
បទអត្ថាធិប្បាយ៖ លោក ថាក់ស៊ីន ជាមិត្តសេដ្ឋកិច្ចរបស់កម្ពុជា
ដោយ ៖ ដោយ ទិត សារុនរ៉េត (ទីប្រឹក្សាអមរាជបណ្ឌិត្យសភាកម្ពុជា) ថ្ងៃទី 22 កញ្ញា 2011ម៉ោង 11:16:56
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ និងធ្លាប់ជាទីប្រឹក្សាសេដ្ឋកិច្ចនៃរាជរដ្ឋា ភិបាលកម្ពុជា បានផ្តល់នូវបទពិសោធថ្មីៗដ៏មានសារសំខាន់ស្តីពីសេដ្ឋកិច្ចក្នុងតំបន់អាស៊ី និងពិភពលោក ខណៈពេលលោកមកចូលរួមធ្វើជាវាគ្មិនថ្លែងបទឧទ្ទេសនាម ជូនដល់ពាណិជ្ជករ ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីរាជរដ្ឋាភិបាលក្នុងប្រទេសកម្ពុជា ចាប់តាំងពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១១មក ក្នុងនាមជាបុគ្គលឯកជន និងជាមិត្តសេដ្ឋកិច្ចដ៏ឆ្នើមមួយរូបរបស់កម្ពុជា។
វត្តមានរបស់ លោក ថាក់ស៊ីន នៅលើទឹកដីកម្ពុជា បានកើតមានឡើងតាមការអញ្ជើញរបស់ ចលនាអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិអាស៊ីប៉ាស៊ីហ្វិក (CAPDI) និងរាជបណ្ឌិត្យសភាកម្ពុជា(RAC) បន្ទាប់ពីស្ថានការណ៍ថៃ-កម្ពុជា ប្រែប្រួលពីការប្រឈមមុខគ្នាពីសង្គ្រាមបង្កឡើងដោយរដ្ឋាភិបាលរបស់លោក អាប់ភីស៊ីត មកសន្តិភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍន៍នៃប្រទេសទាំងពីកម្ពុជា‑ថៃ។
លោក ថាក់ ស៊ីន បានថ្លែងបាឋកថា ទៅកាន់អ្នកចូលរួមប្រមាណជិត២០០នាក់ អំពីបញ្ហាសេដ្ឋកិច្ចពិភពលោក និងថ្នាក់តំបន់ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងប្រទេសកម្ពុជា កាលថ្ងៃទី១៧ ខែកញ្ញា ស្តីពីប្រធានបទ «យុទ្ធសាស្ត្រសម្រាប់ការរីកចម្រើនប្រកបដោយចីរភាព និងកាត់បន្ថយភាពក្រីក្រ ក្នុងបរិបទសេដ្ឋកិច្ចថ្មី និងហិរញ្ញវត្ថុនៅអាស៊ី គោលនយោបាយ និងជម្រើសសម្រាប់ប្រទេសកម្ពុជា»។
ជាមួយនឹងការចែករំលែកនូវមូលធនបញ្ញា ពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច ដែលលោកធ្លាប់បានទទួលជោគជ័យនាពេលកន្លងមក លោក ថាក់ ស៊ីន បានកោតសរសើរប្រទេសកម្ពុជា ថា មានកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំង បើប្រៀបធៀបនឹងកំណើនសេដ្ឋកិច្ចតំបន់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ចំណាប់អារម្មណ៍នេះ គឺជាការបញ្ជាក់ពីសន្ទុះនៃកំណើនសេដ្ឋកិច្ចនៅកម្ពុជា ស្របពេលនិងដំណាលគ្នាជុំវិញព័ត៌មានដែលត្រូវបានអះអាងថា ក្នុងឆ្នាំ២០១១ សេដ្ឋកិច្ចកម្ពុជាមានការកើនឡើង៦ភាគរយ ប៉ុន្តែ វិទ្យាស្ថានជាតិស្ថិតិ កាលពីខែមុនបានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាអាចកើនឡើង៨,២ភាគរយ។
លោក ថាក់ ស៊ីន សង្ឃឹមថាប្រទេសកម្ពុជានឹងអាចជាតំណាងឲ្យសេដ្ឋកិច្ចនៅអាស៊ី និងអាចមានតួនាទីដ៏សំខាន់មិនអាចខ្វះបាននៅក្នុងសេដ្ឋកិច្ចពិភពលោក។ លោក ថាក់ ស៊ីន បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនដល់រាជរដ្ឋាភិបាលកម្ពុជា ឲ្យបង្កើនចំណាយរដ្ឋក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងអប់រំ ព្រមទាំងធ្វើទំនើបកម្មដល់ប្រព័ន្ធហិរញ្ញវត្ថុប្រទេស។ លោក ថាក់ ស៊ីន ក៏បានចូលរួមវេទិកាអន្តរជាតិ ក្រោមប្រធានបទ « សតវត្សរ៍អាស៊ី ៖បញ្ហាប្រឈមនឹងក្តីសង្ឃឹម» ដែលរៀបចំឡើងនៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១១ ដោយចលនាអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិអាស៊ីប៉ាស៊ីហ្វិក (CAPDI) និងរាជបណ្ឌិត្យសភាកម្ពុជា(RAC)។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងអំណរគុណពីសុឆន្ទៈរបស់លោក ថាក់ ស៊ីន ក្នុងការចែករំលែកបទពិសោធន៍សេដ្ឋកិច្ច និងចំណេះដឹងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងកាត់ បន្ថយភាពក្រីក្រនៅកម្ពុជា។ កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ ដែលចាំបាច់ត្រូវការអ្នកមានបទពិសោធមកពីគ្រប់បណ្តាប្រទេសនានាលើសកលលោក ដើម្បីការពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការ ដូច្នេះ លោកថាក់ស៊ីន ក្នុងចំណោមវាគ្មិនដែលបានថ្លែងអំពីបញ្ហាសេដ្ឋកិច្ចនៅកម្ពុជា គួរត្រូវបានចាត់ទុកជាបុគ្គលដែលលះបង់ខ្ពស់ដើម្បីភាពរីកចំរើននៃប្រទេសក្នុងតំបន់ និងមិត្តសេដ្ឋកិច្ច ដែលរួមចំណែកដើម្បីការអភិវឌ្ឍនៅកម្ពុជា បើទោះណាជាខណៈពេលនេះ លោកពុំត្រូវបានអនុញ្ញាត្តឲ្យរស់នៅ ក្នុងភាពជាបុគ្គលគ្មានទោសក្នុងប្រទេសថៃក្តី ។
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កើតនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៤៩ នៅក្នុងគ្រួសារនយោ បាយ និងអ្នកជំនួញដ៏ជោគជ័យមួយ នៅក្នុងខេត្តឈៀងម៉ៃនៃរាជាណាចក្រថៃ។ លោកថាក់ ស៊ីន បាន ទទួលសញ្ញាប័ត្របណ្ឌិតផ្នែកយុត្តិធម៍ព្រហ្មទណ្ឌពីសាកលវិទ្យាល័យ Sam Houston រដ្ឋតិចសាស សហរដ្ឋអាមេរិច។ លោក ថាក់ ស៊ីន បានបង្កើតគណបក្សថៃរ៉ាក់ថៃ(TRT)និយមប្រជាជននៅឆ្នាំ ១៩៩៨ ។ ជ័យជំនះជាប្រវត្តិសាស្ត្រក្នុងការបោះឆ្នោតរបស់គណបក្សថៃរ៉ាក់ថៃ បាននាំលោក ថាក់ ស៊ីន ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីនៅឆ្នាំ២០០១។ នៅឆ្នាំ២០០៥ លោក ថាក់ ស៊ីន ជាប់ឆ្នោតជា នាយករដ្ឋមន្ត្រីម្តងទៀត តែត្រូវទម្លាក់ពីតំណែងនាយករដ្ឋមន្ត្រីដោយរដ្ឋប្រហារយោធាគ្មានបង្ហូរឈាម កាលពីឆ្នាំ២០០៦។ នៅឆ្នាំ២០០៥ លោក ថាក់ ស៊ីន ត្រូវបានតែងតាំងជាប្រធានទី១នៃចលនាអ្នក ប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិអាស៊ីប៉ាស៊ីហ្វិក (CDIAP) ដែលក្រោយមកត្រូវបានស្គាល់ថា ជាចលនាអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិអាស៊ីប៉ាស៊ីហ្វិក(CAPDI)។ លោក ថាក់ ស៊ីន ក៏ ជាសមាជិកដ៏សំខាន់បំផុតមួយរូបរបស់សន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ផងដែរ។ លោក ថាក់ ស៊ីន ជានាយករដ្ឋមន្ត្រីមានទេពកោសល្យដឹកនាំដ៏លេចធ្លោមួយនៅក្នុងប្រវត្តិ សាស្ត្រសម័យទំនើបរបស់ប្រទេសថៃ។ លោក ថាក់ ស៊ីន បានផ្តួចផ្តើមគោលនយោបាយជាច្រើន ដែលមានភាពខុសប្លែកពីគោលនយោបាយរបស់អ្នកដឹកនាំថៃមុនៗ ក្នុងវិស័យសេដ្ឋកិច្ច សុខភាព សាធារណៈ អប់រំ ថាមពល សណ្តាប់ធ្នាប់សង្គម ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងទំនាក់ទំនងអន្តរ ជាតិ។ គោលនយោបាយដ៏មានប្រជាប្រីយភាព និងមានប្រសិទ្ធភាពបំផុតរបស់លោក ថាក់ ស៊ីន គឺការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅតាមតំបន់ជនបទ និងបង្កើតឡើងជាដំបូងបង្អស់នូវកម្មវិធីថែទាំសុខភាពសកល ដែលបាននាំឲ្យលោក ថាក់ស៊ីន ទទួលបាននូវការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពី សំណាក់ប្រជាជននៅតំបន់ជនបទ។
ជាការឆ្លើយតបចំពោះការរួមចំណែកផ្តល់អនុសាសន៍ល្អៗដ៏មានអត្ថប្រយោជន៍ ក្នុងការងារកសាងសន្តិភាព ស្ថិរភាពនយោបាយ ការផ្សះផ្សាជាតិ និងស្ថិរភាពក្នុងតំបន់ ក្រុមប្រឹក្សាភិបាលនៃចលនាអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិអាស៊ីប៉ាស៊ីហ្វិក CAPDI សម្រេចប្រគល់គ្រឿងឥស្សរិយយស «មគ្គុទ្ទេសក៍ CAPDI» ជូនលោក ថាក់ស៊ីន នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលគ្រឿងឥស្សរយយសនេះត្រូវបានបំពាក់ដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមសម្តេចជាប្រធានកិត្តិយសរបស់ CAPDI ។ ស្ថិតក្នុងឱកាសដ៏មានអត្ថន័យនេះ លោក ថាក់ស៊ីន គឺសក្តិសមជាមិត្តសេដ្ឋកិច្ចដ៏ល្អមួយរូប ដែលស្ថិតនៅក្នុងដួងចិត្តរបស់ពលរដ្ឋកម្ពុជា ក្នុងទំព័រសករាជថ្មីនៃសន្តិភាពរវាងកម្ពុជា‑ថៃ ៕
