គ្រូ​ប្រដាល់​រត់​ម៉ូតូឌុប​រក​ប្រាក់​ចិញ្ចឹម​សិស្ស​គុន​ ស្តារ​កេ​រិ៍្ត​ឈ្មោះ​ឪពុក​ឡើង​វិញ​

ដោយ​ ៖ ក.​ សុទ្ធំ|ថ្ងៃទី 05 ធ្នូ 2011 ម៉ោង 13:48:32

ម្ចាស់​ក្លឹ​ប​ប្រដាល់​ក្បាច់​បុរាណ​ខ្មែរ​មួយ​កន្លែង​ដែល​ខ្លួន​គាត់​ទើប​​នឹង​​បង្កើត​វា​ឡើង​ ក្រៅពី​បង្ហាត់​សិស្ស​​លោក​បាន​យក​ពេល​សេសសល់​ពី​​ការ​បង្ហាត់​​សិស្ស​ទៅ​ប្រកប​របរ​បន្ថែម​​ទៀត​គឺ​​រត់​ម៉ូតូឌុប​ដើម្បី​បង្គ្រប់​ជីវភាព​​ក្នុង​គ្រួសារ​​ដ៏​ធំ​មួយ​ដែល​មាន​គ្នា​ទាំង​​អស់​ជិត​២០​នាក់​។​     ​

​ដោយ​ស្ថិត​លើ​ក្បាលមាន​មួក​​និង​អាវ​មាន​ស្នាម​ទឹក​អំបិលសៗ​គូសវាស​ក្រវេមក្រវាម​នៅ​លើ​​ផង​ ក្រៅពី​នេះ​គេ​អាច​មើល​​ឃើញ​នូវ​តំណក់ញើស​ហូរ​កាត់​ជើងសក់​រហាម​ ឯភ្នែក​គាត់​ក្រឡេក​ក្រឡាប់​ម្ដង​ឆ្វេង​​ម្ដង​ស្ដាំ​ដូច​ពេល​ដែល​គាត់​កំពុង​បង្ហាត់​ដល់​សិស្ស​គុន​ យ៉ាង​ដូច្នោះ​ដែរ​។​ តាម​ពិត​លោក​មិន​ស្ថិត​​ក្នុង​ពេល​បង្ហាត់​ទេ​ គឺ​លោក​កំពុង​រំពៃ​រក​​ម៉ូយ​សោះ​។​ ទ​ង្វើ​របស់​គ្រូ​ម្នាក់​នេះ​ធ្វើ​ឱ្យ​គេ​នឹក​ ឃើញ​ទៅ​ដល់​ម្ចាស់​ក្លឹ​ប​ប្រដាល់​ធំៗ​នៅ​ភ្នំពេញ​ និង​ខេត្ដ​ខ្លះ​ដែល​ពុំ​បាន​ខ្វាយខ្វល់​បែប​នេះ​ទេ​ គឺ​ម្ចាស់​ក្លឹ​ប​ទាំងនោះ​អង្គុយ​រំភើយ​ពិភាក្សា​គ្នា​​នៅ​តាម​តៀម​កាហ្វេ​ សើច​ក្អាកក្អាយ​សប្បាយ​​ចិត្ដ​មិន​ភ័យ​ព្រួយ​ពី​ការ​មិន​មាន​ឧិ​កាស​ឱ្យ​សិស្ស​​ឡើង​ប្រកួត​ទេ​ តែ​សម្រាប់​លោកគ្រូ​ម្នាក់នេះ​គឺ​ព្រួយ​​ចង់បាន​សិស្ស​ឡើង​ប្រកួត​។​ កាលណា​បាន​​ប្រកួត​គឺ​បាន​កម្រៃ​ខ្លះ​សម្រាល​ក្លឹ​ប​មិន​ខាន​តែ​គ្មាន​ឱ​កាស​សោះ​ដោយ​គេ​យក​លេស​ថា​ ក្លឹ​ប​គេ​​កើត​រាប់​ឆ្នាំ​មក​ហើយ​។​

