
ប្រធានាធិបតីអូបាមា“ឈ្លាសវៃ”ជាងអតីតប្រធានាធិបតីប៊ូស
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 11 តុលា 2011ម៉ោង 09:44:34
ជិត៣ឆ្នាំចាប់តាំងពីឡើងកាន់តំណែងប្រធានាធិបតីអាមេរិកនៅខែមករា ឆ្នាំ២០០៩ ប្រធានាធិបតីបារ៉ាក់ អូបាម៉ា បានកែទម្រង់គោលនយោបាយការបរទេសប្រកបដោយជោគជ័យពិសេសក្នុងតំបន់ដែលមានស្ថាន ភាពនយោបាយស្មុគស្មាញជាងគេលើពិភពលោកគឺមជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើង។
ក្នុងនាមជាអ្នកកាច់ចង្កូតនាវាអាមេរិក គោលនយោបាយទាំងឡាយរបស់អូបាម៉ា ត្រូវ គេទទួលស្គាល់ថាជាគោលនយោបាយល្អប្រសើរជាងអតីតប្រធានាធិបតីប៊ូស។
ក្រោយវាយប្រហារភេរវកម្ម ១១ កញ្ញា នៅសហរដ្ឋអាមេរិកបណ្ដាលឱ្យមានអ្នកស្លាប់ ជិត៣ពាន់នាក់និង៦ពាន់នាក់រងរបួសសហរដ្ឋអាមេរិក ក្រោមរដ្ឋកាលលោកប៊ូសបានប្រកាសថា មិនអាចរស់នៅលើលោកនេះជាមួយក្រុមភេរវកម្មនោះឡើយ ដោយគោល ដៅទាំងនោះអាមេរិកក៏បានចាប់ផ្ដើមធ្វើសង្គ្រាម ប្រឆាំងភេរវកម្មនៅលើពិភពលោក។
នៅក្នុងសង្គ្រាមនោះបានធ្វើឱ្យប្រទេសជាច្រើនប្រឈមនឹងការសម្រេចចិត្ដមួយដ៏លំបាក ថាតើត្រូវតែដើរតាមនិងគាំទ្រអាមេរិក ឬមួយក៏មិនគាំទ្រ។ នៅក្នុងសង្គ្រាមនោះ អតីតប្រធានាធិបតី ប៊ូស បានផ្ដល់អាទិភាព ក្នុងគោលនយោបាយប្រើប្រាស់កម្លាំងយោធា នៅពេលចាំបាច់សម្រាប់វាយប្រហារទៅលើទី តាំងណាមួយដោយមិនចាំបាច់ឆ្លងកាត់ការឯកភាពពីរដ្ឋសភាជាមុនឡើយ។ ដោយ សារគោលនយោបាយទាំងនោះបានក្លាយទៅជាកូនអុកដ៏សំខាន់ដែលអាមេរិកអាចប្រើប្រាស់សម្រាប់ផ្លាស់ប្ដូររបបដឹកនាំរបស់ប្រទេសណាដែលមានទស្សនៈផ្ទុយជាមួយអាមេរិក។ នៅក្នុងសង្គ្រាមអ៊ីរ៉ាក់គឺជា ឧទាហរណ៍ជាក់ស្ដែង។ ពេលនោះអាមេរិកគ្មានភស្ដុតាងច្បាស់លាស់ដើម្បីបញ្ជាក់ថាអ៊ីរ៉ាក់មានអាវុធប្រល័យ លោកដែលជាមូលហេតុឱ្យអាមេរិកត្រូវតែ វាយប្រហារនោះក៏អាមេរិកចាំបាច់ត្រូវតែវាយ ប្រហារដោយឯកតោភាគីទោះបីក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិមិនទាន់ឯកភាពក៏ដោយ។ សង្គ្រាម២ ដែលអតីតប្រធានាធិបតី ប៊ូស គឺសង្គ្រាមនៅអាហ្វហ្គានីស្ថានឆ្នាំ ២០០១ និងសង្គ្រាមនៅអ៊ីរ៉ាក់ឆ្នាំ ២០០៣ បានធ្វើឱ្យសហរដ្ឋអាមេរិកខាតបង់យ៉ាងធ្ងន់។ អាមេរិកបានចំណាយប្រាក់រាប់ សិបពាន់ពាន់លានដុល្លារសម្រាប់សង្គ្រាម២នោះ ប៉ុន្ដែនៅតែមិនអាចសម្លាប់មេដឹកនាំភេរវកម្មអូសាម៉ា ប៊ីន ឡាដេន និងបណ្ដាញភេរវកម្មអាល់កៃដានោះឡើយ ។ លើសពីនេះទៅទៀត ចំនួនទាហានអាមេរិកដែល បាត់បង់ជីវិតនៅអាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក់កើនខ្ពស់ហួសពីការស្មាន ដោយក្នុង្របទេសអាហ្វហ្គានីស្ថានមានទាហានអាមេរិក១.១៧៦ នាក់ស្លាប់ និងនៅអ៊ីរ៉ាក់៤.៥០០នាក់។
ការខាតបង់ទាំងអាយុជីវិតទាំងទ្រព្យសម្បត្ដិដ៏ច្រើនសន្ធឹកសន្ធាប់នោះធ្វើឱ្យពលរដ្ឋ អាមេរិកដាក់សំណួរអំពីលទ្ធផលដែលអាមេរិកទទួលបានពីសង្គ្រាមទាំង២ខាងលើនោះ។ ចាប់តាំងពីប្រធានាធិបតី អូបាម៉ា ឡើងកាន់អំណាច អូបាម៉ា បានសាកល្បងនូវ គោលនយោបាយថ្មីរបស់ខ្លួននៅមជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើង។ ដំបូងគេគឺគោលនយោបាយរបស់អាមេរិកជាមួយប្រទេសអេហ្ស៊ីបនិងអ៊ីរ៉ង់។ អាមេរិកបានសន្យាថា បង្កើនទំនាក់ទំនងឱ្យមានភាពល្អប្រសើរជាមួយអេហ្ស៊ីប ក្រោមរដ្ឋកាលរបស់អតីតប្រធានាធិបតីហូស្នីមូបារ៉ាក់។ ចំណែកជាមួយប្រទេសអ៊ីរ៉ង់ក៏ក្រោមរដ្ឋកាលលោក ប៊ូស អាមេរិកតែងរក្សាគោលនយោបាយតឹងតែង ជាមួយអ៊ីរ៉ង់ពាក់ព័ន្ធនឹងកម្មវិធីបរមាណូ មិនត្រឹមតែប៉ុណ្ណោះ លោក ប៊ូស បានដាក់ប្រទេសអ៊ីរ៉ង់ចូលក្នុងបញ្ជីខ្មៅទៀតផង។ ចំណែកប្រធានាធិបតីអូបាម៉ាបែរជាប្រើ ប្រាស់គោលនយោបាយទន់ភ្លន់ជាមួយបណ្ដាប្រទេសទាំងនោះ។ រហូតដល់មានការធ្វើ បាតុកម្មរាលដាលយ៉ាងខ្លាំងនៅមជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើង លោក អូបាម៉ា កែទម្រង់គោលនយោបាយរបស់ខ្លួនទៅលើបណ្ដាប្រទេស ទាំងនោះ។
ក្នុងបញ្ហាប្រទេសអាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក់ ទោះបីប្រធានាធិបតី អូបាម៉ា សម្រេច បន្ដរក្សាកម្លាំងយោធានៅក្នុងសង្គ្រាមនោះ ប៉ុន្ដែក៏បានប្រកាសថានឹងដកទាហានចេញបន្ដិចម្តង ហើយនឹងដកទាំងស្រុងនៅឆ្នាំ២០១៤។ អ្វីដែលលោកអូបាម៉ាទទួលបានជោគជ័យនោះ គឺការសម្លាប់មេដឹកនាំ ភេរវកម្ម អូសាម៉ា ប៊ីនឡាដេន ដែលជាសត្រូវទី១របស់អាមេរិកជារឿងអតីតប្រធានាធិបតី ប៊ូស មិនអាចធ្វើបានរយៈពេលជាច្រើនឆ្នាំកន្លងមក។
