យីនឌី។ លោកស្រីត្រូវបានគេដាក់ឈ្មោះហៅក្រៅថា ភូ (តាមភាសាថៃ មានន័យថា ក្ដាម)។ លោកស្រី យីង ឡាក់ ធំធាត់នៅ ឈៀងម៉ៃ ហើយបានចូលរៀននៅសាលារៀនសម្រាប់ តែស្រីៗ គឺវិទ្យាល័យ Regina Coeli Col lege បន្ទាប់មករៀននៅ Yupparaj col lege។ លោកស្រីបានជាប់បរិញ្ញាបត្រផ្នែកនយោបាយវិទ្យាសាស្ដ្រ និងរដ្ឋបាលសាធារណៈនៅសាលកវិទ្យាល័យ ឈៀងម៉ៃ នៅឆ្នាំ១៩៨៨ និងទទួលបានសញ្ញាបត្រផ្នែក MPA degree (Specialization in Management Information System) BI Kentucky នៃសាកលវិទ្យាល័យរដ្ឋក្នុងឆ្នាំ១៩៩១ ។
លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ ចាប់ផ្ដើមការងារជាលើកដំបូងរបស់ខ្លួនជាអ្នកលក់និង ផ្នែកទីផ្សារនៅក្នុងក្រុមហ៊ុន Shinawatra និងក្រុមហ៊ុនទូរស័ព្ទដែលបង្កើតឡើងដោយ AT&T international ហើយបន្ទាប់មក បានក្លាយជាចាងហ្វាងនៃផ្នែកផ្ដល់និងបេសកកម្ម របស់ទូរស័ព្ទ។ នៅឆ្នាំ ១៩៩៤ លោក ស្រីបានក្លាយជាចាងហ្វាងចាត់ការទូទៅនៃ សារជីវកម្មឈ្មោះ Rainbow Media គឺ ជាសារជីវ កម្មផ្សព្វផ្សាយជាអន្ដរជាតិ ដែលក្រោយមក គឺជាប៉ុស្ដិ៍ទូរទស្សន៍ឈ្មោះ True Vision។ លោកស្រីបានលាលែងពីអនុប្រធាន នៃ ក្រុមហ៊ុន IBC នៅឆ្នាំ២០០២ ហើយបានក្លាយជានាយកគ្រប់គ្រងនៃ ក្រុមហ៊ុន Advance Info Service (AIS) ដែលជាក្រុមហ៊ុន ទូរស័ព្ទធំជាងគេបំផុតនៅប្រទេសថៃ។ បន្ទាប់ពីលក់ក្រុមហ៊ុន Shin Corporation ទៅឱ្យក្រុមហ៊ុន Temasek Holding លោក ស្រី យីង ឡាក់ បានលាលែងចេញពីតំណែង ជានាយក AIS តែនៅរក្សាតួនាទីជាចាងហ្វាងនៃក្រុមហ៊ុន SC Asset Co.,Ltd ដែលជា ក្រុមហ៊ុនរបស់គ្រួសារស៊ីណាវ៉ាត្រ (The Shinawatra family property develop ment Company) ។ លោកស្រីត្រូវបាន ស៊ើបអង្កេតដោយគណៈកម្មាធិការសន្ដិសុខ និងលក់ដូរទ្រព្យសម្បត្ដិផ្ទៃក្នុងគ្រួសារ បន្ទាប់ពីលោកស្រី បានលក់ភាគហ៊ុននៃក្រុមហ៊ុន AIS (Shin Corporation) ទៅឱ្យ ក្រុមហ៊ុន Temasek Holding ។
លោក ស្រីយីង ឡាក់ ក៏ជាសមាជិកនៃគណៈកម្មការ និងជាលេខាធិការនៃក្រុមអ្នកបង្កើតក្រុមហ៊ុន Thai Com។ យីងឡាក់ មានកូនប្រុសម្នាក់ឈ្មោះ ស៊ូប៉ាសេក (Supasek) ដោយមានប្ដីឈ្មោះ Anusorn Amornchat ដែលជាងចាងហ្វាងក្រុមហ៊ុន M Link Asia Corporation PCL ។ ប្អូនស្រីរបស់ប្ដីលោកស្រីយីងឡាក់ឈ្មោះ Yaowapa Wongsawat គឺជាប្រពន្ធរបស់អតីតនាយករដ្ឋមន្ដ្រី ស៊ុម ឆៃ វង្សាវ៉ាត់។
ការងារទាក់ទងផ្នែកនយោបាយនិង ការកសាងគណបក្សភឿថៃ
