ខ្សឹប​ដាក់​ត្រចៀក​ ៖​ តាត​ សុ​ជាតិ​ អាង​ជាទី​ប្រឹក្សា​បន្ដ​រកស៊ី​ដឹកឈើ​

ដោយ​ ៖ សហការី​|ថ្ងៃទី 22 វិច្ឆកា 2011 ម៉ោង 11:09:25

​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ សមត្ថកិច្ច​ចុះ​រឹបអូស​ឈើ​គ្រញូង​នៅ​ក្នុង​លំនៅ​ឋាន​របស់​ ឈ្មោះ​តាត​ សុ​ជាតិ​ ដែល​ជាទី​ប្រឹក្សា​មន្ដ្រីជាន់ខ្ពស់​ ។​ របរ​រកស៊ី​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ ដល់​កិត្ដិយស​ថ្នាក់ដឹកនាំ​នេះ​មិន​ត្រូវ​បាន​បុរស​ឈ្មោះ​តាត​ សុ​ជាតិ​ លះបង់​នោះ​ទេ​។​ គេ​រាយការណ៍​ថា​ លោក​តាត​ សុ​ជាតិ​ នៅ​តែ​បន្ដ​រកស៊ី​នាំ​ឈើ​ប្រណី​តទៅ​បរទេស​ តាម​រយៈ​រថយន្ដ​កូរ៉េ​ ដែល​បិទ​ឃ្លុប​ជិត​ដូច​រថយន្ដ​ដឹក​ទឹកកក​អនាម័យ​ ។​

នៅ​ភ្នំពេញ​កាល​ដើម​ឡើយ​ លោក​តាត​ សុ​ជាតិ​ មាន​ទីកន្លែង​លាក់​ឈើ​ជា​ច្រើន​ ទីតាំង​ ដូច​ជា​នៅ​ម្ដុំ​បឹង​សាឡា​ង​ និង​នៅ​ជិត​ផ្ទះ​របស់​គាត់​ ដែល​សមត្ថកិច្ច​ចូល​ទៅ​ រឹបអូស​កាលពី​សបា្ដហ៍​មុន​ ។​ ឥឡូវនេះ​ទៀត​ គាត់​នៅ​តែ​បន្ដ​រកស៊ី​ ដែល​ធ្វើ​ឱ្យ​ប៉ះ​ ពាល់​ដល់​កិត្ដិយស​ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ថ្នាក់ដឹកនាំ​ ដែល​បាន​យក​លោក​តាត​ សុ​ជាតិ​ ធ្វើ​ជាទី​ប្រឹក្សា​ ។​ ប្រភព​ខ្សឹប​ថា​ នៅ​ជិតៗ​ផ្ទះ​របស់​លោក​តាត​ សុ​ជាតិ​ និង​ វិហារ​សាសនា​មួយ​ជា​កន្លែង​លាក់​ឈើ​របស់​លោក​តាត​ សុ​ជាតិ​ ។​

បើ​តាម​សេចក្ដីរាយការណ៍​បានឱ្យ​ដឹង​ថា​ រថយន្ដ​ដឹកឈើ​ជា​ប្រភេទ​រថយន្ដ​១​ តោន​កន្លះ​ បិទ​ឃ្លុប​ជិត​ដូច​រថយន្ដ​ដឹក​ទឹកកក​ ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​វៀតណាម​ ដែល​ពង្វាង​សមត្ថកិច្ច​តាម​ផ្លូវជាតិ​លេខ​៨​ ឬ​តាម​ផ្លូវជាតិ​លេខ​២១​ និង​ផ្លូវជាតិ​ លេខ​១​ផង​ដែរ​ ។​ ប៉ុន្ដែ​អ្វី​ដែល​ជា​រឿង​សំខាន់​នោះ​ គឺ​ការ​ដែល​លោក​តាត​ សុ​ជាតិ​ យក​តួនាទី​ជាទី​ប្រឹក្សា​រកស៊ី​ដឹកឈើ​ មិន​ព្រម​រាងចាល​...៕