
ក្រុមតារាចមៀង Wonder Girls ដ៏ល្បីល្បាញនៅកូរ៉េខាងត្បូង
ដោយ ៖ លោក ឯក ថ្ងៃទី 12 តុលា 2011ម៉ោង 04:53:24
ក្រុមតារាចម្រៀងឈ្មោះថា Wonder Girls ប៉ុន្មានឆ្នាំចុងក្រោយនេះមិនគ្រាន់អង្រួននៅក្នុងកូរ៉េខាងត្បូងប៉ុណ្ណោះទេ តែភាពល្បីល្បាញបានហក់ចេញទៅក្រៅប្រទេស ក្រៅទ្វីបថែមទៀត។ វាជាក្រុមដែលមានសុទ្ធតែក្មេងស្រីស្រស់ស្អាតនិងមានទេពកោសល្យពិសេសខាងសិល្បៈតន្ដ្រីនិងក្បាច់រាំយ៉ាងចំណានៗដែលជាធ្នាក់ទាញអារម្មណ៍មនុស្សទូទៅបានយ៉ាងឆាប់របា័ស។ ឥឡូវមិនមែននៅតែតំបន់ អាស៊ីអគ្នេយ៍ប៉ុណ្ណោះទេនៅចិន អាស៊ីខាងកើត អឺរុប និង អាមេរិក ក៏ផ្ដោតអារម្មណ៍ទៅលើក្រុមមួយនេះដែរ។ ក្រុម Wonder Girls ផ្ដុំឡើងដោយក្មេងស្រី៥រូបគឺ មីន សាន់ យេ (MinSunYe) ជាមេដឹកនាំក្រុម។ ទី២ ប៉ាក់ យេ អឿន (Pask Ye Eun) ទី៣ គីម យូ ប៊ីន (Kim Yoo Bin) ទី៤ សាន់មី (Sum Mi) និងទី៥ គឺ អាន សូហ៊ី (Ahn So Hee) ដែលចាប់ផ្ដើមដំបូងនៅឆ្នាំ២០០៧។ អតីតសមាជិកក្រុមម្នាក់ឈ្មោះថា គីម ហុន អា (Kim Hyun A) បានចាកចេញពីក្រុមនៅឆ្នាំ២០០៧នេះដែរ ដោយសារតែហេតុផលសុខភាព ក៏ប៉ុន្ដែនាងនៅតែរក្សាសមាជិកភាព និងនឹកភ្នកទៅរកក្រុមនេះជានិច្ច។ ក្រុមចម្រៀង Wonder Girls នេះក៏បានចូលរួមជួយលើក ស្ទួយអាហារកូរ៉េនៅក្នុងទីក្រុង Dalian នៃ ប្រទេសចិន។
ក្រុម Wonder Girls បានធ្វើដំណើរមកដល់ទីក្រុង Dalian សប្រទេសចិនដើម្បីជួយលើកស្ទួយការប្រើប្រាស់ផលិតផលកសិកម្មរបស់កូរ៉េ។ ក្រុម Wonder Girls បាននិយាយនៅក្នុងបទសំភាសន៍របស់ពួកគេថា ពួកគេបានធ្វើការណែនាំពីភាពប្រណីតរបស់ផលិតផលកូរ៉េ និងបានបង្ហាញពីគំរោងនៅថ្ងៃអនាគតរបស់ពួកគេផងដែរ។ បន្ទាប់ពីព្រឹត្ដិការណ៍នេះចប់ ពួក គេបានចូលរួមសម្ដែងក្នុងកម្មវិធី Dalian Fashion Festival ។
ក្រុម Wonder Girls បានទទួលភាពល្បីល្បាញមិនត្រឹមតែក្នុងទ្វីបអាស៊ីនោះទេគឺទូទាំង ពិភពលោកតែម្ដងដោយសារតែបទចម្រៀង មានចំណងជើងថា Nobody របស់ពួកគេ ។
សមាជិកក្រុមរបស់ពួកគេបានចំណាយពេលវេលាច្រើនដើរនៅក្រៅប្រទេសដើម្បីផ្សព្វផ្សាយផលិតផលអាហារនេះ ហើយមិនត្រឹមតែប៉ុណ្ណោះ ពួកគេត្រូវបានតែងតាំងធ្វើជាឯកអគ្គរដ្ឋទូតអាហារកូរ៉េផងដែរ ។
ដោយសារតែមានការទទួលស្គាល់លើសកលលោកបែបនេះក្រុម Wonder Girls មិន ត្រឹមតែព្យាយាមលើកស្ទួយចម្រៀងរបស់ពួកគេឡើយ ពួកគេថែមទាំងជួយលើកស្ទួយវប្បធម៌កូរ៉េរបស់ពួកគេថែមទៀត ។
បើទោះបីជាក្រុម Wonder Girls មានភាពមមាញឹកនឹងការងារក៏ដោយពួកគេនៅតែចំណាយពេលវេលាខ្លះដើម្បីចំអិនអាហារ កូរ៉េដោយខ្លួនឯងថែមទៀត។ ជំនាញចំអិនអាហាររបស់នាង Sunye ត្រូវបានទទួលស្គាល់ពីសំណាក់មិត្ដរួមក្រុមរបស់នាង ហើយនាងធ្វើម្ហូបសម្រាប់ពួកគេជាញឹកញាប់។ ស្របពេលដែលមានភាពមមាញឹកជាឯកអគ្គរដ្ឋទូតអាហារនេះក្រុម Wonder Girls ក៏កំពុងតែត្រៀមចេញបទថ្មីៗ ថែមទៀតដើម្បីបំរើអារម្មណ៏អ្នកគាំទ្ររបស់ពួកគេ។ ពួកគេគ្រោងចេញអាល់ប៊ុមបែបអាមេរិកនិងកូរ៉េនៅក្នុងខែតុលានេះ។ ជាងនេះទៅទៀត ពួកគេនឹងវិលត្រលប់ទៅកាន់សហរដ្ឋអាមេរិកដើម្បីថតខ្សែភាពយន្ដមួយដែលមានចំណងជើងថា “Wondergirls at the Apollo” ៕
