
តើខ្ញុំត្រូវជ្រើសរើសបុរសណា
ដោយ ៖ នគរវត្ត ថ្ងៃទី 13 តុលា 2011ម៉ោង 15:00:03
ក្រោយចំណងស្នេហ៍ដំបូងបែកបាក់ទៅ នាងខ្ញុំសែនឈឺចាប់ ហើយបានប្ដេជ្ញាចិត្ដថា ឈប់ស្រឡាញ់បុរសណាទៀតហើយ។ តែខ្ញុំបានរាប់អានសុភាពបុរសម្នាក់ឈ្មោះប៊ុនធឿន ជាមនុស្សត្រឹមត្រូវបំផុត មានមុខរបរស្ថិរភាព ម្ល៉ោះហើយញាតិសន្ដានទាំងឡាយរបស់ខ្ញុំសុទ្ធតែពេញចិត្ដលើរឿងទំនាក់ទំនងគាត់ជាមួយនឹងខ្ញុំ គេបានសុំស្នេហ៍នាងខ្ញុំដោយស្មោះ។
ប្រហែលជាមកពីឈឺចាប់ពេកដោយសារក្បត់ស្នេហ៍និងដើម្បីសងសឹកគូស្នេហ៍ចាស់នាងខ្ញុំក៏បានទទួលពាក្យស្នេហ៍របស់គេដោយនិយាយទាំងប្រថុយប្រថានថា នាងខ្ញុំស្រឡាញ់បងវិញខ្លាំងណាស់ ។
ក្រោយមក គេទៅរៀននៅបរទេសហើយគេនៅតែសរសេរសំបុត្រមកនាងខ្ញុំ។ ចំណែក នាងខ្ញុំក៏បានសរសេរសំបុត្រតបវិញដែរបន្ដនិយាយថា ស្រឡាញ់នឹករឭកគាត់វិញខ្លាំងណាស់។
បានរយៈពេល៣ខែ មិត្ដភក្ដិខ្ញុំម្នាក់ទៀតឈ្មោះ សារ៉ាយ ជួបជាមួយនាងខ្ញុំ ។ សារ៉ាយ មានរង្វង់មុខរាងក្រពើអាកប្ប កិរិយាលក្ខណៈសម្បត្ដិដូចទៅនឹងមិត្ដភក្ដិចាស់របស់នាងខ្ញុំដែរ។
នាងខ្ញុំមានអារម្មណ៍ភ្លាមជាមួយគេ ហើយយើងខ្ញុំស្និទ្ធស្នាលយ៉ាងឆាប់រហ័សជាមួយគេដោយសារតែអត្ដចរិត និងចំណង់ចំណូលចិត្ដរបស់នាងខ្ញុំនិងសារ៉ាយស្របជាមួយគ្នា។ ឥឡូវនេះនាងខ្ញុំយល់ថា ខ្លួនស្រឡាញ់តែ សារ៉ាយប៉ុណ្ណោះមិនអាចរស់នៅដោយគ្មានសារ៉ាយឡើយ ប៉ុន្ដែនាងខ្ញុំមិនហ៊ានឱ្យគេដឹង ពីព្រោះចំពោះញាតិមិត្ដនិងសារ៉ាយ ថានាងខ្ញុំកំពុងតែជាគូសង្សាររបស់ប៊ុនធឿន ។
តើនាងខ្ញុំត្រូវធ្វើដូចម្ដេចដើម្បីចោល ប៊ុនធឿន ជ្រើសរើសយក សារ៉ាយ វិញ ? សូមមេត្ដាជ្រើសរើសផ្លូវទំនាក់ទំនងឱ្យនាងខ្ញុំផង?
