ខ្សឹប​ដាក់​ត្រចៀក​ ៖​ ឡៅ​ តុង​ហាន​ លោត​ឆត្រ​ដឹក​គ្រឿងសំណង់​ពី​វៀតណាម​តាម​ច្រក​ជ្រៃ​ធំ​

ដោយ​ ៖ សហការី​ ថ្ងៃទី 02 ធ្នូ 2011ម៉ោង 10:06:25

សម្រាប់​ច្រក​ទ្វេរ​ភាគី​ជ្រៃ​ធំ​ លោក​ឡៅ​ តុង​ហាន​ គឺជា​ អ្នក​ដែល​ដឹក​ជញ្ជូន​គ្រឿងសំណង់​មក​ពី​ប្រទេស​វៀតណាម​ដ៏​ធំ​ជាងគេ​ ហើយ​បង់ពន្ធ​មិន​គ្រប់​តាម​រយៈ​ការ​ឃុបឃិត​ជាមួយ​មន្ដ្រី​គយ​ រួម​ទាំង​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន​ទៀត​ ។​

លោក​ផ្កាយ​២​ ឡៅ​ តុង​ហាន​ ដឹក​គ្រឿងសំណង់​គ្រប់​ប្រភេទ​ពី​មុន​យក​មក​ស្ដុក​ ទុក​នៅ​ច្រក​ជ្រៃ​ធំ​ ប៉ុន្ដែ​ពេល​បច្ចុប្បន្ន​នេះ​ ដោយសារ​តែ​ទឹក​ជន់​លិច​ បាន​ដឹក​តាម​សា​ឡង់​យក​មក​ដាក់​នៅ​ភូមិ​-​ឃុំ​ទឹក​វិល​ ស្រុក​ស្អាង​ ខេត្ដ​ កណ្ដាល​ រួច​យក​ឡាន​ធំៗ​ដឹក​ជញ្ជូន​បន្ដ​យក​មក​ចែកចាយ​នៅ​ ក្នុង​ខេត្ដកណ្ដាល​ និង​រាជធានី​ភ្នំពេញ​ ។​

ប្រភព​ឱ្យ​ដឹង​ថា​ សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន​ ដែល​នៅ​ ច្រក​ទ្វេរ​ភាគី​ជ្រៃ​ធំ​ ត្រូវ​បាន​លោក​ផ្កាយ​២​ ឡៅ​ តុង​ហាន​ ចាត់ចែង​របប​ជា​ប្រចាំ​ ខែ​ ដូច្នេះ​លោក​ឡៅ​ តុង​ហាន​ មានឱកាស​ក្នុង​ការ​ដឹក​ទំនិញ​លោត​ឆត្រ​ ដែល​ក្នុង​១​ ខែៗ​ ចំណូល​ពន្ធ​ត្រូវ​បាន​បាត់បង់​ដោយសារ​តែ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​គ្រឿងសំណង់​នេះ​ ។​ កន្លង​ទៅ​នៅ​ពេល​ដែល​ឡៅ​ តុង​ហាន​ ដឹក​ជញ្ជូន​ គ្រឿងសំណង់​ ពាក់ព័ន្ធ​ទៅ​នឹង​ការ​បង់ពន្ធ​មិន​គ្រប់​ បែរជា​សមត្ថកិច្ច​ខ្លះ​ ដែល​ធ្លាប់​បាន​ប្រយោជន៍​ពី​ឡៅ​ តុង​ហាន​ បែរជា​បង្វែរ​ថា​ ការ​ដឹក​ជញ្ជូន​ខ្លះ​យក​ ទៅ​កសាង​នៅ​ក្នុង​អង្គភាព​ណាមួយ​ ដែល​សុំ​អនុគ្រោះ​ពន្ធ​ ប៉ុន្ដែ​ការ​ពិតជា​រូបភាព​ ដែល​ឈ្មួញ​ឡៅ​ តុង​ហាន​ ឃុបឃិត​ជាមួយ​មន្ដ្រី​គយ​តែ​ប៉ុណ្ណោះ​ ។​

ការ​ដឹក​ជញ្ជូន​គ្រឿងសំណង់​របស់​ឡៅ​ តុង​ហាន​ មិន​ត្រឹមតែ​សមត្ថកិច្ច​អះអាង​ ថា​បង់ពន្ធ​នាំ​ចូល​មិន​គ្រប់​ប៉ុណ្ណោះ​ទេ​ រថយន្ដ​ធំៗ​របស់​គាត់​ត្រូវ​បាន​ផ្ទុក​លើស​ទម្ងន់​ បំផ្លាញ​ផ្លូវជាតិ​ ដែល​រូបភាព​ទាំងនេះ​កំពុង​រង​នូវ​ ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​ ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន​ ប៉ុន្ដែ​លោក​ ឡៅ​ តុង​ហាន​ ដែល​មាន​តួនាទី​ធំ​ផង​នោះ​ មិន​ត្រូវ​បាន​នរណា​ប៉ះពាល់​ ឬ​ក៏​ទប់​ ស្កាត់​ទៅ​លើ​ការ​ដឹក​ជញ្ជូន​ផ្ទុក​លើស​ទម្ងន់​ ក៏​ដូច​ជា​ត្រួតពិនិត្យ​ក្នុង​ការ​ដឹក​ជញ្ជូន​ ជា​លក្ខណៈ​លោត​ឆត្រ​បង់ពន្ធ​មិន​គ្រប់​នេះ​ ។​

ប្រសិនបើ​សមត្ថកិច្ច​គយ​មាន​ចេតនា​លុប​បំបាត់​ការ​នាំ​ចូល​លោត​ឆត្រ​ របស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​គ្រឿងសំណង់​ឡៅ​ តុង​ហាន​ ដើម្បី​ប្រមូល​ ថវិកាជាតិ​នោះ​ ក្នុង​១​ខែៗ​មន្ដ្រី​គយ​នៅ​ច្រក​ទ្វេរ​ភាគី​ជ្រៃ​ធំ​អាច​នឹង​ដឹង​អំពី​តួលេខ​ ច្បាស់លាស់​ចំពោះ​ការ​ដឹក​ជញ្ជូន​របស់​ក្រុមហ៊ុន​នេះ​ ប៉ុន្ដែ​មន្ដ្រី​គយ​ក៏​ដូច​ជា​សមត្ថ​ កិច្ច​ជា​ច្រើន​ទៀត​ មិន​ចង់វាយ​បំបែក​ឆ្នាំងបាយ​របស់​ខ្លួន​ សុទ្ធតែ​ពាក់​ ព័ន្ធ​ទៅ​នឹង​ការ​ទទួល​លាភ​សក្ការ​ពី​ការ​ដឹក​ជញ្ជូន​របស់​ឡៅ​ តុង​ហាន​ ដែល​បាន​ បង់ពន្ធ​នាំ​ចូល​មិន​គ្រប់​នេះ​ ៕