
បុណ្យចេញព្រះវស្សាជានិច្ចឧទ្ទិសដល់ព្រះចង្គោមកែវនៅឋានព្រះជុងនាគ
ខេត្តស្ទឹងត្រែង៖ ទិដ្ឋភាពថ្ងៃចេញព្រះវស្សា នៅវត្តពោធិញាណហៅវត្ត(ព្រះអង្គធំ) វត្ត ស្រះកែវមន្នីវណ្ណហៅ (វត្តលើ) វត្តខត្តយារាមហៅវត្ត(កណ្តាល) ក៏ដូចជានៅតាមបណ្តាវត្តនានាក្នុងថ្ងៃទី ១៥កើត ខែអស្សុជត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១១ ។
បុណ្យចេញព្រះវស្សានេះ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករនាំគ្នាសស្រាក់សស្រាំ ចូល រួមក្នុងពិធីបុណ្យចេញព្រះវស្សានេះ ដោយប្រកាន់ខ្ជាប់នូវសីលធម៌ល្អ និង បួងសួងសុំនូវសេចក្តីសុខ សប្បាយតទៅថ្ងៃមុខក៏ដូចជាការបង្ហាញឲ្យឃើញពីភាពរីកចម្រើន លើវិស័យព្រះពុទ្ធសាសនាក្នុងរយៈ កាលជាង៣ទសវត្សកន្លងទៅ ។
កញ្ញាគឹម ឡុង រស់នៅក្នុងក្រុងស្ទឹងត្រែងនិយាយទាំងទឹកមុខស្រស់ស្រាយខណៈកំពុងអង្គុយលក់ គ្រឿងសម្ភារៈផលិតឡើងអំពីស្នោមានរាងជាកូនទូកនិងរូបរាងផ្សេងៗទៀត បំពាក់ដោយទាន ធូប ក្រដាស់ប្រាក់ សំរាប់ធ្វើជាគ្រឿងបូជាលក់ឲ្យប្រជាពុទ្ធបរិស័ទទិញសម្រាប់យកទៅបណ្តែតប្រទីប បញ្ចេញពន្លឺ ភ្លឺព្រោងព្រាតក៏លក់ដាច់ ខ្លាំងណាស់ដែរ
អ៊ំប្រុសម្នាក់បានប្រាប់ឲ្យដឹងថា ការរៀបចំឲ្យមានបែបនេះគឺជាការគោរពទៅតាមជំនឿព្រះពុទ សាសនា ដែលខ្មែរយើងធ្លាប់បានធ្វើតរៀងមក ហើយឲ្យតែដល់ពេលបុណ្យចេញវស្សាខ្មែរយើងតែងតែ រៀបចំ ធ្វើពិធីលយប្រទីប នៅក្រោយពេលបញ្ចប់បុណ្យភ្ជុំបិណ្ឌ។ដូនតាយើងបានរៀបចំធ្វើពិធី នេះឡើង ដើម្បីបញ្ជូនឬជូនដំណើរដូនតាញាតិការទាំង៧សណ្តាន ដែលបានស្លាប់បាត់បង់ជីវិតទៅហើយបាន មកទទួលភោគផលដែលកូនចៅយកមកប្រគេនព្រះសង្ឃដើម្បីឧទ្ទិសទៅឲ្យហើយនោះ ក៏ត្រូវកូនចៅ បន្តរៀបចំឲ្យមានគ្រឿងសម្ភារៈនិងភត្តាហារជូនទៅទីឋានផ្សេងៗគ្នាវិញ ។
អ៊ំប្រុសបានបន្តថា ការដែលពុទ្ធបរិស័ទទិញគ្រឿងសម្ភារៈមានដូចជា ទូកតូចៗ នេះពីព្រោះនៅ តាមបណ្តាវត្ត ព្រះសង្ឃបានរៀបចំធ្វើទូកនិងកន្ទោងតូចៗដាក់បញ្ជូន ហើយឧទ្ទិសទៅដល់អ្នកដែលបាន ចែកឋានទៅមានចំនួនច្រើន ដូចនេះការដែលជីដូនជីតា ប្រែតជិត ប្រែតឆ្ងាយវិលត្រឡប់ទៅវិញឲ្យអស់ ក៏ពុទ្ធបរិស័ទយើងទិញគ្រឿងសម្ភារៈដាក់បញ្ជូនឲ្យជិះដាច់ដោយឡែកពីគ្នា ដើម្បីងាយស្រួលក្នុងការធ្វើ ដំណើរ។
