​​ផ្ទុះ​រោងចក្រ​ចម្រាញ់​ប្រេង​ដ៏​ធំ​បំផុត​លើ​ពិភពលោក​របស់​ក្រុមហ៊ុន​Shell

ដោយ​ ៖ ម៉ែវ សាធី ថ្ងៃទី 29 កញ្ញា 2011ម៉ោង 11:07:47

សារព័ត៌មាន​រ៉​យ​ទ័​របា​ន​ផ្សព្វផ្សាយ​ ថា​ មាន​ហេតុការណ៍​ផ្ទុះ​រោងចក្រ​ចំរាញ់​ ប្រេង​Pulau​ Bukom​របស់​ក្រុមហ៊ុន​ Shell​នៅ​សិង្ហ​បុរី​កាលពី​ថ្ងៃ​ទី​២៨​ កញ្ញា​ ធ្វើ​ឱ្យ​រោងចក្រ​ទាំងមូល​ត្រូវ​ផ្អាក​ដំណើរ​ការ​បុគ្គលិក​ត្រូវ​ជម្លៀស​ខ្លួន​ជា​បន្ទាន់ទៅ​កាន់​តំបន់​មាន​សុវត្ថិភាព​ ។​

ប្រភព​ព័ត៌មាន​បាន​ផ្សព្វផ្សាយ​ថា​ ហេតុការណ៍​ផ្ទុះ​កើតឡើង​នៅ​វេលា​ម៉ោង​ ១​ៈ​១៥​នាទី​រសៀល​ថ្ងៃ​ទី​២៨​ កញ្ញា​(​ម៉ោង​ ក្នុង​តំបន់​)​នៅ​ត្រង់​ចំណុច​បំពង់​បង្ហូរ​ប្រេង​និង​អាង​ស្ដុក​ប្រេង​ស្ថិត​នៅ​ក្នុង​រោង​ ចក្រ​ចម្រាញ់​ប្រេង​Pulau​ Bukom​ដែល​ ជា​រោងចក្រ​ធំ​បំផុត​របស់​ក្រុមហ៊ុន​ Shell​ ។​

ហេតុការណ៍​ផ្ទុះ​បង្ក​ជា​អគ្គី​ភ័យ​នោះ​ មិន​បង្ក​គ្រោះថ្នាក់​ធ្ងន់​ដល់​អាយុជីវិត​នោះ​ឡើយ​ ប៉ុន្ដែ​បាន​ធ្វើ​ឱ្យ​ប្រព័ន្ធ​បែង​ចែក​សារធាតុ​ហ៊ី​ត្រូ​ដើម្បី​ផលិត​ប្រេង​ឌី​សែ​ល​និង​ឧបករណ៍​ផ្សេងៗ​ទៀត​ត្រូវ​ ផ្អាក​ទាំងស្រុង​ដើម្បី​ធានា​សុវត្ថិភាព​ ។​

ព័ត៌មាន​ពេល​ដំបូង​បញ្ជាក់​ថា​ ឧ​ប​ករ​ណ៍​បូម​ថាមពល​រួម​មាន​បំពង់​បង្ហូរ​ប្រើប្រាស់​សម្រាប់​ច្របល់​ប្រេង​ឆៅ​ក៏​ត្រូវ​ខូចខាត​ផង​ដែរ​។​ រោងចក្រ​Pulau​ Bukom​ អាច​ផលិត​បាន​ប្រេង​ប្រមាណ​៥​សែន​ធុង​ក្នុង​១ថ្ងៃ​ស្មើនឹង​១​ភាគ​៣​នៃ​ការ​ផលិត​ប្រេង​នៅ​ទូ​ទាំង​សិង្ហ​បុរី​ ។​

សិង្ហ​បុរី​ជាទី​ផ្សារ​ប្រើប្រាស់​ថាមពល​ ប្រេង​ដ៏​ធំ​បំផុត​លើ​ពិភពលោក​ ហើយ​ក៏​ជា​មជ្ឈមណ្ឌល​ផលិត​ទិញ​ដូរ​ប្រេង​ឆៅ​ និង​ប្រេង​ចម្រាញ់​រួច​នាំមុខ​គេ​នៅ​តំបន់​អាស៊ី​ដែរ​។​ រាល់​ការ​រាំងស្ទះ​ណាមួយ​ដល់​សកម្មភាព​ចម្រាញ់​ប្រេងម៉ាស៊ីន​នោះ​ក៏​ប៉ះពាល់​យ៉ាង​ធ្ងន់​ដល់​តម្លៃ​ប្រេង​ក្នុង​តំបន់​ផង​ដែរ​ ។​

ប្រធាន​ក្រុមហ៊ុន​Shell​ប្រចាំ​នៅ​សិង្ហ​ បុរី​ លោក​Lee​ Tzu​ Yang​បានឱ្យ​ដឹង​ថា​ Shell​នឹង​បន្ដ​ផ្គត់ផ្គង់​ប្រេង​ដែល​ស្ដុក​ទុក​ និង​រោងចក្រ​ចម្រាញ់​ប្រេង​ផ្សេង​ទៀត​ដល់​សិង្ហ​បុរី​ ហេតុ​ដូច្នេះ​ក្រុមហ៊ុន​Shell​ សង្ឃឹមថានឹង​បង្ក​ឱ្យ​មានការ​រាំងស្ទះ​ដល់​ ប្រព័ន្ធ​ផ្គត់ផ្គង់​ប្រេងកាត​នៅ​ទី​នេះនោះ​ឡើយ​៕