
បទអត្ថាធិប្បាយ៖ សម រង្ស៊ី ប៉ុនប៉ងបំផ្លាញប្រទេសជាតិតាមគំរូ ប៉ុល ពត
ដោយ ៖ ពូន សំរេច ថ្ងៃទី 12 កញ្ញា 2011ម៉ោង 14:50:48
តាមរយៈទូរស័ព្ទពីប្រទេសអូទ្រីសជាមួយវិទ្យុអាស៊ីសេរី លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង បាននិយាយបោកប្រាស់ប្រជារាស្ត្រម្ចាស់ឆ្នោត ក្នុងខណៈពេលដែលខ្លួនអស់សិទ្ធិជាអ្នកតំណាងរាស្ត្រ អស់សិទ្ធិបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យ បន្ទាប់ពីត្រូវបានរាំងខ្ទប់ទ្វារនយោបាយដោយអំណាចតុលាការឯករាជ្យរបស់កម្ពុជា ។ បរាជ័យនេះ បែជាលោក សម រង្ស៊ី ប៉ុនប៉ងប្រើវិធីសាស្ត្រថ្មី ដោយការត្រៀមខ្លួនទុកជាមុនយ៉ាងជាក់លាក់ដើម្បីនឹងអនុវត្តនូវនយោបាយរបៀបផ្តាច់ការតាមបែបប៉ុល ពត ដ៏សាហាវយង់ឃ្នង ប្រសិនបើគណបក្សរបស់លោកជាប់ឆ្នោត។
គំនិតផ្តាច់ការរបស់លោក សម រង្ស៊ី បានកើតមានឡើង ស្របពេលនៃសមាជលើកទី៥ របស់គណបក្ស សម រង្ស៊ី ក្នុងឆ្នាំនេះ ដែលប្រព្រឹត្តធ្វើនៅអតីតទីស្នាក់ការគណបក្ស សម រង្ស៊ី នៅឯទីក្រុងភ្នំពេញនាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១១ ដែលជាលទ្ធផល គឺផ្តោតទៅលើការផ្សព្វផ្សាយនូវពាក្យស្លោកនៃគោលនយោបាយរបស់គណបក្ស សម រង្ស៊ី ដែលថានឹងប្រគល់សងប្រជាពលរដ្ឋវិញនូវទ្រព្យសម្បត្តិដែលខ្មែរបាត់បង់ដោយសារការជំរិតយកពីអ្នកដ៏ទៃ។
នៅពីក្រោយការចោទដោយគ្មានភស្តុតាងថាអ្នកដ៏ទៃបានធ្វើបាបប្រជាពលរដ្ឋ លោក សម រង្ស៊ី បាននិយាយថា «រដ្ឋាភិបាលអនាគតដឹកនាំដោយគណបក្ស សម រង្ស៊ី នឹងលុបចោលរាល់ការធ្វើសម្បទានអភិវឌ្ឍ ដែលបានផ្តល់ឲ្យក្រុមហ៊ុនឯកជន ដោយរដ្ឋាភិបាលបច្ចុប្បន្ន នឹងប្រកាសថា ទ្រព្យសម្បត្តិជាតិ និងត្រូវប្រគល់សងជូនប្រទេសជាតិវិញ » ។
ការបំផុសនូវចលនាបះបោរប្រឆាំងសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍប្រទេស គឺជាល្បែងប្រជាភិថុតដ៏គ្រោះថ្នាក់។ លោក សម រង្ស៊ី បាននិងកំពុងដើរបញ្ច្រាស់ទិសនៃគោលការណ៍ពង្រឹងនិតិរដ្ឋ ការបង្រួបបង្រួមជាតិ ឯកភាពទឹកដី មិនត្រឹមតែប៉ុណ្ណោះ វាគឺជាការបំផ្លាញសុខដុមនីយកម្មសង្គម រំលោភទាំងកំរោលទៅ លើសេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត។ ទង្វើបែបនេះនឹងត្រូវទទួលការថ្កោលទោស។
គេនៅចាំបានថា របបកម្ពុជាប្រជាធិបតេយ្យនៃបនប្រល័យពូជសាសន៍ប៉ុល ពត ប្រជាពលរដ្ឋខ្មែរទាំងចាស់ ទាំងក្មេង ត្រូវបានបង្ខំឲ្យធ្វើការធ្ងន់ហួសកម្លាំង បង្អត់អាហារ កាប់សម្លាប់អ្នកចេះដឹង បញ្ញាវន្ត ពលរដ្ឋស្លូតត្រង់ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធខ្ទេចខ្ទីអស់ ។ ក្នុងរបបខ្មៅងងឹតអត់ច្បាប់ទម្លាប់ ចន្លោះឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ការរស់នៅរបស់ពលរដ្ឋកម្ពុជាគ្មានទេ សិទ្ធិ សេរីភាព គឺប្រៀបបាននឹងរស់នៅក្នុងឋានរកអវចីយ៍។ ប៉ុន្តែ ដោយសារគុណបំណាច់នៃថ្ងៃ៧ មករា ឆ្នាំ ១៩៧៩ ក្រោមចលនារំដោះជាតិបង្កើតឡើងដោយឥស្សរជនស្នេហាជាតិរបស់គណបក្សប្រជាជនកម្ពុជា បានជួយប្រជាពលរដ្ឋឲ្យរួចផុតពីរបបផ្តាច់ការនោះ និងបានស្តារ កសាង អភិវឌ្ឍប្រទេសពីបាទដៃទទេ រហូតមានការរីកចំរើនស្ទើរគ្រប់វិស័យ ហើយបច្ចុប្បន្នមេដឹកនាំកំពូលៗនៃរបបខ្មែរក្រហម បាននិងកំពុងស្ថិតនៅក្នុងការប្រព្រឹត្តទៅនៃដំណើរការនិតិវិធីរបស់អង្គជំនុំជម្រះវិសាមញ្ញនៃសាលាក្តីខ្មែរក្រហម ដើម្បីបញ្ចប់និទណ្ឌភាព និងផ្តល់នូវយុត្តិធម៌សង្គម។
បន្ទាប់ពីរួចជីវិតក្នុងរបបប៉ុល ពត ពលរដ្ឋខ្មែរបានវិលត្រឡប់មកស្រុកកំណើត ផ្ទះសំបែងរបស់ខ្លួនវិញ ក្នុងនោះដីធ្លី លំនៅដ្ឋាននានាក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្ត ទីប្រជុំជន ភាគច្រើន មិនបានមកជាកម្មសិទ្ធិរបស់ម្ចាស់ដើមវិញទេ គឺក្លាយជាទ្រព្យសម្បត្តិរបស់អ្នកចំណូលថ្មីបន្តរស់នៅ និងកាន់កាប់ រហូតអ្នកខ្លះក្លាយជាម្ចាស់ទ្រព្យសម្បត្តិស្របច្បាប់មកដល់សព្វថ្ងៃ។ អធិប្បាយមកដល់ត្រង់នេះ ចង់បញ្ជាក់ថា គោលនយោបាយរបស់គណបក្ស សម រង្ស៊ី ដែលថានឹងប្រគល់សងប្រជាពលរដ្ឋវិញនូវទ្រព្យសម្បត្តិដែលខ្មែរបាត់បង់ដោយសារការជំរិតយកពីអ្នកដ៏ទៃនោះជាអ្វី? នេះឬនយោបាយរបស់បក្សប្រឆាំង? បើលោក សម រង្ស៊ី យកមកអនុវត្តនៅពេលដែលគណបក្សខ្លួនឈ្នះឆ្នោត តើសង្គមជាតិនឹងធ្លាក់ចូលក្នុងស្ថានភាពវឹកវរកំរិតណា? វិធានការរបស់គណបក្ស សម រង្ស៊ី ដែលថានឹងប្រគល់សងប្រជាពលរដ្ឋវិញនូវទ្រព្យសម្បត្តិដែលខ្មែរបាត់បង់ដោយសារការជំរិតយកពីអ្នកដ៏ទៃ អំណះអំណាងនេះ វាមិនអាចកើតមាននៅកម្ពុជានោះទេ ពីព្រោះសព្វថ្ងៃសង្គមត្រូវបានគ្រប់គ្រងដោយច្បាប់ មិនមែនអាណាធិបតេយ្យបែបអារម្មណ៍រវើរវាយដូចលោកសម រង្ស៊ី គិតនោះទេ សមដូចប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រនៅទីក្រុងភ្នំពេញនៅថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ ២០១១ នេះថា « នៅពេលដែលពួកគេឈ្នះឆ្នោត ពួកគេនឹងដកហូតទ្រព្យសម្បត្តិ និងដីធ្លីពីឧកញ៉ា ដូច្នេះ បក្សមួយនេះ កំពុងធ្វើសង្គ្រាមជាមួយអ្នកមាន ហើយបើបក្សនេះឈ្នះឆ្នោត អ្នកមាននៅស្រុកខ្មែរច្បាស់ជាមានបញ្ហា»។
