
គាត់សារភាពថាបានស្គាល់ស្រីផ្សេងទៀត
ដោយ ៖ នគរវត្ត ថ្ងៃទី 13 តុលា 2011ម៉ោង 15:17:05
ការពិតពេលនេះប្អូនពិតជាស្មុគស្មាញ ហើយមិនដឹងជារៀបរាប់ប្រាប់អ្នកណាឡើយពីរឿងស្នេហាបច្ចុប្បន្នរបស់ប្អូន។ គាត់បាននិយាយប្រាប់ប្អូនថា គាត់និងស្ដ្រីរូបនោះស៊ីសង្វាក់គ្នាយ៉ាងខ្លាំងពិតជាធ្វើឱ្យប្អូនឈឺចិត្តដូចជា មានព្រួញដ៏មុតស្រួចរាប់សិបដើមចាក់ ទម្លុះបេះដូងពេលដែលប្អូននៅតែស្រឡាញ់គាត់នោះ។
ប្អូននិងគាត់បានស្រឡាញ់គ្នារយៈពេល៣ឆ្នាំកន្លងមកហើយ។ រយៈពេលកន្លងមកថ្មីៗប្អូនបានទៅស្រុកកំណើត ដោយវិស្សមកាលមួយខែ ពេលនោះគាត់បានផ្លាស់ប្ដូរមនោសញ្ចេតនាដោយមិនបានយកចិត្ដទុកដាក់ដល់ប្អូនដូចកាលពីមុនទៀតឡើយ ។ នៅពេលដែលបែកគ្នានោះមានតែប្អូនទេដែលចេះតែផ្ញើសារទំនាក់ទំនងជាមួយគាត់។ ចំណែកគាត់មិនដែលតបតមកខ្ញុំវិញនោះឡើយ ។ ពេលប្អូនសួរថា ហេតុអ្វីបានជាបងមិនយកចិត្ដទុកដាក់ចំពោះ អូន គាត់និយាយថា គ្មានពេលវេលាដើម្បីគិតរឿងរ៉ាវទាំងអស់នេះ។ កន្លងមកគាត់ធ្លាប់ស្រឡាញ់ប្អូនយ៉ាងខ្លាំង ទៅណាមកណាតែងនាំប្អូនទៅជាមួយ។ ពេលប្អូនត្រូវការគាត់ៗតែងនៅក្បែរប្អូនជានិច្ច។ រយៈពេលដែល ប្អូនស្រឡាញ់គ្នាប្អូនហាក់ដូចជាអាត្មានិយមតឹងតែងជាមួយគាត់ក្នុងការរាប់អានមិត្ដភក្ដិដោយខ្លាចជួបនឹងមិត្ដភក្ដិមិនល្អ។ ប៉ុន្ដែអាចបណ្ដាលមកពី ហេតុទាំងនោះហើយបានជាធ្វើឱ្យគាត់ខឹងនិងធុញទ្រាន់ ហើយបង្ហាញអាកប្បកិរិយាសោះ កក្រោះជាមួយប្អូនដូច្នេះ ។
ទីបំផុតគាត់បានផ្ញើសារមកកាន់ប្អូនដោយបានសរសេរថា គាត់បានគិតយ៉ាងល្អិតល្អន់ ហើយឃើញថាយើងទាំង២នាក់មិនស៊ីសង្វាក់គ្នាទាំងទស្សនៈទាំងការរស់នៅ ហើយគាត់និយាយថា ខ្លាចធ្វើឱ្យប្អូនឈឺចាប់នៅពេលក្រោយ។ ចុងក្រោយគាត់បាននិយាយថា គាត់មិនចង់និយាយកុហកប្អូនទៀតឡើយ រយៈពេលកន្លងមកគាត់បានរកឃើញស្ដ្រីក្នុងសុបិន ហើយធ្លាប់បានដើរលេងជាមួយគ្នា៤ ដងទៀតផង ។
នៅពេលដែលប្អូនសួរគាត់ថា មានស្អីៗនឹងគ្នាដែរឬទេ? គាត់ឆ្លើយថា អត់ទេ ប៉ុន្ដែមានពាក្យមួយឃ្លាដូចជាយកកាំបិតមកចាក់ទម្លុះបេះដូងប្អូនអ៊ីអចឹង គឺគាត់ថាមិនស្រឡាញ់ប្អូនទៀតឡើយ។ ពេលនោះប្អូននិយាយជាច្រើនជាមួយគាត់ ហើយសន្យាថានឹងផ្លាស់ប្ដូរអត្ដចរិត វិធីសាស្ដ្ររស់នៅដោយសារតែប្អូនស្រឡាញ់គាត់ពេកមិនអាចបំភ្លេចគាត់បានឡើយ ។
