
បុស្បាប៉ាន់ត្រៀមចេញទៅប្រកួតកីឡាស៊ីហេ្គមលើកដំបូងរបស់ខ្លួន
បុស្បាប៉ាន់ ក្រៅពីលេចធ្លោក្នុងការងារសិល្បៈនិងការសិក្សា កុមារីរូបនេះក៏ជាកីឡាការិនីឆ្នើម ផ្នែកកីឡាយូដូផងដែរ ដែលពេលនេះនាងកំពុងហ្វឹកហាត់មួយថ្ងៃពីរពេលបួនម៉ោងគឺព្រឹក២ម៉ោងល្ងាច២ម៉ោង ដើម្បីត្រៀមប្រកួតយកមេដាយណាមួយនៃកីឡាយូដូក្នុងព្រឹត្ដិការណ៍កីឡាស៊ីហ្គេមដែលនឹង ឈានចូលមកដល់នាខែវិច្ឆកាឆ្នាំ២០១១ក្នុងប្រទេសឥណ្ឌូណេស៊ី។ បុស្បាប៉ាន់កើតនៅឆ្នាំ១៩៩៧ ក្នុងគ្រួសារដែលមានបងប្អូនប្រុស២នាក់។ បន្ទាប់ពីមានភាពល្បីល្បាញគួរសមក្នុងវិស័យសិល្បៈរួចមក នាងក៍មានភាពលេចធ្លោក្នុងវិស័យកីឡាយូដូផងដែរ។ នាងបាននិយាយថាៈ បានចូលរួមហ្វឹកហាត់ កីឡាយូដូនេះចំនួន៧ឆ្នាំមកហើយ។ នាងធ្លាប់ទទួលបានមេដាយមាសក្នុងការប្រកួតជ្រើសរើសជើង ឯកជាតិឆ្នាំ២០០៨ ឆ្នាំ២០០៩។ មេដាយប្រាក់ឆ្នាំ២០១០និងឆ្នាំ២០១១នាងទទួលបានមេដាយមាសម្ដងទៀត។ កីឡាការិនីវ័យ១៣ឆ្នាំរូបនេះបានប្ដេជ្ញាថា នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីដណ្ដើម ឱ្យបាននូវមេដាយណាមួយពីការប្រកួតយូដូនៅស៊ីហ្គេមលើកទី២៦នៅប្រទេសឥណ្ឌូនេស៊ីចុងឆ្នាំ២០១១នេះ។ លោក ប៉ាន់ ម៉េងហៀង ដែលជាឪពុកបានលើកឡើងថា ការសម្រេចចិត្ដហ្វឹកហាត់កីឡាយូដូរបស់កូនស្រី គឺជាការឆ្លើយតបតាមចំណង់ចំណូលចិត្ដលោក ព្រោះលោកយល់ថា ក្រៅពីនាំមកនូវសុខភាពល្អ កីឡានេះអាចជួយការពារខ្លួន ពិសេសជួយដល់ការងារសិល្បៈរបស់នាងព្រោះការច្រៀងពេលខ្លះ ត្រូវចំណាយពេលវេលាឈរច្រៀងពី២ទៅ៣ម៉ោង។ ដូចនេះកីឡាយូដូអាចឱ្យនាងពង្រឹងកម្លាំងនៃការឈរច្រៀងរបស់នាងបានយូរ។ លោកនិងក្រុមគ្រួសារពេញចិត្ដនឹងគាំទ្ររាល់សកម្មភាពនិងចំណង់ចំណូលចិត្ដរបស់នាងទាំងសិល្បៈ ការសិក្សា កីឡា និងសកម្មភាពផ្សេងៗ។
