
ព្រឹត្តិការណ៍សំខាន់ៗរបស់ជាតិ
ដោយ ៖ នគរវត្ត ថ្ងៃទី 13 តុលា 2011ម៉ោង 16:01:56
ស្ថានភាពនៃទំនាក់ទំនងរវាងប្រទេសកម្ពុជានិងប្រទេសថៃបានប្រែប្រួល១៨០អង្សា បន្ទាប់ពីគណបក្សភឿថៃ ឈ្នះឆ្នោត ហើយបានជ្រើសតាំងលោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត្រ ធ្វើជានាយករដ្ឋមន្ដ្រីស្រីជាលើកដំបូង ។ ទំនាក់ទំនងរវាងកម្ពុជានិងថៃ បានប្រែពីសង្គ្រាមបង្ហូរឈាមដោយប្រដាប់អាវុធ និងពាក្យសម្ដីយ៉ាងជូរចត់មកជាមានទំនាក់ទំនងការទូតយ៉ាងផ្អែមល្ហែម និងមានផលប្រយោជន៍សេដ្ឋកិច្ចឱ្យគ្នាទៅវិញទៅមក ។
- ដំណើរទស្សនកិច្ចរបស់លោកជំទាវយីងឡាក់នៅកម្ពុជា
លោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ដ្រីថៃបានមក បំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៧ម៉ោងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១១ ។ ដំណើរទស្សនកិច្ចនេះថ្វីដ្បិតជារឿងធម្មតាពេលដែលនាយករដ្ឋមន្ដ្រីថ្មីឡើងកាន់អំណាចត្រូវតែធ្វើទស្សនកិច្ចដើម្បីបង្ហាញខ្លួនក៏ពិតមែន តែចំពោះទស្សនកិច្ចលោកជំទាវ យីងឡាក់ គឺជារឿងហួសពីនេះទៅទៀត នោះគឺការធ្វើឱ្យជម្លោះនៃប្រទេស២ឈានមកចាប់ដៃគ្នាឡើងវិញ ។ ក្នុងដំណើរទស្សនកិច្ចយ៉ាងខ្លីនេះ លោកជំទាវ ត្រូវបានស្វាគមន៍ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានពិភាក្សាបញ្ហាសំខាន់មួយចំនួនដែលរួមមានបញ្ហាបង្កើនទំនាក់ទំនងការទូតរវាងគ្នានឹងគ្នាសម្រួលច្រកចេញចូល បើកបន្ថែមច្រកព្រំដែនរកគន្លឹះស្រាយបញ្ហា តំបន់ព្រះវិហារ និងតំបន់ប្រេងកាត និឧស្ម័ននៅតំបន់ត្រួតស៊ីគ្នា ។ លោកជំទាវបានអញ្ជើញចូលគាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរមុននឹងចាកចេញពីព្រះរាជាណាចក្រកម្ពុជា ។
- ដំណើរទស្សនកិច្ចរបស់អតីតនាយករដ្ឋមន្ដ្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រ
រំលងអធ្រាត្រថ្ងៃទី១៦ ចូលថ្ងៃទី១៧ ខែកញ្ញា លោកថាក់ស៊ីន ដែលជាបងបង្កើតរបស់ជំទាវយីងឡាក់ បានអញ្ជើញមកដល់កម្ពុជា ។ ដំណើរទស្សនកិច្ចលោកថាក់ស៊ីននេះ គឺក្រោយមួយថ្ងៃពីដំណើរ ទស្សនកិច្ចរបស់ប្អូនស្រីពៅរបស់លោក ។ លោកថាក់ស៊ីន ត្រូវបានស្វាគមន៍ដោយការឱបរឹតគ្នាទៅវិញទៅមក។ ការមកទស្សនកិច្ចនេះ គឺជាការឆ្លើយតបទៅតាមការអញ្ជើញពីលោក ហ៊ូស៊ី ឌីវេណេហ្យាផូទី ប្រធានអង្គការគណបក្សប្រជាធិបតេយ្យនិយម កណ្ដាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកហៅកាត់ថា (ខាឌី) និងតាមការអញ្ជើញរាជបណ្ឌិតសភាកម្ពុជា ។ លោកបានថ្លែងសង្កថា នៅវេទិកានៃកិច្ចប្រជុំរបស់អង្គការ (ខាឌី) លើប្រធានបទ “បញ្ហាប្រឈមនិងក្ដីសង្ឃឹម” និងថ្លែងសង្កថា ពាក់ព័ន្ធទៅនឹងបញ្ហាសេដ្ឋកិច្ច ។ លោកក៏បានផ្ដល់បាឋកថាដល់មន្ដ្រីជាន់ខ្ពស់ និងអ្នកសេដ្ឋកិច្ចកម្ពុជា នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ ។
- ដំណើរមកដល់របស់គណៈប្រតិភូក្រុមមេដឹកនាំអាវក្រហម
យប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១១ គណៈប្រតិភូមេដឹកនាំក្រុមអាវក្រហម ប្រទេសថៃ បានអញ្ជើញមកដល់កម្ពុជាក្នុងដំណើរទស្សនកិច្ចក្រៅផ្លូវការ ។ គណៈប្រតិភូថៃនេះដឹកនាំដោយលោក ចតុផន ព្រុំផាន សមាជិករដ្ឋសភា, លោកណាត់ថាវុធ សាយគឿ សមាជិករដ្ឋសភា, អ្នកគ្រូធីតាថាវ សេត ប្រធាន HDD ក្រុម អាវក្រហម, លោកកកែវ ធីគុណថង សមាជិករដ្ឋសភា និងលោក អារីព្រៃណារ៉ា លេខាធិការក្រសួងមហាផ្ទៃ ។ គណៈប្រតិភូអាវក្រហមមកពេលនេះ គឺដើម្បីជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកម្ពុជា ទំនាក់ទំនង នឹងបញ្ហារៀបចំការប្រកួតបាល់ទាត់ជាមិត្ដភាពរវាងកម្ពុជា និងមេដឹកនាំក្រុមអាវក្រហមនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីស្ដារទំនាក់ទំនងមិត្ដភាពរវាងប្រទេសទាំង២ ឱ្យមានភាពប្រសើរឡើងវិញ ។ គណៈប្រតិភូក៏បានអញ្ជើញចូលសំដែងការគួរសមជាមួយនឹងលោក ងួន ញិល អនុប្រធានទី១ នៃសភាកម្ពុជាផងដែរ ។
- កិច្ចប្រជុំអន្ដរសភាអាស៊ាន AIPA នៅកម្ពុជា
មហាសន្និបាតអន្ដរសភាអាស៊ាន ហៅកាត់ថា AIPA លើកទី៣២ បានចាប់ផ្ដើមនៅទីក្រុងភ្នំពេញ នាព្រឹកថ្ងៃច័ន្ទទី១៩ កញ្ញា ដោយផ្ដោតលើកិច្ចប្រជុំសមាជិកសភាស្ដ្រីអាយប៉ាដែលមានសមាជិក១០ប្រទេស ចូលរួម ៕