ប្អូននឹកស្មានថាក្រោយការសន្យាកែប្រែទម្លាប់អាចនឹងមានឱកាសបានវិលត្រឡប់ទៅរកគ្នាវិញ ប៉ុន្ដែទីបំផុតមានតែក្ដីឈឺចាប់ប៉ុណ្ណោះ ដោយសារពេលប្អូនទូរស័ព្ទទៅគាត់មិនដែលលើកម្ដងណាសោះ ។ បច្ចុប្បន្ន ប្អូនមិនដឹងធ្វើយ៉ាងណាឡើយចំពោះស្នេហារបស់ខ្លួន។ ប្អូនមិនដឹងថាគួរតែបន្ដពេល វេលាសម្រាប់គាត់ទៀតដែរឬទេ ឬមួយក៏ត្រូវតែបែកគ្នា។ សូមទស្សនាវដ្ដីនគរវត្ដ ពិសេសពូៗដែលមានឯកទេសជួយផ្ដល់មតិយោបល់ដល់រូបប្អូនផងថា គួរធ្វើយ៉ាងណាចំពោះស្នេហាមួយនេះ?
ពូនគរវត្ដៈ
ក្មួយស្រីជាទីរាប់អាន! រឿងរបស់ក្មួយស្រីពិតជាមិនពិបាកយល់ពេកទេ។ ខ្ញុំគិតថា សង្សាររបស់ក្មួយហាក់ដូចយកក្មួយស្រីគ្រាន់តែជាក្របីជីះដើម្បីចម្លងភក់តែប៉ុណ្ណោះ។ បានជាពូនិយាយយ៉ាងនេះ ព្រោះពូយល់ថា បើគេមានចេតនារង់ចាំស្រីដែលមាននៅក្នុងសុបិនរបស់គេនោះ ហេតុអីបានជាគេមកស្រឡាញ់ក្មួយរហូតដល់ទៅបីឆ្នាំធ្វើឱ្យអារម្មណ៍របស់ក្មួយជឿស្លុងទៅលើគេ។ បើគេមិនទាន់រកឃើញស្រីក្នុងសុបិនគេគួរតែរស់រង់ចាំ បន្សុទ្ធខ្លួនឱ្យបរិសុទ្ធដើម្បីរង់ចាំទេពធីតានៅក្នុងសុបិនរបស់គេ។ ផ្ទុយទៅវិញគេបាន យកក្មួយធ្វើជាក្របីជិះចម្លងភក់ឆ្អែតឆ្អន់ហើយ គេប្រើវិធីជម្រុះចោលដោយប្រើល្បិចកល ថារកឃើញស្រីក្នុងសុបិនហើយ។ ខ្ញុំជឿថា ប្រុសម្នាក់នេះទោះជាក្មួយធ្វើយ៉ាងណាក៏ក្មួយ មិនអាចបំពេញតម្រូវចិត្ដគេបានដែរ ព្រោះគេត្រៀមរួចជាស្រេចហើយថា ថ្ងៃណាមួយគេនឹងគ្រវាត់នាងចោល ដូចជាការច្របាច់ក្រូចយកទឹកហើយក៏គ្រវាត់សំបកចោលដូច្នោះដែរ។
ទោះបីជាពូមានយោបល់យ៉ាងនេះក៏ពូគិតថាវាមិនត្រូវទាំងស្រុងនោះដែរ ពូសូមណែនាំក្មួយគួរតែសិក្សាបន្ថែមថា តើវាដូចជាពាក្យពន្យល់របស់ពូដែរឬទេ? ប្រសិនដូចជាពាក្យពូមែនក្មួយគួរតែពង្រឹងស្មារតីចាកចោលគេដោយយល់ថា គេកំពុងតែយកចំណេញលើក្មួយដែលមានតែចិត្ដទៀងត្រង់ និងមានស្វាមីភក្ដិចំពោះសង្សារនោះហើយ។ ពូជឿថា នៅពេលដែលក្មួយភ្ញាក់ខ្លួននោះ ក្មួយអាចនឹងមានអនាគតល្អជាងនេះ ក្មួយអាចនឹងជួបនឹងមនុស្សដែលទៀងត្រង់និងមានស្វាមីភក្ដិចំពោះក្មួយជាក់ជាមិនខាន ៕