នគរវត្ដៈ ឃើញលិខិតរបស់នាង ខ្ញុំសែនហួសចិត្ដដែលនាងមិនគួរលូកដៃចាប់ទន្សាយ ផងត្រីរ៉ស់ផងក្នុងពេលតែមួយនោះទេ។ ហេតុអ្វីបានជានាងមានគំនិតរាក់កំផែលក្នុងរឿងស្នេហាយ៉ាងនេះ ហើយលេងសើចជាមួយនឹងវាដោយស្រួលយ៉ាងនេះ ។ មានក្រិត្យក្រមមួយដែលនាងគួរតែយល់ដឹងថា អ្នកទាំងឡាយណាដែលលេងសើច ហើយមើលស្រាលសេចក្ដីស្នេហាតែងតែទទួលតបស្នងវិញយ៉ាងស័ក្ដិសមនឹងរឿងនោះ។ នាងត្រូវបរាជ័យក្នុងរឿងស្នេហាជាលើកដំបូងដោយសារត្រូវស្នេហ៍គេក្បត់ទៅមានថ្មីទៀត លើកនេះនាងគួរតែប្រុងប្រយ័ត្នជាងមុនយើងខ្ញុំពិតជាមិនស្មានដល់ចិត្ដនាងមែន។ ក្នុងសាច់រឿងរបស់នាង ខ្ញុំសូមចែកជាង ២ផ្នែក ។ ទី១- ចំពោះ ប៊ុនធឿន នាងគួរមានអាកប្បកិរិយាត្រង់ៗច្បាស់លាស់ ។ រយៈពេលនាងទទួលពាក្យស្នេហាពីគេ មិនយូរប៉ុន្មានអ្នកនាងអាចដកថយដោយងាយស្រួល។ ត្រូវសរសេរសំបុត្រទៅឱ្យប៊ុនធឿន ដោយសុំទោសអំពីកំហុសឆ្គងរបស់នាងដែលបានយល់ព្រមស្នេហ៍ជាមួយគេ (ពន្យល់មូលហេតុដែលនាងបែរជាយល់ព្រមទទួលពាក្យស្នេហ៍ជាមួយគេ គឺដោយសារនាងចង់សងសឹកជាមួយគូស្នេហ៍ចាស់តែប៉ុណ្ណោះ)។ នេះជាវិធីដែលល្អបំផុតសម្រាប់នាង។ នាងគួរសុំទោសទាំងញាតិសន្ដានមួយចំនួនដែលនាងបានធ្វើឱ្យពួកគេយល់ច្រឡំអំពីរឿងស្នេហារបស់នាង ហើយបើនាងចង់រក្សាស្ថានការណ៍នេះដដែលមានអារម្មណ៍ថា ប៊ុន ធឿន ជាមនុស្សល្អបំផុតអាចសង្ឃឹមច្រើន នាពេលអនាគតនោះមិនត្រូវសញ្ជឹងគិតអ្វីផ្សេងជាដាច់ខាត។ ទី២- ចំពោះ សារ៉ាយ មិនត្រូវសង្ឃឹមថា សារ៉ាយកំពុងតែស្រឡាញ់នាងឬត្រៀមជាស្រេចទទួលយកស្នេហារបស់នាងនោះទេ។ ព្រោះសារ៉ាយក៏ជាមិត្ដភក្ដិរបស់ ប៊ុនធឿន ដែរ ។ សំខាន់ជាងនេះ គឺសារ៉ាយមិនដែលសម្ដែង មនោសញ្ចេតនាជាមួយនាងដែរ ហើយក៏មិនធ្លាប់ដឹងដែរ នាងស្រឡាញ់សារ៉ាយផងដែរ។ នាងត្រូវពិនិត្យមើលមនោសញ្ចេតនារបស់នាងឡើងវិញស្រឡាញ់មនុស្សម្នាក់ដោយ សារអ្នកនោះមានមុខមាត់និងអាកប្បកិរិយា ដូចគូស្នេហ៍ចាស់ គឺជាប្រភេទស្នេហាមិនបានគិតវែងឆ្ងាយ។ វាងាយស្រួលនឹងភាន់ច្រឡំ ហើយក៏ងាយស្រួលនឹងបាក់បែកដែរ។
សរុបមកវិញនាងត្រូវតែប្រយ័ត្នប្រយែងក្នុងការដកឃ្លាចេញពី ប៊ុនធឿន ហើយអ្នកនាងត្រូវតែប្រាកដថា សារ៉ាយ ពិតជាស្រឡាញ់អ្នកនាងវិញមិនមែនមានតែនាងទេដែលស្រឡាញ់គេនោះទេ ៕