ម្យ៉ាងវិញទៀតការថ្លែងរបស់លោក សម រង្ស៊ី ដែលថា នឹងប្រមូលទ្រព្យសម្បត្តិរដ្ឋ ប្រជារាស្ត្រពីឈ្មួញ ប្រគល់អោយប្រជារាស្ត្រវិញ តើលោកសម រង្ស៊ី សក្តិសមធ្វើជាមេដឹកនាំបក្សនយោបាយ ដែលស្គាល់ពីតម្លៃនៃច្បាប់ គោរព និងអនុវត្តច្បាប់ ដើម្បីការអភិវឌ្ឍ និងឯកភាពជាតិបានដែរទេ? ផ្ទុយទៅវិញ ការប្រកាសរបស់លោក សម រង្ស៊ី គឺមានតម្លៃស្មើនឹងការប្រកាន់យកនូវទ្រឹស្តីបែបការគ្រប់គ្រងក្នុងរបប ប៉ុល ពត ដូច្នោះដែរ គឺ « អ្នកដែលប្រឆាំងជាមួយអង្គការត្រូវតែសម្លាប់»។ ការប្រកាសលុបចោលនូវសម្បទានដីធ្លី ដែលបានផ្តល់ឲ្យក្រុមហ៊ុនឯកជន ដោយរាជរដ្ឋាភិបាលបច្ចុប្បន្ន និងប្រមូលទ្រព្យសម្បត្តិពីឈ្មួញ យកមកឲ្យប្រជាពលរដ្ឋវិញ ដោយលោក សម រង្ស៊ី គឺជាការធ្វើនយោបាយឯកានិយម យកអ្នកវិនិយោគធ្វើជាសត្រូវ នេះគឺជាការប៉ុនប៉ងចង់គ្រប់គ្រងរដ្ឋបែបសក្តិភូមិ ដែលមិនសមស្របជាមួយនឹងតថៈភាពសង្គម នឹងប្រទេសកំពុងអភិវឌ្ឍ ដែលតម្រូវឲ្យមានកិច្ចសហប្រតិបត្តិការជាអន្តរជាតិ។ ជាមួយគ្នានេះ ក៏មានការនិយាយបំភ្លើសផងដែររបស់លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី ដែលថាបច្ចុប្បន្នមានប្រជាពលរដ្ឋ៦លាននាក់រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ដែលការអះអាងនេះ ខុសពីការពិត បើគណនាតាមការអះអាងរបស់លោក យឹម សុវណ្ណ អ្នកក្រីក្រមានចំនួនប្រហាក់ប្រហែល៥០ ភាគរយ ប៉ុន្តែ បើយោងលើរបាយការណ៍ស្ថិតិចុងក្រោយរបស់ក្រសួងផែនការបានបង្ហាញថា អត្រាភាពក្រីក្ររបស់ពលរដ្ឋកម្ពុជា ធ្លាក់ចុះមកនៅត្រឹមចន្លោះ២៦ទៅ២៨ ភាគរយតែប៉ុណ្ណោះ។
ដើម្បីរក្សាបាននូវ សន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ រាជរដ្ឋាភិបាលបច្ចុប្បន្នមានកាតព្វកិច្ចការពាររដ្ឋធម្មនុញ្ញ្ញ ដែលជាច្បាប់កំពូលរបស់រដ្ឋ នឹងមិនអនុញ្ញាត្តឲ្យបក្សប្រឆាំងរុញច្រានពលរដ្ឋកម្ពុជា និងសង្គមជាតិទាំងមូល ធ្លាក់ចូលទៅក្នុងមហិច្ចតា (មេរៀនផ្តាច់ការ) នៃដានប្រវត្តិសាស្ត្រ បានទេ។
ការគៀងគរប្រមូលកម្លាំងដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស គឺជាការក្បត់ឆន្ទៈរបស់ប្រជាពលរដ្ឋ។
រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២របស់ខ្លួន ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា ។ ជាងនេះទៅទៀត រាជរដ្ឋាភិបាលកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រីកការទំនាក់ទំនង ដោយធ្វើសមាហរណកម្មចូលក្នុងតំបន់ និងសកលលោក និងលើកទឹកចិត្តអ្នកសេដ្ឋកិច្ចមកពីបណ្តាប្រទេសនានា ដើម្បីជំរុញការវិនិយោគលើវិស័យសំខាន់ៗជាច្រើន ក្នុងនោះការផ្តល់ដីសម្បទាន ឬជួលដីធ្លី ទៅឲ្យអ្នកវិនិយោគបរទេស គឺបានធ្វើឡើងយ៉ាងត្រឹមត្រូវតាមច្បាប់ បទដ្ឋានវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងការប្រកាន់យកសេដ្ឋកិច្ចទីផ្សារសេរី។ ផលប្រយោជន៍ច្រើនយ៉ាងបានមកពីអ្នកវិនិយោគបរទេស ក្នុងនោះមានទាំងការបង្កើតការងារសម្រាប់ពលរដ្ឋខ្មែរ គោលដៅនៃការអភិវឌ្ឍ បង្កើនការនាំទំនិញចេញ ការទាក់ទាញអ្នកវិនិយោគ និងទេសចរ មកបណ្តាក់ទុន និងមកកាន់កម្ពុជា បាននាំមកនូវកំណើនសេដ្ឋកិច្ចជាតិ ជាដើម។ល។
