
ខ្សឹបដាក់ត្រចៀក ៖ នាយខណ្ឌរដ្ឋបាលជលផលភ្នំពេញជំរិតយកលុយពីអ្នករកស៊ីស្របច្បាប់
អ្នករកស៊ីបោះទីតាំងឡូត៍ដាយតាមដងទន្លេសាប ស្ថិតក្នុងរាជធានីភ្នំពេញ ខឹងសម្បារយ៉ាងខ្លាំងចំពោះលោកងិន ឌី នាយខណ្ឌរដ្ឋបាលជលផលភ្នំពេញ និង បក្ខពួក ដោយសារតែជំរិតទារលុយពីពួកគាត់ក្នុងទីតាំងនីមួយៗ ប្រមាណជា៧៥ ម៉ឺនរៀលជាកំហិត ដោយបូកបញ្ចូលនឹងការចេញលិខិតអនុញ្ញតឱ្យដាក់ទីតាំង ។
អ្នករកស៊ីទីតាំងឡូត៍ដាយបានខ្សឹបឱ្យដឹងថា ទីតាំងឡូត៍របស់ពួកគាត់មានច្បាប់ អនុញ្ញាតត្រឹមត្រូវក្នុងការធ្វើអាជីវកម្មឡូត៍នេសាទតាមដងទន្លេ ដោយដេញថ្លៃ ត្រឹមត្រូវតាមការកំណត់របស់ក្រសួងកសិកម្ម និងរដ្ឋបាលជលផលដោយឡូត៍ខ្លះ មានតម្លៃ២០លានរៀល ហើយឡូត៍ខ្លះទៀតរហូតដល់៨០លានរៀល ទៅតាមទីតាំង គន្លងលេខ១ លេខ២ និងលេខ៣ ។ ប៉ុន្ដែបន្ទាប់ពីឈ្នះការដេញថ្លៃ អ្នករកស៊ីទាំងអស់ ក៏បានចុះមកទីតាំងឡូត៍ដាយរបស់ខ្លួន ដើម្បីនេសាទត្រីក្នុងរដូវបើកនេសាទ តែ បែរជាលោកងិន ឌី នាយខណ្ឌរដ្ឋបាលជលភ្នំពេញ និងបក្ខពួក២-៣នាក់ទៀត គ្រាន់ តែចុះមកកំណត់ទីតាំងឱ្យសោះ ជំរិតទារលុយពីពួកគាត់ក្នុងមួយឡូត៍៦៥ម៉ឺនរៀល ហើយចេញលិខិតអនុញ្ញាតទារលុយថែម១០ម៉ឺនរៀលទៀត សរុប៧៥ម៉ឺនរៀល។
ការខឹងសម្បារចំពោះមេខណ្ឌជលផលដែលគាបយកលុយត្រង់ៗនេះមិនមែន ត្រឹមតែកើតចេញពីម្ចាស់ទីតាំងឡូត៍ដាយតែ២-៣នាក់នោះឡើយ គឺម្ចាស់ទីតាំង ទាំងអស់ មានចំនួន២១ឡូត៍ បានខឹងសម្បារគ្រប់ៗគ្នា តែម្នាក់ៗពុំហ៊ានចេញមុខ តវ៉ាជាចំហនោះទេ ដោយទ្រាំមិនបានពួកគាត់ក៏លួចខ្សឹបឱ្យជួយផ្សាយពីទង្វើមិន ប្រក្រតីរបស់លោកនាយខណ្ឌរដ្ឋបាលជលផលរាជធានីនេះផង ដើម្បីឱ្យលោករដ្ឋ មន្ដ្រីក្រសួងកសិកម្ម និងលោកប្រធានរដ្ឋបាលជលផលបានជ្រាប ។
ក្រុមអ្នករកស៊ីបានខ្សឹបឱ្យដឹងថា កាលពីឆ្នាំកន្លងទៅ មុនពេលសម្ដេចនាយក រដ្ឋមន្ដ្រីពុំទាន់មានវិធានការបង្ក្រាបឡូត៍នេសាទនៅបឹងទន្លេសាបនោះ ម្ចាស់ទីតាំង ឡូត៍ដាយទាំងអស់បានដេញថ្លៃក្នុងតម្លៃទាបៗ ព្រោះពុំសូវមានត្រី ហើយពេលនោះ ក៏ត្រូវលោកងិន ឌី បង្គាប់ឱ្យបង់លុយក្នុងឡូត៍ដាយមួយគន្លង៣០ម៉ឺនរៀល តែឥឡូវ នេះដល់ពេលអនុវត្ដន៍វិធានការតឹងរ៉ឹងចំពោះឡូត៍នេសាទមួយចំនួនបានធ្វើឱ្យលោក ងិន ឌី គាបយកលុយពីម្ចាស់ឡូត៍ដាយនីមួយៗ១គុណជា២ ។ អ្វីដែលធ្វើឱ្យក្រុមអ្នក រកស៊ីដាក់ដាយតាមគន្លងនីមួយៗឆ្ងល់នោះ គឺថាពេលចុះទៅយកលុយត្រូវបាន លោកងិន ឌី និងបក្ខពួកតែងតែយកឈ្មោះមន្ដ្រីក្រសួងផ្សេងមកលាយឡំជាមួយ អំពើពុករលួយរបស់ខ្លួន ។
ក្រុមអ្នករកស៊ីបានលើកជាចម្ងល់ថា តើលុយដែលលោកងិន ឌី យកពីម្ចាស់ ទីតាំងដាយទាំងនោះជាគោលការណ៍របស់ថ្នាក់លើ ឬជាអំពើត្រីងៀតឆ្លៀតពង ? ៕