បន្ទាប់ពីការគ្រប់គ្រងក្នុងរដ្ឋាភិបាលដោយគណបក្សអំណាចប្រជាជន ត្រូវបានរំលាយ មកគណៈកម្មការប្រតិបត្ដិនៃ គណបក្សក៏ត្រូវ បានហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយដែរ ដោយយោងទៅតាមអំណាចតុលាការធម្មនុញ្ញ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០០៨។ អតីត សមាជិកសភានៃគណបក្សអំណាចប្រជាជន បានបង្កើតបក្សមួយទៀតឈ្មោះថា បក្សភឿថៃ ហើយលោកស្រីយីងឡាក់ត្រូវបានស្នើសុំឱ្យក្លាយជាមេដឹកនាំគណបក្ស តែត្រូវបាន លោកស្រីបដិសេធ ដោយបានអះអាងថា លោកស្រីមិនចង់ក្លាយជានាយករដ្ឋមន្ដ្រី ហើយលោកស្រីអះអាងថា ចង់ប្រមូលផ្ដុំការយក ចិត្ដទុកដាក់ទៅលើផ្នែកពាណិជ្ជកម្មវិញ។ លោក យុងយុទ្ធ វិឆាឌី បានក្លាយជាមេដឹក នាំគណបក្សនេះពីពេលនោះតរៀងមក។ នៅក្នុងសារមួយរបស់សហរដ្ឋអាមេរិក ដែលបានចេញនៅក្នុងឆ្នាំ ២០១១ បានបង្ហាញ ឱ្យដឹងថា នៅក្នុងការជួបប្រជុំនៅ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០០៩ អតីតឧបនាយករដ្ឋមន្ដ្រី ដែលជិតស្និទ្ធជាមួយលោក ថាក់ ស៊ីន គឺលោក ស៊ំពង្ស អាមន វីវ៉ាត់ (Sompong Amornvivat) បានប្រាប់ លោកឯកអគ្គរដ្ឋទូត អាមេរិកប្រចាំប្រទេសថៃ Eric John ថា គាត់មិន បានប្រគល់តួនាទីធំទៅឱ្យ លោកស្រី យីងឡាក់ទេ ហើយថា “លោកអតីតនាយក រដ្ឋមន្ដ្រី ថាក់ស៊ីន ខ្លួនគាត់ផ្ទាល់មិនស្រេកឃ្លាន នឹងបង្ហោះប្រវត្ដិរូបប្អូនស្រីនៅក្នុងបក្សឡើយ ហើយគាត់ព្យាយាមរកផ្លូវជួយខ្លួនឯង និងជួយគណបក្សគាត់ក្នុងនយោបាយ ដោយខ្លួន របស់គាត់។ ”ទោះជាយ៉ាងណាក៏ដោយនៅក្នុងសំបុត្រផ្សព្វផ្សាយថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៩ លោក ឯកអគ្គរដ្ឋទូត អាមេរិកបានកត់ ត្រានៅ ក្នុងការជួបប្រជុំជាមួយលោកស្រីយីងឡាក់ថា អ្នកស្រីបាននិយាយប្រកបដោយសុទិដ្ឋិនិយមអំពីបេសកកម្ម យុទ្ធវិធី និងគោល បំណងនៃគណបក្សភឿថៃ ដែលមើលទៅដូចជាបាន ប្រុងប្រៀបខ្ពស់រួចជាស្រេចជាង កាលពីពេល ជួបគ្នាលើកមុន។
យុទ្ធនាការបោះឆ្នោតនិងការសន្យា ចំពោះមុខប្រជាជន
នៅថ្ងៃទី១៦ ឧសភា ២០១១ គណបក្ស ភឿថៃ បានបោះឆ្នោតជ្រើសតាំងលោកស្រីយីងឡាក់ ឱ្យឈរជាបេក្ខនារីលំដាប់លេខ១ (ដែល តាមធម្មតាជាឈ្មោះបម្រុងសម្រាប់នាយករដ្ឋមន្ដ្រីពេលឈ្នះឆ្នោត) សម្រាប់បញ្ជីឈ្មោះ តំណាងរាស្ដ្រក្នុងការបោះឆ្នោតថ្ងៃទី៣ ខែ កក្កដា ។ ថ្វីបើលោកស្រីមិនមែនជាមេដឹកនាំ គណបក្ស ឬក៏មិនចូលទៅក្នុង គណប្រតិបត្ដិរបស់គណបក្សក៏ដោយ។ ការសម្រេចចិត្ដនេះគេប៉ាន់ស្មានថា គឺជាការសម្រេចចិត្ដរបស់ លោក ថាក់ស៊ីន តែលោក ថាក់ស៊ីន បាន ច្រានចោលការចោទប្រកាន់ មួយនេះ។