បណ្តាប្រទេសនានានៅលើសកលលោក ដែលគេបានខិតខំបានតាក់តែង និងបង្កើតជាច្បាប់ហើយ ដើម្បីការពារផលប្រយោជន៍សង្គម ជាទូទៅ គេកម្រនឹងលុបចេញវិញដោយងាយៗបានទេ បើទោះជាមានការផ្លាស់ប្តូរមេដឹកនាំប្រទេសនោះក្តី ផ្ទុយទៅវិញបើច្បាប់នោះមានការខ្វះចន្លោះ គេគ្រាន់តែធ្វើវិសោធនកម្មមាត្រាខ្លះៗ ដើម្បីយកទៅអនុវត្តបានប្រសើជាងនេះ និងបន្ថែមប្រសិទ្ធភាពការងារតែប៉ុណ្ណោះ ។
យោងព្រះរាជក្រម ប្រកាសឲ្យប្រើច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុម័តដោយរដ្ឋសភានាថ្ងៃទី៤ ខែ សីហា ឆ្នាំ១៩៩៤ ជំពូកទី៤ មាត្រា៨ អំពីការធានាលើការវិនិយោគ បានចែងថា អ្នកវិនិយោគត្រូវបានទទួលស្គាល់ និងចាត់ទុកដោយស្មើភាពចំពោះមុខច្បាប់ គ្មានការរើសអើងអំពីសញ្ជាតិ ឬពូជសាសន៍។ មាត្រា ១៦ នៃច្បាប់ដដែលនេះ បានចែងថា អ្នកវិនិយោគអាចប្រើប្រាស់ដីធ្លីតាមរយៈការជួលសំរាប់រយៈពេលវែងរហូតដល់៧០ ឆ្នាំ ហើយអាចស្នើសុំជួលបន្ត។ ការប្រើប្រាស់ដីធ្លីនេះរាប់បញ្ចូលទាំងសិទ្ធិនៃកម្មសិទ្ធិទាំងឡាយលើផ្ទៃដីនោះ ត្រូវអនុវត្តស្របតាមច្បាប់។ ផ្ទុយទៅវិញ ក្នុងករណីដែលអ្នកវិនិយោគរំលោភ ឬមិនអនុវត្តតាមលក្ខខ័ណ្ឌទាំងឡាយដែលបានកំណត់ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាមានសិទ្ធិដកហូតសិទ្ធិផ្សេងៗ និងផលប្រយោជន៍ទាំងអស់ ឬមួយផ្នែកដែលបានផ្តល់ជូនអ្នកវិនិយោគកន្លងមក។
បើទោះណាជារាជរដ្ឋាភិបាល បាននិងកំពុងធ្វើកំណែទម្រង់បញ្ហាដីធ្លីដ៏ស៊ីជំរៅតាមរយៈការចេញបទបញ្ជាដកហូតយកមកវិញដីអភិវឌ្ឍទាំងឡាយណាដែលរំលោភលើដីកម្មសិទ្ធិរបស់ពលរដ្ឋ និងពុំបានអនុវត្តតាមច្បាប់ក្តី ក៏គណបក្សប្រឆាំងនៅកម្ពុជាពុំបើកភ្នែកទទួលយកការពិត ជាមួយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលឡើយ។ គណបក្ស សម រង្ស៊ី បានបើកយុទ្ធនាការជាប្រចាំប្រឆាំងនឹងអ្នកវិនិយោគបរទេស ក្នុងនោះមានប្រទេសវៀតណាមជាដើម ហើយចុងក្រោយនេះ ការប្រកាសលុបដីសម្បទានអភិវឌ្ឍ ពីក្រុមហ៊ុនឯកជន និងប្រកាសប្រមូលទ្រព្យសម្បត្តិរដ្ឋ ឬរបស់ប្រជារាស្ត្រពីឈ្មួញ ប្រគល់អោយប្រជារាស្ត្រវិញ គឺបានបង្ហាញយ៉ាងច្បាស់នូវអំពើរំលោភច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជាដោយគណបក្ស សម រង្ស៊ី ឬអាចនិយាយបានថា គណបក្សសម រង្ស៊ី ប៉ុនប៉ងប្រែក្លាយសន្តិភាព ឲ្យទៅជាការគ្រប់គ្រងបែបផ្តាច់ការតាមរបបប៉ុល ពត ឬចង់បង្កើតឲ្យមានសមរភូមិសង្គ្រាមពេញផ្ទៃប្រទេស ដោយមិនស្រមតាមមូលដ្ឋានច្បាប់ និងការពង្រឹងនិតិរដ្ឋនៅកម្ពុជានោះឡើយ ៕