លោក ប៉ាន់ ម៉េងហៀង មិនដែលនឹងស្មានថា កូនស្រីរបស់លោកអាចក្លាយខ្លួនជាកីឡាការិនីដ៍ ឆ្នើមម្នាក់របស់កីឡាយូដូទាល់តែសោះ គឺលោកគ្រាន់តែគិតថាឱ្យបុស្បាប៉ាន់ហាត់យូដូដើម្បីអាចឈរ ច្រៀងបានយូរហើយមិនហត់និងមានសុខភាពមាំមួនប៉ុណ្ណោះ។ ចំពោះព្រឹត្ដិការណ៍កីឡានៅស៊ីហ្គេម វិញលោកនិយាយថាក្នុងវិស័យកីឡា បុស្បាប៉ាន់ ជាកីឡាការិនីដ៍ឆ្នើមរបស់យូដូ ដែលមានសមត្ថភាពខ្ពស់ក្នុងការដណ្ដើមយកមេដាយ ពីព្រោះថ្នាក់ ជាតិនាងបានក្លាយជាជើងឯកកីឡាយូដូ៣ឆ្នាំរួចមកហើយ។ សម្រាប់គ្រូបង្វឹកកីឡាយូដូជម្រើស ជាតិអ្នកស្រី ចាន់ ជៀន ប្រាប់ថា បុស្បាប៉ាន់ បើនិយាយពីការហ្វឹកហាត់នោះគឺនាងប្រឹងប្រែងខ្លាំង មែនតែបើសង្ឃឹមបានមេដាយនោះគឺមាន៥០ភាគរយហើយការសង្ឃឹមតែពាក់កណ្ដាលនេះដោយសារតែ បុស្បាប៉ាន គេទើបតែជាប់ជាកីឡាការិនីជម្រើសជាតិបាន១ឆ្នាំនេះប៉ុណ្ណោះហើយនាងមិនដែលបានចេញទៅប្រកួតជាលក្ខណៈអន្ដរជាតិម្ដងណាឡើយ ទើបតែឥឡូវនេះសហព័ន្ធបានបញ្ចូននាងចេញទៅប្រកួតនៅស៊ីហ្គេម ដើម្បីឱ្យនាងដក ពិសោធន៍ខ្លួនឯងនៅបរទេស ថាខ្លួននាងខ្លាំងឬខ្សោយ?។ អគ្គលេខាធិការខេមរសហព័ន្ធកីឡាយូដូ និងជាគ្រូបង្វឹកលោក ឡាច វុទ្ធី មានទំនុកចិត្ដខ្ពស់ទៅលើកីឡាការិនី បុស្បាប៉ាន់ ដោយលោកលើកឡើងថា នាងមានបទពិសោធន៍និងកម្រិតបច្ចេកទេសល្អពីព្រោះការហាត់ត្រៀមចេញទៅប្រកួតនេះ លោកបានធ្វើតេស្ដក្នុង១អាទិត្យ២ដងឃើញថា បុស្បាប៉ាន់ មានបច្ចេកទេសគ្រប់គ្រាន់ក្នុងការដណ្ដើម យកមេដាយពីស៊ីហ្គេម។ លោកបន្ដទៀតថា ចំពោះការហ្វឹកហាត់យើងបានត្រៀមតាំងពីខែបីមកម្ល៉េះ បើគិតមកដល់ឥឡូវនេះជាង៨ខែមកហើយសម្រាប់ការត្រៀមទៅស៊ីហ្គេមតែការហ្វឹកហាត់គឺមិន ដែលបានបញ្ជូនកីឡាការិនីរូបនេះចេញទៅហ្វឹកហាត់នៅក្រៅប្រទេសទេ តែយ៉ាងណាក៏ដោយ សម្រាប់មុន ការមុនចេញទៅប្រកួតសហព័ន្ធមានគម្រោងបញ្ជូន កីឡាករចេញទៅហ្វឹកហាត់និងដកបទពិសោធន៍នៅប្រទេសវៀតណាម។ គួររំលឹកផងដែរថាៈ កីឡា យូដូកម្ពុជាធ្លាប់បានចូលរួមប្រកួតនៅក្នុងព្រឹត្ដិការណ៍ កីឡាស៊ីហ្គេមតាំងពីឆ្នាំ១៩៩៥មកម្ល៉េះ។ ឆ្នាំ១៩៩៧ និងឆ្នាំ១៩៩៥ បានទទួលបានមេដាយសំរិទ្ធចំនួន២ ក្រៅពីនេះប្រកួតជ្រើសរើសជើងឯកអាស៊ានឆ្នាំ២០០២នៅវៀតណាមបានមេដាយមាស ប្រាក់ សំរិទ្ធ។ ឆ្នាំ២០០៦ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ទទួលបានប្រាក់១សំរិទ្ធ៧និងប្រកួតជម្រើស យុវជនអូឡាំពិកហ្គេមបានមេដាយសំរិទ្ធ១ផងដែរ ៕
