
មហាក្សត្រិយានីកំពូលដួងចិត្តខ្ញុំ
ដោយ ៖ លោក ឯក ថ្ងៃទី 11 តុលា 2011ម៉ោង 11:23:40
វាជាខ្សែរឿងភាគមួយដ៏ថ្មីសន្លាងរបស់កូរ៉េខាងត្បូង ហើយកំពុងតែមានវត្ដមាននៅលើកញ្ចក់ទូរទស្សន៍នៅកម្ពុជាយើងនេះ។ ថ្វីដ្បិតគេមិនបានហៅរឿងនេះថាជារឿង មហាក្សត្រិយានីដួងចិត្ដខ្ញុំក៏ពិតមែនតែវាជា រឿងតែមួយដ៏ល្បីល្បាញនៅកូរ៉េខាងត្បូង ហើយវត្ដមាននៅលើកញ្ចក់ទូរទស្សន៍នៅ កម្ពុជាក៏ទាក់ទាញបាននូវទស្សនិកជនយ៉ាងច្រើនសន្ធឹកសន្ធាប់ ព្រោះទាំងសាច់រឿង បច្ចេកទេសដឹកនាំការថត និងទាំងតួសម្ដែងសុទ្ធតែអ្នកល្បីល្បាញ ហើយពេញនិយម។ មហាក្សត្រិយានីកំពូលដួងចិត្ដបញ្ចាំងនៅលើបណ្ដាញអឹមប៊ីស៊ី (Network MBC) រួមមាន១៦វគ្គ និយាយជាភាសាកូរ៉េ តែនៅកម្ពុជាគេបានបកប្រែជាភាសាខ្មែររួចហើយ។ តារាសម្ដែងក្នុងរឿងមហាក្សត្រិយានីកំពូលដួងចិត្ដខ្ញុំគឺបុរសសង្ហា សុង សឿងហុន (Song Seung Heon) សម្ដែងជាតួ Hae Young និងកញ្ញាស្រស់ ស្អាត គីម តេហ៊ី (Kim Tae Hee) ដែលត្រូវសម្ដែងជាមហាក្សត្រិយានី (Lee Sul) ។
Lee Sul (សម្ដែងដោយ Kim Tae Hee) គឺជាក្មេងស្រីជំទង់ម្នាក់ចូលរៀននៅវិទ្យាល័យយឺត ជាងក្មេងស្រីផ្សេងៗទៀត ហើយនាងក៏ដូចជាក្មេងស្រីជំទង់ផ្សេងៗទៀតដែរ តែងតែស្រមៃ ថាចង់ក្លាយជាព្រះមហាក្សត្រិយានី តែសម្រាប់កញ្ញា Lee Sul វិញក៏បានក្លាយខ្លួនដូច ការស្រមើស្រមៃមែន។ Hae Young (សម្ដែងដោយបុរសសង្ហា Song Seung Heon) ជាអ្នកការទូតវ័យ៣១ឆ្នាំ។ គាត់ជា បុរសតែម្នាក់គត់ដែលជាអ្នកស្នងទ្រព្យសម្បត្ដិពីក្រុមហ៊ុនយក្សមួយរបស់កូរ៉េឈ្មោះ Daehan Jonghap Group។ ក្រៅពីមានទ្រព្យហាយុង (Hae Young) ក៏មានរួបរាងសង្ហាស្រីណាឃើញក៏ចាប់ចិត្ដថែមទាំងមានសញ្ញាបត្រចេញ ពីសាកលវិទ្យាល័យ Ivy League School ទៀតផង។ ដោយមានការព្រមព្រៀងជាមួយ ជីតារបស់ខ្លួន Hae Young បានសម្រេចបោះបង់សិទ្ធិទាំងអស់ពីក្រុមហ៊ុនដ៏ធំនិងមិនទទួលទ្រព្យសម្បត្ដិអ្វីឡើយ។ នេះគឺដើម្បីផ្ដល់ ទៅឱ្យស្រីវ័យជំទង់ម្នាក់គឺ Lee Sul ។
Lee Sul វ័យ២៥ឆ្នាំ ជានិស្សិតនៅសាលាដែលរៀនភាគច្រើនអំពីសិល្បៈនៃប្រវត្ដិសាស្ដ្រ (Art History). នាងមិនមានយល់ដឹងអ្វីទាំងអស់ជុំវិញអាថ៌កំបាំងនៃកំណើតនិងខ្សែស្រឡាយបងធម៌ ប្អូនធម៌របស់ខ្លួនឡើង។ នាង បានរស់នៅក្នុងភាពជាមនុស្សធម្មតា។ ក្រៅពីសិក្សានាងត្រូវឆ្លៀតពេលធ្វើការក្រៅម៉ោងយកប្រាក់ដើម្បីឧបត្ថម្ភការរៀនសូត្រ។ ថ្ងៃមួយស្រាប់តែ Lee Sul បានក្លាយទៅជាមហាក្សត្រិយានី ហើយនៅក្នុងរាជបញ្ជាឱ្យក្លាយជាជាមហាក្សត្រិយានីនេះ លោកប្រធានក្រុមហ៊ុនដ៏ធំ Daehan Jonghap Group បានប្រគល់ទ្រព្យសម្បត្ដិទាំងអស់ទៅឱ្យនាង។ នាងបានស្វាគមន៍មុខតំណែងនេះ តែត្រូវ ផ្ដើមរៀនសូត្រយ៉ាងប្ដូរផ្ដាច់និងយ៉ាងតឹងតែង ដើម្បីសក្ដិសមនឹងតួនាទីថ្មី។ ស្នេហាបានចាប់បដិសន្ធិរវាងកលោះ Hae Young និងក្រមុំ Lee Sul។ ចំណែកឯ យូ ថូ (សម្ដែង ដោយ Park Ye Jin) គឺជាស្រីវ័យ៣០ឆ្នាំ ជាចាង ហ្វាងសារមន្ទីរ Hae Young ហើយឪពុកនាង ជាលេខាធិការនៃប្រធានក្រុមហ៊ុន Daehang Jong Group ហើយនាងក៏មានបំណងរៀបការជាមួយ Hae Young នៅថ្ងៃណាមួយផងដែរ។ ការប្រកួតប្រជែងដណ្ដើមស្នេហាក្លាយជាកាច់កុងដ៏ស្រួចស្រាវនៅពេលដែល Lee Sul បានក្លាយជាមហាក្សត្រិយានី...៕