​មុ​ធី​ជា​អ្នក​ជិតខាង​​គ្រូ​ប្រដាល់​​រូប​នេះ​​បានឱ្យ​ដឹង​ថា​ វា​ស្ទើរតែ​រៀងរាល់ថ្ងៃ​​ដែល​លោកគ្រូ​ ឈិ​ន​ ខ្វាន់​ចៃ​ អង្គុយ​ចាំ​ចាប់​​ម៉ូយ​នៅ​ក្រោម​ស្ពាន​អាកាស​នេះ​ ហើយ​គួរ​ឱ្យ​​អាណិត​គាត់​ដែរ​ ដែល​គាត់​ជា​គ្រូ​ប្រដាល់​ម្នាក់​ បែរជា​ធ្លាក់ខ្លួន​មក​រត់​ម៉ូតូឌុប​ដូច​ពួក​គេ​​បែប​នេះ​។​

បុរស​ម្នាក់​ដែល​ពិពណ៌នា​ខាងលើ​ឈ្មោះ​ ឈិ​ន​ ខ្វាន់​ចៃ​ អាយុ​៦០​ឆ្នាំ​ មានស្រុក​កំណើត​​នៅ​ខេត្ដបាត់ដំបង​។​ លោក​ជា​អតីត​អ្នក​ប្រដាល់​​កាលពី​ឆ្នាំ​១៩៧០​បា្លយ​។​ លោក​ប្រកបរ​បរជា​​អ្នក​រត់​ឌុ​ប​បន្ថែម​ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ​ និង​ចិញ្ចឹម​ក្លឹ​ប​ដែល​ទើបនឹង​បង្កើត​។​

លោក​ម្ចាស់​ក្លឹ​ប​បាន​ពោល​ពាក្យ​ត្អូញត្អែរ​ថា​ បើ​មិន​ឆ្លៀតពេល​ខ្លះ​ទេ​គឺ​វា​ពិតជា​អ្នក​ក្នុង​គ្រួសារ​​គ្មាន​អ្វី​បរិភោគ​ទេ​ ព្រោះ​សិស្ស​គុន​ទាំងអស់​មិន​​ធ្វើ​អ្វី​ទេ​ ក្រៅពី​រង់ចាំ​ឡើង​លើ​សង្វៀន​ប្រកួត​​និង​មិនដឹង​ថា​វា​មាននៅ​ពេល​ណា​ផង​នោះ​។​

មូលហេតុ​ដែល​លោក​តស៊ូ​ទាំង​ត្រដាបត្រដួស​ខិតខំ​លះបង់​កម្លាំងកាយ​ចិត្ដ​និង​ពេលវេលា​ទាំង​លំបាក​ ដើម្បី​បង្កើត​បាន​ក្លឹ​ប​កីឡាប្រដាល់​ មួយ​មានឈ្មោះ​ថា​ “​ក្លឹ​ប​មកុដ​រាជសីហ៍​”​ មាន​​ទីតាំង​នៅ​ម្ដុំ​ក្បាលថ្នល់​ជិត​ស្ពាន​អាកាស​បែប​នេះ​ក៏​ព្រោះតែ​លោក​មាន​បំណង​ចង់​រក្សា​​កេរ្ដិ៍ឈ្មោះ​ឪពុក​ខ្លួន​ដែល​ធ្លាប់​មាន​ភាព​ល្បី​​​ល្បាញ​​គួរសម​កាលពី​អតីត​កាលនោះ​គឺ​ លោក​ ឈិ​ន​ ខ្វាន់​។​ ពិសេស​ខ្លួន​លោក​ដែល​​ជា​អ្នក​ងប់ងុល​និ​ងស្រឡាញ់​ចង់​លើក​ស្ទួយ​វិស័យ​​កីឡាប្រដាល់​ក្បាច់​បុរាណ​ខ្មែរ​ទៀត​ផង​នោះ​ ទើប​បានជា​លោក​ឯកភាព​នឹង​លោក​ គង់​ ចាន់​ ធី​ណា​ បង្កើត​ក្លឹ​ប​មួយ​នេះ​ឡើង​មាន​អាយុ​​៤​មក​ខែ​ហើយ និង​មាន​កីឡាករ​សរុប​ជាង​១០​នាក់​ ហើយ​ទីតាំង​ហ្វឹកហាត់​សព្វថ្ងៃ​គឺ​​ជួល​គេ​ក្នុង​​១​ខែ​៥០​ដុល្លារ​ ។​

