
ប្រលងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការ ចូលបំរើការងារបំពេញបន្ថែម នៅក្រសួងព័ត៌មាន ឆ្នាំ ២០១១
ដោយ ៖ សាគុណ ថ្ងៃទី 10 តុលា 2011ម៉ោង 16:01:50
ភ្នំពេញ៖ ក្រសួងព័ត៌មាន រៀបចំកម្មវិធីប្រលងជ្រើសរើសមន្ត្រីរាជការចូលបំរើការងារ ជំនួសមន្ត្រី ចាស់ដែលចូលនិវត្តន៍ សម្រាប់ឆ្នាំ ២០១១ នៅព្រឹកថ្ងៃទី ០៩ តុលា ២០១១ នៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ ស្ថិតក្នុងសង្កាត់ស្រះចក ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ ។
នៅក្នុងឱកាសបើកការប្រលងនោះ លោក ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាអនុគណៈកម្មការប្រលង បានបើកវិញ្ញាសាដើម្បីពិនិត្យនិងចែកជូនដល់អនុរក្សតាមបន្ទប់នីមួយៗហើយក្នុងការពិនិត្យវិញ្ញាសានេះក៏មានការចូលរួមពីតំណាងលេខាធិការដ្ឋានមុខងារសា ធារណៈផងដែរ ។
តាមការបញ្ជាក់របស់គណៈកម្មការប្រលងបានឲ្យដឹងថា សម្រាប់ឆ្នាំ ២០១១នេះ ក្រសួងព័ត៌មានមានគម្រោងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការងារចូលបំរើការ ងារបំពេញបន្ថែម ចំនួន ៥៣នាក់ ហើយក្នុងការប្រលងនេះបេក្ខជន បេក្ខនារីដាក់ពាក្យប្រ លងមានចំនួន ៥២៥នាក់ ហើយក្របខ័ណ្ឌដែលត្រូវជ្រើសរើសមាន៣កំរិត គឺៈ ១-កំរិតឧត្តម ចំនួន ៣៥នាក់ ក្នុងចំណោមបេក្ខជន បេក្ខនារី ចំនួន ២៦០នាក់ មុខវិជ្ជាត្រូវជ្រើស រើសយករួមមានៈ វិជ្ជាព័ត៌មានវិទ្យា ១០នាក់ មុខវិជ្ជាសារព័ត៌មានចំនួន៨នាក់ មុខវិជ្ជានីតិសាស្ត្រចំនួន ៦នាក់ គណនេយ្យចំនួន ៦នាក់ ភាសាបារាំង ២នាក់ ភាសាអង់គ្លេស ២នាក់ និងភាសាចិន ១នាក់ ។ ២-កំរិតមធ្យមចំនួន៩នាក់ក្នុងចំណោមបេក្ខជនចំនួន១០៧នាក់ដែលមានមុខវិជ្ជាត្រូវជ្រើសរើសយកមានៈ មុខវិជ្ជាសារព័ត៌មានចំនួន៥នាក់ អានព័ត៌មានចំនួន៣នាក់ និងភាសាចាម ១នាក់ ។ ៣-កំរិតបឋមចំនួន៩នាក់ ក្នុងចំណោមបេក្ខជន បេក្ខនារីចំនួន ១៥៧នាក់ មុខវិជ្ជាដែលត្រូវជ្រើសរើសយក មានៈ មុខវិជ្ជាសារព័ត៌មានចំនួន ៥នាក់ អានព័ត៌មានចំនួន៤នាក់ ។
គណៈកម្មការប្រលងបានឲ្យដឹងផងដែរថាវិញ្ញាសាប្រលងរួមមានវិញ្ញាសាសរសេរអំពីចំណេះដឹងទូទៅព្រមទាំងធ្វើតេស្តភាសាអង់គ្លេសនិងវិញ្ញាសាសួរផ្ទាល់មាត់ចំពោះបេក្ខជនបេក្ខនារីកំរិតឧត្តម និងមធ្យម។ សម្រាប់កំរិតបឋម មានវិញ្ញាសាសរសេរ និងវិញ្ញាសាសួរផ្ទាល់មាត់ ។
គណៈកម្មការរៀបចំការប្រលងក៏បានបញ្ជាក់ទៀតថា ការប្រលងនេះត្រូវបានពិនិត្យ និង ត្រួតពិនិត្យយ៉ាងតឹងរ៉ឹងដើម្បីឲ្យដំណើរការប្រលងនេះប្រព្រឹត្តទៅដោយសុក្រឹតនិងអាចជ្រើសរើសបានអ្នកដែលមានសមត្ថភាព ក្នុងការបំពេញការងារជាមន្ត្រីរាជការនៅក្នុងក្រសួងព័ត៌មាន ។
គួរបញ្ជាក់ផងដែរថា ក្របខ័ណ្ឌមន្ត្រីរាជការក្រសួងព័ត៌មាន នាពេលបច្ចុប្បន្នមាន ជាង១ពាន់នាក់ ហើយមានមន្ត្រីចូលនិវត្តជាន៍ច្រើននាក់ ហេតុនេះហើយក្រសួងព័ត៌មាន បានរៀបចំកម្មវិធីប្រលងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការថ្មីនេះ ដោយមានការអនុញ្ញាតពីរាជ រដ្ឋាភិបាល ដើម្បីឲ្យមន្ត្រីថ្មីបំពេញការងារបន្តពីមន្ត្រីដែលចូលនិវត្តន៍ ពិសេសគឺជម្រុញប្រ សិទ្ធភាពការងារ សម្រាប់ធ្វើឲ្យវិស័យព័ត៌មាន និងសោតទស្សន៍នៅព្រះរាជាណាចក្រ កម្ពុជា កាន់តែរីកចំរើនថែមទៀត ៕
