ខ្សឹប​ដាក់​ត្រចៀក​ ៖​ ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​តំបែរ​ធំក្លិន​មិន​ស្រួល​

ដោយ​ ៖ សហការី ថ្ងៃទី 19 កញ្ញា 2011ម៉ោង 13:58:55

​គ្រូបង្រៀន​ជា​ច្រើន​នាក់​ក្នុងស្រុក​តំបែរ​ ខេត្ដកំពង់ចាម​ តែងតែ​រអ៊ូ​ពី​ការ​បាត់​ បង់ប្រាក់​បៀរ​វត្ស​ ដោយសារ​ការិយាល័យ​អប់រំ​បាន​កាត់​ ទាំង​គ្រូបង្រៀន​ពេញ​ ម៉ោង​ និង​គ្រូ​ផ្អាក​ពី​ការងារ​ កើតឡើង​ដោយ​អំពើ​ពុក​រលួយ​របស់​លោក​ទ្រី​ សុខ​ ។​

គ្រូបង្រៀន​ខ្លះ​បាន​បញ្ជាក់​ថា​ ប្រាក់​បៀរ​វត្ស​របស់​ពួក​គាត់​ត្រូវ​លោក​ប្រធាន​ ការិយាល័យ​អប់រំ​ស្រុក​ ទ្រី​ សុខ​ កាត់​យក​១​ខែ​សម្រាប់​១​ឆ្នាំៗ​ ដូច្នេះ​គ្រូបង្រៀន​ក្នុង​ ស្រុក​តំបែរ​ជា​ច្រើន​ដែល​បាន​បាត់បង់​ប្រាក់​បៀរ​វត្ស​ ហើយ​គ្រូបង្រៀន​ខ្លះ​ទៀត​ ដែល​ មិន​បាន​ទៅ​បង្រៀន​ ឬ​ផ្អាក​ការ​បង្រៀន​ដោយសារ​គ្រូៗ​បង្ខំចិត្ដ​លាឈប់​ ព្រោះ​ធុញទ្រាន់​ នឹង​អំពើ​ពុក​រលួយ​របស់​ទ្រី​ សុខ​ ដូច្នេះ​គ្រូ​ដែល​ឈប់​ក៏​មិនមែន​ជា​ឧបសគ្គ​របស់​គាត់​ ដូច​ជា​បញ្ហា​ខ្វះ​គ្រូបង្រៀន​ឡើយ​។​ ពួក​គាត់​និយាយ​ថា​ សុខចិត្ដ​ឱ្យ​គ្រូៗ​ឈប់​ចុះ​ គាត់​មាន​ ប្រយោជន៍​ទៅ​វិញ​ គឺ​បើក​យក​ប្រាក់​បៀរ​វត្ស​ពី​គ្រូៗ​ ហើយ​រក្សា​ឈ្មោះ​ឱ្យ​មាននៅ​ ក្នុង​ក្របខ័ណ្ឌ​អប់រំ​ស្រុក​ដដែល​ ហើយ​ទ្រី​ សុខ​ ជួល​គ្រូ​សហគមន៍​ឱ្យមក​បង្រៀន​ ហើយ​ចំណាយ​ប្រាក់​បៀរ​វត្ស​តិចតួច​បំផុត​ ។​

អ្នកស្រុក​តំបែរ​ខ្លះ​និយាយ​ថា​ លោក​ទ្រី​ សុខ​ ក្លាយជា​អ្នកមាន​ដែរ​ តែ​ដោយ​ អំពើ​ពុក​រលួយ​កាត់​ប្រាក់​បៀរ​វត្ស​គ្រូបង្រៀន​ បើកប្រាក់​គ្រូៗ​ ផ្អាក​មក​បង្រៀន​ និង​ កេងប្រវ័ញ្ច​បំផុត​លើ​បញ្ហា​ប្រាក់​ ភៅ​ភ​ ដែល​ជា​កញ្ចប់​ថវិកា​អាទិភាព​សម្រាប់​បម្រើ​ សេវា​រដ្ឋបាល​ ការ​ទិញ​សម្ភារៈ​តាម​សាលា​ក្នុង​១​ឆ្នាំៗ​រាប់​លាន​រៀល​ ក៏​ត្រូវ​លោក​ ទ្រី​ សុខ​ ស៊ីដាច់​ប្រមាណ​ជាង​៥០​ភាគរយ​ ទោះ​កន្លង​មក​លុយ​ ភៅ​ភ​ ក្រសួង​បាន​ផ្ដល់​ឱ្យ​ គិត​តាម​ចំនួន​សិស្ស​ ត្រូវ​បាន​លោក​ទ្រី​ សុខ​ ធ្វើ​តែ​ឈ្មោះ​ តួលេខ​សិស្ស​តែ​ប៉ុណ្ណោះ​ ។​

លោក​ប្រធាន​មន្ទីរ​អប់រំ​យុវជន​ និង​កីឡា​ខេត្ដកំពង់ចាម​ ស្វាយ​ ផល្លា​ អាច​សិក្សា​ ពី​ភាព​មិន​ប្រក្រតី​នេះ​ ព្រោះ​លោក​ទ្រី​ សុខ​ ជាប់​ឈ្មោះ​ថា​ អ្នកមាន​ដោយសារ​តែ​ អំពើ​ពុក​រលួយ​ក្នុង​អង្គភាព​ការិយាល័យ​អប់រំ​ស្រុក​ ៕