តើ​ខ្ញុំ​ត្រូវ​ជ្រើសរើស​បុរស​ណា​

ដោយ​ ៖ នគរវត្ត ថ្ងៃទី 13 តុលា 2011ម៉ោង 15:00:03

​ក្រោយ​ចំណង​ស្នេហ៍​ដំបូង​បែកបាក់​ទៅ​ នាង​ខ្ញុំ​សែន​ឈឺចាប់​ ហើយ​បាន​ប្ដេជ្ញា​ចិត្ដ​ថា​ ឈប់​ស្រឡាញ់​បុរស​ណា​ទៀត​ហើយ​។​  តែ​ខ្ញុំ​បាន​រាប់អាន​សុភាពបុរស​ម្នាក់​ឈ្មោះ​ប៊ុ​ន​ធឿ​ន​ ជា​មនុស្ស​ត្រឹមត្រូវ​បំផុត​ មានមុខ​របរ​ស្ថិរភាព​ ម្ល៉ោះហើយ​ញាតិសន្ដាន​ទាំងឡាយ​របស់ខ្ញុំ​សុទ្ធតែ​ពេញចិត្ដ​លើ​រឿង​ទំនាក់ទំនង​គាត់​ជាមួយនឹង​ខ្ញុំ​ គេ​បាន​សុំ​ស្នេហ៍​នាង​ខ្ញុំ​ដោយ​ស្មោះ​។​

​ប្រហែលជា​មក​ពី​ឈឺចាប់​ពេក​ដោយសារ​ក្បត់​ស្នេហ៍​និង​ដើម្បី​សងសឹក​គូស្នេហ៍​ចាស់​នាង​ខ្ញុំ​ក៏​បាន​ទទួល​ពាក្យ​ស្នេហ៍​របស់​គេ​ដោយ​និយាយ​ទាំង​ប្រថុយប្រថាន​ថា​ នាង​ខ្ញុំ​ស្រឡាញ់​បង​វិញ​ខ្លាំង​ណាស់​ ។​

ក្រោយមក​ គេ​ទៅ​រៀន​នៅ​បរទេស​ហើយ​គេ​នៅ​តែ​សរសេរ​សំបុត្រ​មក​នាង​ខ្ញុំ​។​ ចំណែក​ នាង​ខ្ញុំ​ក៏​បាន​សរសេរ​សំបុត្រ​តប​វិញ​ដែរ​បន្ដ​និយាយ​ថា​ ស្រឡាញ់​នឹករឭក​គាត់​វិញ​ខ្លាំង​ណាស់​។​    

បាន​រយៈពេល​៣​ខែ​ មិត្ដភក្ដិ​ខ្ញុំ​ម្នាក់​ទៀត​ឈ្មោះ​ សា​រ៉ា​យ​ ជួប​ជាមួយ​នាង​ខ្ញុំ​ ។​ សា​រ៉ា​យ​ មាន​រង្វង់​មុខ​រាង​ក្រពើ​អាកប្ប​   កិរិយា​លក្ខណៈសម្បត្ដិ​ដូច​ទៅ​នឹង​មិត្ដភក្ដិ​ចាស់​របស់​នាង​ខ្ញុំ​ដែរ​។​     ​    ​    ​ 

នាង​ខ្ញុំ​មាន​អារម្មណ៍​ភ្លាម​ជាមួយ​គេ​ ហើយ​យើងខ្ញុំ​ស្និទ្ធស្នាល​យ៉ាង​ឆាប់រហ័ស​ជាមួយ​គេ​ដោយសារ​តែ​អត្ដ​ចរិត​ និង​ចំណង់​ចំណូលចិត្ដ​របស់​នាង​ខ្ញុំ​និង​សា​រ៉ា​យ​ស្រប​ជាមួយ​គ្នា​។​ ឥឡូវនេះ​នាង​ខ្ញុំ​យល់​ថា​ ខ្លួន​ស្រឡាញ់​តែ​ សា​រ៉ា​យ​ប៉ុណ្ណោះ​មិន​អាច​រស់នៅ​ដោយ​គ្មាន​សា​រ៉ា​យ​ឡើយ​ ប៉ុន្ដែ​នាង​ខ្ញុំ​មិន​ហ៊ាន​ឱ្យ​គេ​ដឹង​ ពីព្រោះ​ចំពោះ​ញាតិ​មិត្ដ​និង​សា​រ៉ា​យ​ ថា​នាង​ខ្ញុំ​កំពុង​តែ​ជា​គូសង្សារ​របស់​ប៊ុ​ន​ធឿ​ន​ ។​

តើ​នាង​ខ្ញុំ​ត្រូវធ្វើ​ដូច​ម្ដេច​ដើម្បី​ចោល​ ប៊ុ​ន​ធឿ​ន​ ជ្រើសរើស​យក​ សា​រ៉ា​យ​ វិញ​ ?​ សូម​មេត្ដា​ជ្រើសរើស​ផ្លូវ​ទំនាក់ទំនង​ឱ្យ​នាង​ខ្ញុំ​ផង​?

