ខ្សឹប​ដាក់​ត្រចៀក​ ៖​ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ភ្នំពេញ​ជំរិត​យក​លុយ​ពី​អ្នក​រកស៊ី​ស្របច្បាប់​

ដោយ​ ៖ សណ្ដោស ថ្ងៃទី 01 វិច្ឆកា 2011ម៉ោង 13:41:30

អ្នក​រកស៊ី​បោះទីតាំង​ឡូត៍​ដាយ​តាម​ដង​ទន្លេសាប​ ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ​ ខឹងសម្បារ​យ៉ាង​ខ្លាំង​ចំពោះ​លោក​ងិ​ន​ ឌី​ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ភ្នំពេញ​ និង​ បក្ខពួក​ ដោយសារ​តែ​ជំរិត​ទារ​លុយ​ពី​ពួក​គាត់​ក្នុង​ទីតាំង​នីមួយៗ​ ប្រមាណ​ជា​៧៥​ ម៉ឺន​រៀល​ជា​កំហិត​ ដោយ​បូក​បញ្ចូល​នឹង​ការ​ចេញ​លិខិត​អនុ​ញ្ញ​ត​ឱ្យ​ដាក់​ទីតាំង​ ។​

អ្នក​រកស៊ី​ទីតាំង​ឡូត៍​ដាយ​បាន​ខ្សឹប​ឱ្យ​ដឹង​ថា​ ទីតាំង​ឡូត៍​របស់​ពួក​គាត់​មានច្បាប់​ អនុញ្ញាត​ត្រឹមត្រូវ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ឡូត៍​នេសាទ​តាម​ដង​ទន្លេ​ ដោយ​ដេញថ្លៃ​ ត្រឹមត្រូវ​តាម​ការ​កំណត់​របស់​ក្រសួងកសិកម្ម​ និង​រដ្ឋបាល​ជលផល​ដោយ​ឡូត៍​ខ្លះ​ មាន​តម្លៃ​២០​លាន​រៀល​ ហើយ​ឡូត៍​ខ្លះ​ទៀត​រហូត​ដល់​៨០​លាន​រៀល​ ទៅ​តាម​ទីតាំង​ គន្លង​លេខ​១​ លេខ​២​ និង​លេខ​៣​ ។​ ប៉ុន្ដែ​បន្ទាប់​ពី​ឈ្នះ​ការ​ដេញថ្លៃ​ អ្នក​រកស៊ី​ទាំងអស់​ ក៏​បាន​ចុះ​មក​ទីតាំង​ឡូត៍​ដាយ​របស់​ខ្លួន​ ដើម្បី​នេសាទ​ត្រី​ក្នុង​រដូវ​បើក​នេសាទ​ តែ​ បែរជា​លោក​ងិ​ន​ ឌី​ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ភ្នំពេញ​ និង​បក្ខពួក​២-៣​នាក់​ទៀត​ គ្រាន់​ តែ​ចុះ​មក​កំណត់​ទីតាំង​ឱ្យ​សោះ​ ជំរិត​ទារ​លុយ​ពី​ពួក​គាត់​ក្នុង​មួយ​ឡូត៍​៦៥​ម៉ឺន​រៀល​ ហើយ​ចេញ​លិខិតអនុញ្ញាត​ទារ​លុយ​ថែម​១០​ម៉ឺន​រៀល​ទៀត​ សរុប​៧៥​ម៉ឺន​រៀល​។​

ការ​ខឹងសម្បារ​ចំពោះ​មេ​ខណ្ឌ​ជលផល​ដែល​គាប​យក​លុយ​ត្រង់ៗ​នេះ​មិនមែន​ ត្រឹមតែ​កើត​ចេញពី​ម្ចាស់​ទីតាំង​ឡូត៍​ដាយ​តែ​២-៣​នាក់​នោះ​ឡើយ​ គឺ​ម្ចាស់​ទីតាំង​ ទាំងអស់​ មាន​ចំនួន​២១​ឡូត៍​ បាន​ខឹងសម្បារ​គ្រប់ៗ​គ្នា​ តែ​ម្នាក់ៗ​ពុំ​ហ៊ាន​ចេញ​មុខ​ តវ៉ា​ជា​ចំហ​នោះ​ទេ​ ដោយ​ទ្រាំ​មិន​បាន​ពួក​គាត់​ក៏​លួច​ខ្សឹប​ឱ្យ​ជួយ​ផ្សាយ​ពី​ទ​ង្វើ​មិន​ ប្រក្រតី​របស់​លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​រាជធានី​នេះ​ផង​ ដើម្បី​ឱ្យ​លោក​រដ្ឋ​ មន្ដ្រី​ក្រសួងកសិកម្ម​ និង​លោក​ប្រធាន​រដ្ឋបាល​ជលផល​បាន​ជ្រាប​ ។​

ក្រុម​អ្នក​រកស៊ី​បាន​ខ្សឹប​ឱ្យ​ដឹង​ថា​ កាលពី​ឆ្នាំ​កន្លង​ទៅ​ មុន​ពេល​សម្ដេច​នាយក​ រដ្ឋមន្ដ្រី​ពុំ​ទាន់​មាន​វិធានការ​បង្ក្រាប​ឡូត៍​នេសាទ​នៅ​បឹង​ទន្លេសាប​នោះ​ ម្ចាស់​ទីតាំង​ ឡូត៍​ដាយ​ទាំងអស់​បាន​ដេញថ្លៃ​ក្នុង​តម្លៃ​ទាបៗ​ ព្រោះ​ពុំ​សូវ​មាន​ត្រី​ ហើយ​ពេល​នោះ​ ក៏​ត្រូវ​លោក​ងិ​ន​ ឌី​ បង្គាប់​ឱ្យ​បង់លុយ​ក្នុង​ឡូត៍​ដាយ​មួយ​គន្លង​៣០​ម៉ឺន​រៀល​ តែ​ឥឡូវ​ នេះ​ដល់​ពេល​អនុវត្ដន៍​វិធានការ​តឹងរ៉ឹង​ចំពោះ​ឡូត៍​នេសាទ​មួយ​ចំនួន​បាន​ធ្វើ​ឱ្យ​លោក​ ងិ​ន​ ឌី​ គាប​យក​លុយ​ពី​ម្ចាស់​ឡូត៍​ដាយ​នីមួយៗ​១​គុណ​ជា​២​ ។​ អ្វី​ដែល​ធ្វើ​ឱ្យ​ក្រុម​អ្នក​ រកស៊ី​ដាក់​ដាយ​តាម​គន្លង​នីមួយៗ​ឆ្ងល់​នោះ​ គឺថា​ពេល​ចុះ​ទៅ​យក​លុយ​ត្រូវ​បាន​ លោក​ងិ​ន​ ឌី​ និង​បក្ខពួក​តែងតែ​យកឈ្មោះ​មន្ដ្រី​ក្រសួង​ផ្សេង​មក​លាយឡំ​ជាមួយ​ អំពើ​ពុក​រលួយ​របស់​ខ្លួន​  ។​

ក្រុម​អ្នក​រកស៊ី​បាន​លើក​ជា​ច​ម្ង​ល់​ថា​ តើ​លុយ​ដែល​លោក​ងិ​ន​ ឌី​ យក​ពី​ម្ចាស់​ ទីតាំង​ដាយ​ទាំងនោះ​ជា​គោលការណ៍​របស់​ថ្នាក់លើ​ ឬ​ជា​អំពើ​ត្រីងៀត​ឆ្លៀត​ពង​ ?​ ៕