
ខ្សឹបដាក់ត្រចៀក ៖ គឹម ចេតថាវី និងម៉ៅ សុទ្ធឱ្យកូនចៅដាក់កុងត្រូលខួបប្រាំងខួបវស្សា
ដោយ ៖ សហការី ថ្ងៃទី 19 កញ្ញា 2011ម៉ោង 14:04:56
ប្រជាពលរដ្ឋរស់នៅស្រុកក្រគរ ខេត្ដពោធិ៍សាត់ បានលួចនាំគ្នាខ្សឹបខ្សៀវថា លោក គឹម ចេតថាវី អនុប្រធានរដ្ឋបាលព្រៃឈើក្រគរ និងលោកម៉ៅ សុទ្ធ អធិការ រងនគរបាលស្រុកក្រគរ កំពុងនាំគ្នាជាន់ឈ្លីឈ្មោះលោកអភិបាលខេត្ដ ជាពិសេស លោកសួន រិនឌី អភិបាលរងខេត្ដ ដោយយកឈ្មោះថ្នាក់ដឹកនាំទាំង២ទៅគ្របសង្កត់ និងធ្វើបាបរាស្ដ្ររកស៊ីស្លូតត្រង់ តាមរយៈដាក់កុងត្រូលយកលុយនៅចំណុចឈើ ទាលខ្ពស់ តាមបណ្ដោយផ្លូវជាតិលេខ៥ ជិតទីរួមខេត្ដស្រុកក្រគរ ។
ប្រជាពលរដ្ឋបាននាំគ្នាខ្សឹបខ្សៀវថា លោកគឹម ចេតថាវី និងលោកម៉ៅ សុទ្ធ បានដឹកនាំកម្លាំងមេព្រៃ និងនគរបាលចរាចរស្រុកក្រគរមួយក្រុមទៅដាក់កុងត្រូល នៅទីនោះ តែពេលយប់ គឺចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង៦ភ្លឺ ទើបដកចេញក្រោម លេសថា ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងពេលភ្ជុំបិណ្ឌ ហើយការមក ដាក់កុងត្រូលនៅទីនេះ ក៏ធ្វើឡើងតាមបញ្ជារបស់ថ្នាក់ខេត្ដ តែតាមការពិតថ្នាក់ ដឹកនាំខេត្ដមិនដឹងអ្វីទាំងអស់ គឺគាត់ទាំង២នាក់ធ្វើឡើងដើម្បីបានលុយចាយពេល ភ្ជុំបិណ្ឌនេះប៉ុណ្ណោះ ។
ប្រជាពលរដ្ឋតែងតែឃើញថា ការលួចដាក់កុងត្រូលពេលយប់នេះបានធ្វើឱ្យ មានការរំខានដល់ពលរដ្ឋធ្វើដំណើរទៅកាន់បិណ្ឌ និងធ្វើដំណើរទៅលេងស្រុកខក ដំណើរ ឬខកចង្ហាន់ព្រះសង្ឃក៏មាន ព្រោះថា រាល់យានយន្ដធ្វើដំណើរដល់កន្លែងនោះ ត្រូវឈប់បន្ដកន្ទុយគ្នា ដើម្បីឱ្យសមត្ថកិច្ចរបស់មេព្រៃ និងនគរបាលចរាចរឆែក ឆេរ និងរាប់ក្បាលឡានយកលុយ ។ អ្វីដែលគួរឱ្យហួសចិត្ដនោះ សូម្បីកម្មកររកស៊ី គាស់គល់ឈើដឹកគល់ឈើមកធ្វើអុស ក៏ត្រូវមេព្រៃ និងនគរបាលចរាចរចាប់យកបង្ខំឱ្យបង់ប្រាក់ត្រង់ៗ ទៅតាមទំនើងចិត្ដទាមទារ ។ លើសពីនេះទៀត សូម្បីរថយន្ដដឹកទំនិញគ្រឿងទេស ក៏គេចមិនរួចពីកណ្ដាប់ដៃពួកគាត់នេះដែរ ។
ប្រជាពលរដ្ឋឆ្ងល់ថា លោកគឹម ចេតថាវី ដែលអ្នកខ្លះហៅថា “ខ្លាចាស់” ក្រាញននៀលអាចដកខ្លួននឹងកន្លែងនេះមិនព្រមទៅណាយូរឆ្នាំមកហើយ ព្រោះសមត្ថកិច្ចផ្សេងៗ សុទ្ធតែត្រូវបានផ្លាស់ប្ដូរទៅកន្លែងថ្មី តើហេតុអ្វីគាត់នៅសហការជាមួយមេព្រៃស្រុក ក្រគរយូរម្ល៉េះ? តិចលោហ៍ដូចពាក្យគាត់ដែលធ្លាប់អួតថា “គ្មានអ្នកណាធ្វើអីអញ បានទេ ព្រោះអញ និងលោករដ្ឋមន្ដ្រីក្រសួងកសិកម្ម និងនាយខណ្ឌរដ្ឋបាលព្រៃឈើសព្វថ្ងៃនេះស៊ីសង្វាក់គ្នាល្អណាស់” ៕