នគរវត្ដៈ​ ឃើញ​លិខិត​របស់​នាង​ ខ្ញុំ​សែន​ហួសចិត្ដ​ដែល​នាង​មិន​គួរ​លូកដៃ​ចាប់​ទន្សាយ​ ផង​ត្រី​រ៉ស់​ផង​ក្នុង​ពេល​តែ​មួយ​នោះ​ទេ​។​ ហេតុ​អ្វី​បានជា​នាង​មានគំនិត​រាក់​កំផែល​ក្នុង​រឿង​ស្នេហា​យ៉ាងនេះ​ ហើយ​លេងសើច​ជាមួយនឹង​វា​ដោយ​ស្រួល​យ៉ាងនេះ​ ។​ មាន​ក្រិ​ត្យ​ក្រម​មួយ​ដែល​នាង​គួរតែ​យល់​ដឹង​ថា​ អ្នក​ទាំងឡាយ​ណា​ដែល​លេងសើច​ ហើយ​មើល​ស្រាល​សេចក្ដី​ស្នេហា​តែងតែ​ទទួល​តបស្នង​វិញ​យ៉ាង​ស័ក្ដិសម​នឹង​រឿង​នោះ​។​ នាង​ត្រូវ​បរាជ័យ​ក្នុង​រឿង​ស្នេហា​ជា​លើក​ដំបូង​ដោយសារ​ត្រូវ​ស្នេហ៍​គេ​ក្បត់​ទៅ​មាន​ថ្មី​ទៀត​ លើក​នេះ​នាង​គួរតែ​ប្រុង​ប្រយ័ត្ន​ជាង​មុន​យើងខ្ញុំ​ពិតជា​មិន​ស្មាន​ដល់​ចិត្ដ​នាង​មែន​។​ ក្នុង​សាច់​រឿង​របស់​នាង​ ខ្ញុំ​សូម​ចែក​ជាង​ ២​ផ្នែក​ ។​ ទី​១-​ ចំពោះ​ ប៊ុ​ន​ធឿ​ន​ នាង​គួរ​មាន​អាកប្បកិរិយា​ត្រង់ៗ​ច្បាស់លាស់​ ។​ រយៈពេល​នាង​ទទួល​ពាក្យ​ស្នេហា​ពី​គេ​ មិនយូរ​ប៉ុន្មាន​អ្នក​នាង​អាច​ដកថយ​ដោយ​ងាយស្រួល​។​ ត្រូវ​សរសេរ​សំបុត្រ​ទៅ​ឱ្យ​ប៊ុ​ន​ធឿ​ន​ ដោយ​សុំ​ទោស​អំពី​កំហុសឆ្គង​របស់​នាង​ដែល​បាន​យល់ព្រម​ស្នេហ៍​ជាមួយ​គេ​ (​ពន្យល់​មូលហេតុ​ដែល​នាង​បែរជា​យល់ព្រម​ទទួល​ពាក្យ​ស្នេហ៍​ជាមួយ​គេ​ គឺ​ដោយសារ​នាង​ចង់​សងសឹក​ជាមួយ​គូស្នេហ៍​ចាស់​តែ​ប៉ុណ្ណោះ​)​។​ នេះ​ជា​វិធី​ដែល​ល្អ​បំផុត​សម្រាប់​នាង​។​ នាង​គួរ​សុំ​ទោស​ទាំង​ញាតិសន្ដាន​មួយ​ចំនួន​ដែល​នាង​បាន​ធ្វើ​ឱ្យ​ពួក​គេ​យល់​ច្រឡំ​អំពី​រឿង​ស្នេហា​របស់​នាង​ ហើយ​បើ​នាង​ចង់​រក្សា​ស្ថានការណ៍​នេះ​ដដែល​មាន​អារម្មណ៍​ថា​ ប៊ុ​ន​ ធឿ​ន​    ​ជា​មនុស្ស​ល្អ​បំផុត​អាច​សង្ឃឹម​ច្រើន​ នា​ពេល​អនាគត​នោះ​មិន​ត្រូវ​សញ្ជឹងគិត​អ្វី​ផ្សេង​ជា​ដាច់ខាត​។​ ទី​២-​ ចំពោះ​ សា​រ៉ា​យ​ មិន​ត្រូវ​សង្ឃឹមថា​ សា​រ៉ា​យ​កំពុង​តែ​ស្រឡាញ់​នាង​ឬ​ត្រៀម​ជា​ស្រេច​ទទួលយក​ស្នេហា​របស់​នាង​នោះ​ទេ​។​ ព្រោះ​សា​រ៉ា​យ​ក៏​ជា​មិត្ដភក្ដិ​របស់​ ប៊ុ​ន​ធឿ​ន​ ដែរ​ ។​  សំខាន់​ជាង​នេះ​ គឺ​សា​រ៉ា​យ​មិន​ដែល​សម្ដែង​ មនោសញ្ចេតនា​ជាមួយ​នាង​ដែរ​ ហើយ​ក៏​មិន​ធ្លាប់​ដឹង​ដែរ​ នាង​ស្រឡាញ់​សា​រ៉ា​យ​ផង​ដែរ​។​ នាង​ត្រូវ​ពិនិត្យ​មើល​មនោសញ្ចេតនា​របស់​នាង​ឡើង​វិញ​ស្រឡាញ់​មនុស្ស​ម្នាក់​ដោយ​ សារ​អ្នក​នោះ​មានមុខមាត់​និង​អាកប្បកិរិយា​ ដូច​គូស្នេហ៍​ចាស់​ គឺជា​ប្រភេទ​ស្នេហា​មិន​បាន​គិត​វែង​ឆ្ងាយ​។​ វា​ងាយស្រួល​នឹង​ភាន់ច្រឡំ​ ហើយ​ក៏​ងាយស្រួល​នឹង​បាក់បែក​ដែរ​។​

​សរុប​មក​វិញ​នាង​ត្រូវ​តែ​ប្រយ័ត្នប្រយែង​ក្នុង​ការ​ដកឃ្លា​ចេញពី​ ប៊ុ​ន​ធឿ​ន​ ហើយ​អ្នក​នាង​ត្រូវ​តែ​ប្រាកដ​ថា​ សា​រ៉ា​យ​ ពិតជា​ស្រឡាញ់​អ្នក​នាង​វិញ​មិនមែន​មាន​តែ​នាង​ទេ​ដែល​ស្រឡាញ់​គេ​នោះ​ទេ​ ៕