ព្រះតេជគុណហ៊ឹម ចាន់ ព្រះចៅអធិការវត្តមានថេរដីកាថា ការដែលយើងចងគ្រឿងសក្ការៈថ្ងៃ ចេញព្រះវស្សានេះ គឺជាទំនៀមទម្លាប់ខ្មែរយើងបានរៀបចំធ្វើតាំងពីបុរាណកាលមក ជាដំបូងយើង អាចកំណត់បានថា យើងវរណាភិក្ខុសង្ឃចេញព្រះវស្សាដែលមានការរៀបចំ ទេសនា ទសជាតិ មហាជាតិ និយាយពីកំណើតទាំង១៣ ឬ ក៏និយាយពីជាតិទាំង១៣របស់ព្រះអង្គនេះជាចំណុចទី១ ហើយ ទី២យើងរៀបចំបណ្តែតប្រទីបជ្វាលា មានការអុជធូបទាន ការដាក់គ្រឿងសក្ការៈបូជា និង អុជ កាំជ្រួចជាដើម គឺយើងធ្វើដើម្បីឧទ្ទិសដល់ព្រះចង្គូមកែវ ដែលស្ថាននៅឋានត្រៃត្រិង្ស ។
ព្រះចៅអធិការវត្តព្រះអង្គធំមានថេរដីការទៀតថា បើយើងនិយាយពីការចូលព្រះវស្សា និង ចេញព្រះវស្សាវិញ ពីសម័យពុទ្ធកាលឬពីសម័យយានកាលមកនោះ ខ្មែរយើងបានប្រារពធ្វើរយៈ ពេល៣ខែដែលយើងនិយមថា ពិធីបុណ្យចូលព្រះវស្សារួមនឹងមានការកាន់បិណ្ឌ ដាក់បិណ្ឌរួមនឹងថ្ងៃ ភ្ជុំបិណ្ឌមានរយៈពេល៣ខែ ដែលបច្ចុប្បន្នកាលនេះការផ្គត់ផ្គង់បច្ច័យ៤ គង់ចាំព្រះវស្សាអស់រយៈ ពេល៣ខែរបស់ព្រះសង្ឃ តែដោយសារតែការមើលឃើញការមមាញឹករបស់ពុទ្ធបរិស័ទក្នុងការប្រកប របររកស៊ី ធ្វើការងារនោះទើបយើងមកធ្វើបច្ចុប្បន្ននេះបានតែរយៈពេល១៥ថ្ងៃ ហៅថារដូវភ្ជុំបិណ្ឌយើងនេះគឺតែង ធ្វើឡើងចាប់ពីថ្ងៃទី១រោច ខែភទ្របទ ដល់ថ្ងៃទី១៥រោច ខែភទ្របទជារៀងរាល់ឆ្នាំ ដែលយើងនិ យាយបានថា តំណរក្រោយមកគេបង្រួញមកនៅត្រឹម១៥ថ្ងៃបើពីសម័យបុរាណនោះគឺធ្វើរយៈពេល៣ខែឯណោះ គឺជាការផ្គត់ផ្គង់បច្ច័យ៤ដល់ប្រះសង្ឃដែលគង់ចាំអស់ត្រីមាស ហើយរហូតដល់ថ្ងៃចេញព្រះវស្សានេះ ទើបដូនតាយើងធ្វើពិធីបណ្តែតប្រទីប ធ្វើដូចជាទូក ធ្វើពីដើមចេកឬស្នោ និងវត្ថុផ្សេងៗ ទៀតដាក់នូវគ្រឿងបូជាជាច្រើន បញ្ជូនទៅតាមទឹកដែលយើងកំណត់ថា ជាការជូនដំណើរដូនតាដែល មកទទួលភោគផលនោះ បានទៅកាន់ទីស្ថានវិញឲ្យបានសុខសប្បាយ ហើយងាកក្រោយឲ្យពរកូនចៅឲ្យ មានសេរីសួរស្តី ៕