​លោក​ ឈិ​ន​ ខ្វាន់​ចៃ​  បាន​ប្រាប់​​​ទៀត​ថា ​ខ្ញុំ​ស្រឡាញ់​កីឡាប្រដាល់​ណាស់​ ហើយ​ខ្ញុំ​មិន​បោះបង់​អាជីព​នេះ​ចោល​ទេ​ ព្រោះ​ខ្ញុំ​ចង់​រក្សា​កេ​រ្តិ៍​ឈ្នោះ​ឪពុក​ឱ្យ​ល្បី​ឡើង​​វិញ​។​ ខ្ញុំ​សុខចិត្ដ​រត់​ម៉ូតូឌុប​ដើម្បី​រក​ប្រាក់​ដោះ​ទ័ល​ និង​សន្សំ​ប្រាក់​កាស​ខ្លះ​សម្រាប់​ទិញ​ឧបករណ៍​ ហ្វឹកហាត់​នៅ​ក្នុង​ក្លឹ​ប​ ព្រោះ​សម្ភារៈ​ដែល​ហ្វឹក​​ហាត់​សព្វថ្ងៃ​មាន​តែ​បាវ​សាក់​១​ ដែល​យក​បាវ​​យើង​ធម្មតា​យក​មក​ដាក់​ដីខ្សាច់​ សម្រាប់​ដាក់​ឱ្យ​​សិស្ស​ហាត់រៀន​។​ ម្យ៉ាងវិញទៀត​ទីធ្លា​នេះ​ក៏​តូច​​ចង្អៀត​គ្រាន់តែ​ឈរ​ហាត់​៤​នាក់​ពេញ​អស់​ទៅ​​ហើយ​​។​

​គ្រូបង្វឹក​រូប​នេះ​បន្ដ​ទៀត​ថា ពេល​​ព្រឹក​ឆ្លៀត​រត់​ម៉ូតូឌុប​ ឯ​ពេល​រសៀល​ចាប់​​ពី​ម៉ោង​២​ទៅ​លោក​បង្ហាត់​សិស្ស​​រហូត​ដល់​​ម៉ោង​៦​ និង​៣០​នាទី​ល្ងាច​។​

​សព្វថ្ងៃ​ពិតជា​ជួប​ការ​លំបាក​បន្ដិច​មែន​ តែ​​លោក​សុខចិត្ដ​ស៊ូទ្រាំ​ដោយ​មិន​ត្អួ​ញ​ត្អែ​រ​ឡើយ​ ហើយ​ក៏​មាន​សប្បុរសជន​មួយ​ចំនួន​បាន​ ជួយ​ជា​ថវិកា​​និង​សម្ភារៈ​ផ្សេងៗ​ដែរ​ តែ​មិន​​គ្រប់គ្រាន់​ទេ​ ព្រោះ​មាន​សិស្ស​ខ្លះ​ស្នាក់​នៅ​ហូប​​ចុក​ជាមួយ​តែ​សិស្ស​ខ្លះ​គេ​ហូប​ចុក​​នៅផ្ទះ​របស់​​គេ​។​ លោក​មាន​បំណង​ស្វែងរក​ការ​ឧបត្ថម្ភ​​បន្ថែម​ទៀត​ដែរ​ ព្រោះ​ក្លឹ​បរប​ស់លោក​នៅ​​ថ្មីថ្មោង​ហើយ​មិន​ទាន់​មាន​កីឡាករ​ណា​ម្នាក់​បាន​​ឡើង​សង្វៀន​​ប្រកួត​រកបាន​ចំណូល​នៅឡើយ​​ទេ​។​ លោក​បាន​អះអាង​ថាៈ​ “​​ខ្ញុំ​មាន​កីឡាករ​សម្រាប់​ការ​ប្រកួត​គីឡូ​ធ្ងន់ៗ​ ហើយ​ខ្ញុំ​ធានា​​ថា​ ពួក​គេ​សុទ្ធតែ​វាយ​និង​មាន​ល្បិច​វាយ​បាន​​ល្អ​។​ គឺ​គេ​វាយ​អស់ពី​សមត្ថភាព​ បើ​ទោះជា​​គេ​ចាញ់​​ក៏​ចាញ់​ទាំង​ល្អមើល​ដែរ​ ”​ ។​
​    ​    ​    ​