
ឧត្តមសេនីយ៍ឯក គីម ប៊ុនថាន បើកបវេសនកាលឆ្នាំសិក្សា២០១១-២០១២ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ កោះស្លា ខេត្តកំពត
កំពត៖កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១១ ឧត្តមសេនីយ៍ឯក គីម ប៊ុនថាន នាយករង ខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ អមដំណើរដោយ ឧត្តមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការកងពលតូចលេខ៣១ បានអញ្ជើញជា អធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០១១-២០១២ នៅវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនកោះស្លា ស្ថិតក្នុង ភូមិតេជោអភិវឌ្ឍន៍ នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ កោះស្លា ។
ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១១-២០១២ នៅវិទ្យាល័យប៊ុនរ៉ានីកោះស្លា នាពេលនោះ ឧត្តមសេនីយ៍ទោ ទិត្យ ម៉េងឡុង ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ កោះស្លា ធ្វើសេចក្តីរាយការណ៍ដោយគូសបញ្ជាក់ថាៈ ភូមិតេជោអភិវឌ្ឍន៍នេះត្រូវបាន ផ្តួចផ្តើមកសាងឡើង ដោយសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតដើម្បីផ្តល់នូវដី ធ្លី ផ្ទះសំបែង សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ជូនដល់គ្រួសារយោធិនពិការបានរស់នៅឲ្យសាកសមទៅនឹងគុណបំណាច់ ដែលបងប្អូន យោធិនពិការបានលះបង់ដើម្បីបុព្វហេតុជាតិ មាតុភូមិកម្ពុជា នាពេលកន្លងមក ។ សមិទ្ធិផលដែល សម្តេចតេជោបានផ្តល់ដល់យោធិនពិការនៅទីនោះ រួមមានផ្ទះទំហំ៥គុណ៨ម៉ែត្រ ១ខ្នង និងដីសំរាប់ បង្កបង្កើនផលទំហំ ៥០ គុណនឹង៣០០ម៉ែត្រ ១កន្លែង ស្មើនឹង ៣៤០ខ្នង ។
ក្រៅពីនោះសម្តេច និងលោកជំទាវក៏បានរៀបចំដល់បងប្អូនយោធិនពិការ រស់តំបន់នោះមានការកសាងប្រព័ន្ធផ្លូវ មន្ទីរពេទ្យ សាលារៀន វត្តអារាម ផ្សារ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី រួមទាំងការផ្គត់ផ្គង់ជាស្បៀង និងថវិកាប្រចាំខែផងដែរ ដើម្បីបងប្អូនយោធិនពិការ និងគ្រួសារកូនចៅ នៅទីនោះមានលទ្ធភាពចិញ្ចឹមជីវិត បានល្អប្រសើរ ។ ដោយឡែកសំរាប់ឆ្នាំសិក្សាថ្មី២០១១-២០១២ ក៏មិនខុសពីឆ្នាំសិក្សាមុនៗដែរ សម្តេចតេជោ និងលោកជំទាវតែងបានគិតគូរយកចិត្តទុកដាក់បំផុតចំពោះកូនចៅ យោធិនពិការ យើងនៅទីនោះ ដោយបានផ្តល់ជាអាគារសិក្សាថ្នាក់បឋមសិក្សា រហូតដល់វិទ្យាល័យតាមរយៈ ការកសាងវិទ្យាល័យ១កន្លែង មាន១អាគារកំពស់២ជាន់ ស្មើនឹង១២បន្ទប់ កសាងនូវសាលា បឋមសិក្សាចំនួន២កន្លែង គឺ១សាលាបឋមសិក្សាក្បាលដំរី មាន១អាគារស្មើនឹង៦បន្ទប់ សាលា បឋមសិក្សាប៊ុនរ៉ានីកោះស្លា មាន២អាគារស្មើនឹង១២បន្ទប់ រួមនឹងទីចាត់ការសាលា១កន្លែងស្មើនឹង ៣បន្ទប់ ។
លោក ទិត្យ ម៉េងឡុង បានបញ្ជាក់ថាៈ បច្ចុប្បន្ននេះដោយការគិតគូរខ្ពស់ចំពោះបងប្អូន យោធិនពិការ គ្រួសារនិងកូនចៅរស់នៅភូមិតេជោអភិវឌ្ឍន៍ ពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃ ខ.ភ.ម ពិសេសសម្តេចតេជោ និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើឲ្យជីវភាព រស់នៅរបស់បងប្អូនយោធិនពិការនៅទីនោះមានជីវភាព កាន់តែប្រសើរ ។ ឯកឧត្តម ទិត្យ ម៉េងឡុង បានបញ្ជាក់ថាៈ ឆ្នាំសិក្សាថ្មី២០១១-២០១២ នេះយើងមានសិស្សសរុបទាំងវិទ្យាល័យ និងបឋមសិក្សា សរុប១ពាន់៥០៦នាក់ មានគ្រូ៦០នាក់ និងគ្រូពេទ្យ៣៥នាក់ ។
ឧត្តមសេនីយ៍ឯក គីម ប៊ុនថាន បានអាននូវសារលិខិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១១-២០១២ ព្រមទាំងបាន សំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយោធិនពិការ ដោយបានកោតសរសើរ និងពាំនាំនូវក្តីនឹករលឹក និងការសាកសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាគោរពស្រលាញ់ និងការដឹង គុណចំពោះយោធិនពិការដែលរហូតមកបានលះបង់អ្វីៗទាំងអស់ ដើម្បីជាតិ មាតុភូមិ ។
លោក គីម ប៊ុនថាន ក៏បានរំលឹកដល់បងប្អូនពិការទាំងអស់ខិតខំធ្វើការដាំដុះក្នុងគ្រួសារទៅតាមអ្វីដែលសម្តេច និងលោកជំទាវបានផ្តល់ឲ្យ ដើម្បីប្រែក្លាយជីវភាពរស់នៅសំរាប់គ្រួសារកាន់តែប្រសើរ។ ជាមួយគ្នានេះ ប្អូនៗសិស្សានុសិស្សក៏ត្រូវតែខិតខំរៀនសូត្រដើម្បីអនាគតភ្លឺស្វាង។
លោក គីម ប៊ុនថាន ក៏បានឧបត្ថម្ភ នូវអំណោយរបស់សម្តេចតេជោ និងលោកជំទាវ ជូនដល់គ្រូ៦០នាក់ ម្នាក់ៗថវិកា១ម៉ឺនរៀល ជូនថវិកាដល់វិទ្យាល័យ ១លានរៀន ជូនគ្រួសារយោធិនគំរូ៥គ្រួសារ ១គ្រួសារអង្ករ១បាវ ព្រមទាំងបាន ជូនសៀវភៅ ប៊ិច និងថវិកាដល់សិស្ស ចំនួន១ពាន់៥០៦នាក់ផងដែរ និងជូនរទេះជនពិការដល់ យោធិនពិការឃឹម ឃឿន ១គ្រឿងផងដែរ៕