អ្វីដែលជាការព្រួយបារម្ភរបស់គណបក្ស ក៏ដូចជាលោក ថាក់ស៊ីន គឺការសន្យារបស់លោកស្រីនៅក្នុងយុទ្ធនាការ ដណ្ដើមសន្លឹកឆ្នោត ។ លោកស្រីបានសន្យាថា នឹងសម្រុះ សម្រួលទំនាស់នៃការបែកបាក់ជាតិដែលខ្ទេចខ្ទាំ ក្នុងចន្លោះឆ្នាំ២០០៨ ដល់២០១០ ជាពិសេស ការប៉ះទង្គិចធំ ដែលនាំឱ្យមនុស្សស្លាប់ជាង៩០នាក់និងរបួសជិត ២ពាន់នាក់។ ដោយលោកស្រីសន្យាថា នឹងបង្កើតគណៈកម្មាធិការ ឯករាជ្យស្វែងរកការពិតសម្រុះសម្រួលជាតិមួយ។ លោកស្រីក៏បានសន្យាថា ផ្ដល់ការលើកលែងទោសជាទូទៅមួយចំពោះ អ្នកដែល ជាប់ពាក់ព័ន្ធនឹងអ្នកនយោបាយរាប់ ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០០៦មក ដែលក្នុង នោះមានទាំងបងប្រុសលោកស្រីផងដែរ។ លោកស្រី យីងឡាក់ បានសន្យាថា នៅ ឆ្នាំ២០២០ រដ្ឋាភិបាលលោកស្រីនឹងលុបបំបាត់ ភាពក្រីក្រ ហើយសន្យាបន្ថយពន្ធអាករពី៣០ ទៅ២០ភាគរយ ហើយនៅឆ្នាំ២០១៣ បន្ថយត្រឹម២០ភាគរយ។ ចំពោះផ្នែកកសិកម្មវិញ លោកស្រីសន្យានឹងដំឡើងថ្លៃកសិករឱ្យបានខ្ពស់ជាងសព្វថ្ងៃ។ ការសន្យានេះវាបានលើកទឹកចិត្ដឱ្យកសិករខិតខំផលិតតែវាងាប់ចំពោះ អ្នកនាំអង្ករចេញ ដែលតម្លៃវាស្ទើរតែស្មើនឹង តម្លៃផ្សារអន្ដរជាតិ។ ក្រុមអ្នកប្រឆាំងកំពុង តែងសម្លឹងដោយ ប្រុងប្រយ័ត្ន ចំពោះពាក្យឃោសនារបស់ លោកស្រី ហើយកំពុងតែគិត ថា វាគ្រាន់តែជាល្បិចកលយកឈ្នះសន្លឹកឆ្នោតតែប៉ុណ្ណោះ ពួកបក្សប្រឆាំងកំពុងតែសំលៀងមាត់ចំពោះបញ្ហានេះ។
អ្វីដែលអន្ដរជាតិជា ពិសេសប្រទេសកម្ពុជាទាញយកការយកចិត្ដទុកដាក់នោះគឺលោកស្រីសន្យាថា នឹងស្ដារឡើងវិញនូវទំនាក់ទំនងល្អជាមួយអន្ដរជាតិ ជាពិសេសប្រទេសកម្ពុជា ដែលទំនាក់ទំនងនេះ កន្លងទៅត្រូវបាន ខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត។ ទោះជាយ៉ាងណាក៏ ដោយគេសង្ឃឹមថា លោក ស្រី យីងឡាក់ អាចធ្វើបានតាមការសន្យារបស់ខ្លួនភាគច្រើន ព្រោះលោកស្រីមាន ជំនាញខាងផ្នែក សេដ្ឋកិច្ចតាំងពីតាដល់ឪពុកនិងដល់កូន។ ហើយអ្វីដែលសំខាន់សម្រាប់ កម្ពុជានោះ គឺក្រុមអ្នកតាមដាននយោបាយជុំវិញទំនាស់ កម្ពុជា និងថៃ និទស្សន៍ថា វាអាច នឹងធ្វើឱ្យស្ថានការណ៍ព្រំដែនដែលធ្លាប់តែពុះកញ្ជ្រោលនោះ ឱ្យត្រឡប់ជាស្ងប់ស្ងាត់ ហើយជា បន្ដបន្ទាប់នឹងត្រូវបានក្លាយទៅ ជាព្រំដែន សន្ដិភាពជាព្រំដែននៃកិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ចវប្បធម៌របស់ប្រទេសទាំង២វិញ៕