ក្រោយពេលមានស្ថានភាពប្រែប្រួលនៅតំបន់មជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើងកាល ពីថ្ងៃទី២ សីហា ២០១០ ប្រធានាធិបតីអាមេរិកបានចេញបញ្ជាលេខ១១ដែលមានឈ្មោះថា កែទម្រង់គោលនយោបាយនៅមជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើង។ គោលនយោបាយនោះបានជំរុញឱ្យមាន ការក្រោកឡើងធ្វើបដិវត្ដន៍របស់មហាជននៅតាមបណ្ដាប្រទេសទាំងនោះ ដោយស្នើឱ្យ របបគ្រប់គ្រងគោលនយោបាយសេដ្ឋកិច្ចនៅទីនោះ។ លទ្ធផលគឺប្រធានាធិបតី បេន អាលី ត្រូវបោះបង់សិទ្ធិអំណាចប្រធានាធិបតី អេហ្ស៊ីបហូស្នី មូបារ៉ាក់ ក៏ត្រូវបោះបង់អំណាច របស់ខ្លួនផងដែររហូតដល់ប្រធានាធិបតីលីប៊ី ក៏ត្រូវរត់ចោលស្រុកទៀតផង។ នៅពេលខាងមុខទៀត ប្រទេសស៊ីរីក៏អាចប្រឈមនឹងស្ថានភាពដូចគ្នានោះផងដែរ។ គោលនយោបាយរបស់អាមេរិក ក្រោមការដឹកនាំរបស់ អូបាម៉ា ទោះបីពិភពលោកចង់ថ្កោលទោសក៏មិនអាចធ្វើទៅរួចឡើយ ដោយសារពលរដ្ឋនៅក្នុងប្រទេសនោះ ភាគច្រើនចង់បានដូច្នេះគឺការកែទម្រង់ប្រព័ន្ធ ដឹកនាំប្រកបដោយលទ្ធិប្រជាធិបតេយ្យ។
ដូច្នេះ បើប្រៀបធៀបនឹងគោលនយោបាយកន្លងមករបស់អតីតប្រធានាធិបតីប៊ូសនិងគោលនយោបាយបច្ចុប្បន្នរបស់ប្រធានាធិបតី អូបាម៉ា នៅតំបន់ទាំងនោះបង្ហាញឱ្យឃើញថា លទ្ធផលរបស់លោកអូបាម៉ាទទួលបានជោគជ័យទាំងផ្នែកសេដ្ឋកិច្ច សុខាភិបាល..ជាងប្រធានាធិបតីប៊ូស ។
អ្វីដែលបានជោគជ័យកន្លងមកនូវគោលនយោបាយការបរទេសក៏ដូចជាគោលនយោ បាយក្នុងស្រុកជួយឱ្យប្រធានាធិបតី អូបាម៉ាអាចរក្សាបានតំណែងបន្ថែមមួយអាណត្ដិទៀតជាក់ជាមិនខាន។
ទោះបីពេលនេះពលរដ្ឋអាមេរិកមួយចំនួនបាត់បង់ទំនុកចិត្ដទៅលើ អូបាម៉ា ក្នុង ការដោះស្រាយវិបត្ដិមួយចំនួននៅក្នុងប្រទេស ដូចជាវិបត្ដិគ្មានការងារធ្វើ ប៉ុន្ដែពលរដ្ឋអាមេរិក យល់យ៉ាងច្បាស់ថា នៅពេលនេះមិនទាន់ មើលឃើញបុគ្គលណាមួយដែលមានប្រៀប ហើយល្អប្រសើរជាងលោកអូបាម៉ានៅឡើយ ៕
